The Cambodia Daily Khmer

លោក ហ៊ុន សែន ចេញ​ព្រះរាជក្រឹត្យ​លុប​ឈ្មោះ​ឧត្ដមសេនីយ៍ត្រី​ម្នាក់​ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ

លោក ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ពិធី​បំពាក់​ឋានន្តរសក្តិ​ថ្នាក់​នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស ៥ ជូន​លោក ទៀ បាញ់ និង​អ្នកស្រី ម៉ែន សំអន នៅ​វិមាន​សន្តិភាព នៅ​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៥។

ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ហ៊ុន សែន ចេញ​ព្រះរាជក្រឹត្យ​លុប​ឈ្មោះ​ឧត្ដមសេនីយ៍ត្រី ឈាវ មុន្និន ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ តាម​ការ​ស្នើសុំ​របស់​លោក ហ៊ុន ម៉ាណែត ដោយសារតែ​ការ​ប្រព្រឹត្ត​ខុសឆ្គង​វិន័យ​កងទ័ព។

យោង​តាម​ព្រះរាជក្រឹត្យ​ដែល​សារព័ត៌មាន The Cambodia Daily ទទួល​បាន​នៅ​យប់​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ​២០២៥ លោក ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​លុប​ឈ្មោះ​ឧត្ដមសេនីយ៍ត្រី ឈាវ មុន្និន អត្តលេខ ០៣៧៩៩២ ចេញពី​ក្របខ័ណ្ឌ​កងយោធពល​ខេមរភូមិន្ទ ដោយសារ​ការ​ប្រព្រឹត្ត​ខុសឆ្គង​វិន័យ​កងទ័ព។

ប្រភព​ដដែល​បាន​អះអាង​ថា ការ​សម្រេច​នេះ​បាន​ធ្វើឡើង​ដោយ​ផ្អែកលើ​សេចក្តី​ស្នើ​របស់​លោក ហ៊ុន ម៉ាណែត និង​ការ​ពិនិត្យ​របស់​ក្រុមប្រឹក្សា​វិន័យ​ក្រសួង​ការពារ​ជាតិ ដែល​បាន​រក​ឃើញ​ថា ឧត្ដមសេនីយ៍ត្រី ឈាវ មុន្និន បាន​ប្រព្រឹត្ត​អំពើ​មិន​សមរម្យ ប៉ះពាល់​ដល់​ស្ថាប័ន និង​កិត្តិយស​នៃ​កងទ័ព។

ប្រភព​ដដែល​បញ្ជាក់​ថា មូលហេតុ​នៃ​ការ​ដាក់​ចេញ​នៃ​ការ​លុប​ឈ្មោះ​ចេញពី​ក្របខ័ណ្ឌ ក៏​ដោយសារតែ​ឧត្ដមសេនីយ៍ត្រី ឈាវ មុន្និន បាន​បង្ហោះ​សម្ញែង​ទ្រព្យ និង​កាយវិការ​មិន​សមរម្យ​នៅ​លើ​បណ្ដាញ​សង្គម TikTok បាន​បង្ហោះ​វីដេអូ​ជាច្រើន​ប៉ះពាល់​ដល់​តួនាទី​ជា​នាយករង​នាយកដ្ឋាន​បច្ចេកទេស​កងទ័ព​ជើង​អាកាស។

កាលពី​ដើម​ខែ​មេសា ឆ្នាំ​២០២៥ បុគ្គល​ឈ្មោះ ឈាវ មុន្និន ដែល​មាន​គោរមងារ​ជា​ឧកញ៉ា និង​មាន​តួនាទី​ជា​នាយករង​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស​កងទ័ព​ជើង​អាកាស ក្រសួង​ការពារ​ជាតិ បាន​ថត​បង្ហោះ​វីដេអូ​រាំ​ច្រៀង​លើ​បណ្ដាញ​សង្គម TikTok ដោយ​បង្ហាញ​នូវ​រូបភាព និង​អាកប្បកិរិយា​មិន​សមរម្យ​ក្នុង​នាម​ជា​យោធិន។ ក្នុង​វីដេអូ​នោះ បុគ្គល​ឈ្មោះ ឈាវ មុន្និន ក៏​បាន​បង្ហាញ​ក្រដាស​ប្រាក់​ដុល្លារ​លើ​តុ​ការិយាល័យ​របស់​ខ្លួន​ក្នុង​ក្រសួង​ការពារ​ជាតិ ដ៏​ច្រើន​សន្ធឹកសន្ធាប់​ផង​ដែរ។

អ្នក​ឃ្លាំមើល​សង្គម ព្រមាន​ថា ការ​ប្រព្រឹត្ត​ខុស​វិន័យ​កម្លាំង​ប្រដាប់​អាវុធ​របស់​បុគ្គល​ឈ្មោះ ឈាវ មុន្និន ជា​សញ្ញា​បង្ហាញ​ឱ្យ​ឃើញ​ពី​កម្សោយ​របស់​កម្លាំង​ការពារ​ជាតិ​ខ្មែរ​ផង ការ​ប្រព្រឹត្ត​អំពើពុករលួយ​បក្ខពួក​និយម​ផង និង​បង្ហាញ​ឱ្យ​ឃើញ​ពី​កម្រិត​ទាប​នៃ​ការ​គ្រប់គ្រង​របស់​ស្ថាប័ន​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា​ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version