ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា លោក ហ៊ុន សែន ចេញព្រះរាជក្រឹត្យលុបឈ្មោះឧត្ដមសេនីយ៍ត្រី ឈាវ មុន្និន ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ តាមការស្នើសុំរបស់លោក ហ៊ុន ម៉ាណែត ដោយសារតែការប្រព្រឹត្តខុសឆ្គងវិន័យកងទ័ព។
យោងតាមព្រះរាជក្រឹត្យដែលសារព័ត៌មាន The Cambodia Daily ទទួលបាននៅយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ បានឲ្យដឹងថា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យលុបឈ្មោះឧត្ដមសេនីយ៍ត្រី ឈាវ មុន្និន អត្តលេខ ០៣៧៩៩២ ចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ដោយសារការប្រព្រឹត្តខុសឆ្គងវិន័យកងទ័ព។
ប្រភពដដែលបានអះអាងថា ការសម្រេចនេះបានធ្វើឡើងដោយផ្អែកលើសេចក្តីស្នើរបស់លោក ហ៊ុន ម៉ាណែត និងការពិនិត្យរបស់ក្រុមប្រឹក្សាវិន័យក្រសួងការពារជាតិ ដែលបានរកឃើញថា ឧត្ដមសេនីយ៍ត្រី ឈាវ មុន្និន បានប្រព្រឹត្តអំពើមិនសមរម្យ ប៉ះពាល់ដល់ស្ថាប័ន និងកិត្តិយសនៃកងទ័ព។
ប្រភពដដែលបញ្ជាក់ថា មូលហេតុនៃការដាក់ចេញនៃការលុបឈ្មោះចេញពីក្របខ័ណ្ឌ ក៏ដោយសារតែឧត្ដមសេនីយ៍ត្រី ឈាវ មុន្និន បានបង្ហោះសម្ញែងទ្រព្យ និងកាយវិការមិនសមរម្យនៅលើបណ្ដាញសង្គម TikTok បានបង្ហោះវីដេអូជាច្រើនប៉ះពាល់ដល់តួនាទីជានាយករងនាយកដ្ឋានបច្ចេកទេសកងទ័ពជើងអាកាស។
កាលពីដើមខែមេសា ឆ្នាំ២០២៥ បុគ្គលឈ្មោះ ឈាវ មុន្និន ដែលមានគោរមងារជាឧកញ៉ា និងមានតួនាទីជានាយករងនៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសកងទ័ពជើងអាកាស ក្រសួងការពារជាតិ បានថតបង្ហោះវីដេអូរាំច្រៀងលើបណ្ដាញសង្គម TikTok ដោយបង្ហាញនូវរូបភាព និងអាកប្បកិរិយាមិនសមរម្យក្នុងនាមជាយោធិន។ ក្នុងវីដេអូនោះ បុគ្គលឈ្មោះ ឈាវ មុន្និន ក៏បានបង្ហាញក្រដាសប្រាក់ដុល្លារលើតុការិយាល័យរបស់ខ្លួនក្នុងក្រសួងការពារជាតិ ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។
អ្នកឃ្លាំមើលសង្គម ព្រមានថា ការប្រព្រឹត្តខុសវិន័យកម្លាំងប្រដាប់អាវុធរបស់បុគ្គលឈ្មោះ ឈាវ មុន្និន ជាសញ្ញាបង្ហាញឱ្យឃើញពីកម្សោយរបស់កម្លាំងការពារជាតិខ្មែរផង ការប្រព្រឹត្តអំពើពុករលួយបក្ខពួកនិយមផង និងបង្ហាញឱ្យឃើញពីកម្រិតទាបនៃការគ្រប់គ្រងរបស់ស្ថាប័នការពារបូរណភាពទឹកដីរបស់កម្ពុជាផងដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

