The Cambodia Daily Khmer

ក្រសួង​ការពារ​ជាតិ​កម្ពុជា​ច្រានចោល​ព័ត៌មាន​រឿង​ទ័ព​ចិន​នៅ​តំបន់​ខ្លះ​នៃ​ផែ​រាម​ថា​ជា​ការ​ចោទ​យ៉ាង​គឃ្លើន

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ នាយ​ឧត្ដមសេនីយ៍ ឈុំ សុជាត

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ នាយ​ឧត្ដមសេនីយ៍ ឈុំ សុជាត

ក្រសួង​ការពារ​ជាតិ​កម្ពុជា ច្រានចោល​សេចក្តី​រាយការណ៍​ពី​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​អន្តរជាតិ ដែល​ហៅ​កាត់​ថា CSIS ដែល​ថា ចិន មាន​លទ្ធភាព​ប្រើប្រាស់​ផ្ដាច់មុខ​លើ​កន្លែង​ខ្លះ​នៅ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម គឺជា​ការ​ចោទប្រកាន់​យ៉ាង​គឃ្លើន​ដោយ​មាន​លក្ខណៈ​ញុះញង់ និង​ចេតនា​ទុច្ចរិត។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ នាយ​ឧត្ដមសេនីយ៍ ឈុំ សុជាត បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា រាជរដ្ឋាភិបាល និង​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ប្រកាស​ជា​ញឹកញាប់​រួច​មក​ហើយ​ថា រាជាណាចក្រ​កម្ពុជា​ជា​ប្រទេស​អព្យាក្រឹត្យ ហើយ​រដ្ឋធម្មនុញ្ញ​ខ្មែរ​មិន​អនុញ្ញាត​បរទេស​ណា​យក​ទឹកដី​កម្ពុជា​ធ្វើ​ជា​មូលដ្ឋាន​យោធា​ដាច់ខាត។

ប្រភព​ដដែល​អះអាង​ថា ក្រោយពី​ការ​ដាក់​ឱ្យ​ដំណើរការ​ប្រើប្រាស់​កន្លង​មក កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​នាវា​បរទេស​ចូល​មក​សំចត​ជា​ហូរហែ​នៅ​កំពង់ផែ​សមុទ្រ​រាម ដែល​ក្នុង​នោះ​មាន​នាវា​កងទ័ព​ជប៉ុន ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ចត​មុន​គេ​បង្អស់ បន្ទាប់ពី​កំពង់ផែ​សមុទ្រ​រាម​ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ បន្ទាប់​មក​មាន​នាវា​កងទ័ព​វៀតណាម និង​នាវា​ចិន ដែល​នេះ​ជា​ភស្តុតាង​ជាក់ស្តែង​គ្រប់គ្រាន់​អាច​បញ្ជាក់​ពី​ការ​គ្រប់គ្រង​ប្រើប្រាស់​កំពង់ផែ​សមុទ្រ​រាម​នៅ​ប្រទេស​កម្ពុជា។

យោង​តាម​របាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​នៅ​ដើម​ខែ​ឧសភា ឆ្នាំ​២០២៥ តាមរយៈ​គម្រោង​គំនិត​ផ្ដួចផ្ដើម​តម្លាភាព​សន្តិសុខ​សមុទ្រ CSIS ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​ធ្វើ​បច្ចុប្បន្នភាព​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម ដោយ​បាន​អះអាង​ថា ចិន​មាន​លទ្ធភាព​ប្រើប្រាស់​ផ្ដាច់មុខ​កន្លែង​ខ្លះ​ក្នុង​បរិវេណ​មូលដ្ឋាន​នាវាចរណ៍​សមុទ្រ​នេះ បន្ទាប់ពី​ការ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ដើម​ខែ​មេសា។

សេចក្តី​រាយការណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា រូបភាព​ទើប​ថត​បាន​ថ្មីៗ​នៃ​ការ​វិវឌ្ឍ​នៅ​ឯ​ទីតាំង​ការពារ​អាកាស​ដែល​នៅ​ក្បែរ​មូលដ្ឋាន​នោះ ក៏​បាន​ត្រឹមតែ​ចោទ​ជា​សំណួរ​អំពី​វិសាលភាព​ពិតប្រាកដ​នៃ​វត្តមាន​ទ័ព​ក្រុង​ប៉េកាំង នៅ​តំបន់​នោះ។

រូបភាព​បង្ហាញ​ពី​មូលដ្ឋាន​កងទ័ព​ជើងទឹក​សមុទ្រ​រាម​របស់​កម្ពុជា ថត​កាលពី​ថ្ងៃទី​៩ ខែ​មីនា ឆ្នាំ​២០២៥។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផែ​រាម និង​មជ្ឈមណ្ឌល​ភស្តុភារ និង​ហ្វឹកហ្វឺន​រួម​គ្នា​កម្ពុជា-ចិន និង​មូលដ្ឋាន​ទ័ព​រាម ដែល​ត្រូវ​បាន​ធ្វើ​ទំនើបកម្ម​នៅ​ថ្ងៃទី​៥ ខែ​មេសា ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​គោលបំណង មិន​ថា​ពី​អតីតកាល ថ្ងៃ​នេះ និង​ទៅ​ថ្ងៃ​មុខ ក្នុង​ការ​រំលោភ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​តាមរយៈ​ការ​ឲ្យ​ប្រទេស​ណា កងទ័ព​ណា មក​ដាក់​មូលដ្ឋាន​ផ្ដាច់មុខ​នៅ​លើ​ទឹកដី​កម្ពុជា​នោះ​ទេ។

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ចិន​ដែល​កំពុង​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​នៅ​ប្រទេស​កម្ពុជា សហរដ្ឋ​អាមេរិក​ក៏​នៅតែ​បន្ត​យក​រឿង​កំពង់ផែ​រាម​នេះ​មក​ដាក់​សម្ពាធ​លើ​ប្រទេស​កម្ពុជា។ ចិន អាច​ដក​ការ​ពាក់ព័ន្ធ​នឹង​ផែ​សមុទ្រ​រាម​នៅ​ប្រទេស​កម្ពុជា​បាន លុះត្រាតែ​សហរដ្ឋ​អាមេរិក​ដកថយ​ពី​នយោបាយ​ផ្ដល់​ជំនួយ​យោធា​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ដល់​ប្រទេស​វៀតណាម។

ជុំវិញ​បញ្ហា​នេះ កាសែត​អាមេរិកាំង The Wall Street Journal កាលពី​ខែ​កក្កដា ឆ្នាំ​២០១៩ បាន​ចុះផ្សាយ​អត្ថបទ​មួយ​ដោយ​អះអាង​ថា ប្រទេស​កម្ពុជា និង​ប្រទេស​ចិន បាន​ចុះហត្ថលេខា​ជា​សម្ងាត់​លើ​កិច្ចព្រមព្រៀង​យោធា​មួយ​ជាមួយ​គ្នា ដោយ​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ចិន មាន​សិទ្ធិ​ផ្ដាច់មុខ​ប្រើប្រាស់​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម ក្នុង​រយៈពេល ៣០​ឆ្នាំ ហើយ​កិច្ចព្រមព្រៀង​នេះ​អាច​បន្ត​ឡើងវិញ​នៅ​រៀងរាល់ ១០​ឆ្នាំ​ម្ដង។

កាសែត​ដដែល សរសេរ​ថា បុគ្គលិក​ចិន មាន​សិទ្ធិ​កាន់​អាវុធ និង​កាន់​លិខិត​ឆ្លងដែន​ខ្មែរ ហើយ​មាន​ខ្លះ​ស្លៀក​ឯកសណ្ឋាន​យោធា​នៃ​កងយោធពល​ខេមរភូមិន្ទ​បន្លំ​ខ្លួន។

ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ថ្មីៗ​នេះ នាយ​ទាហាន​ថ្នាក់​វរសេនីយ៍​ចិន ប្រមាណ ៥០​នាក់ បាន​បន្ត​ទិដ្ឋាការ​ស្នាក់នៅ​ដើម្បី​បំពេញ​កិច្ច​ការងារ​នៅ​តំបន់​សមុទ្រ​ខ្មែរ ពី​ខេត្ត​ព្រះសីហនុ ដល់​ខេត្ត​កោះកុង។ ចិន ចាត់ទុក​អ្នក​ទាំងនោះ​ជា​បុគ្គលិក​ស៊ីវិល ជា​អ្នក​បច្ចេកទេស​ខាង​ដំឡើង​ស្ថានីយ​ផ្កាយរណប។

ទោះជា​មាន​ការ​ថ្លែង​អះអាង​ពី​ប្រមុខ​រដ្ឋាភិបាល និង​មន្ត្រី​ក្រោម​បង្គាប់​ពី​ខាង​ដើម​មក​ដូច្នេះ​ក៏ដោយ រឿង​និយាយ​ចេញ​ជា​សាធារណៈ​ជា​ផ្លូវការ​ជា​រឿង​មួយ រឿង​វត្តមាន​បុគ្គលិក​កងទ័ព​បរទេស​លើ​ទឹកដី​ខ្មែរ​រឿង​មួយ​ផ្សេង​ទៀត។

សម័យ​ខ្មែរក្រហម សាធារណរដ្ឋ​សង្គម​និយម​យៀកណាម ក៏​ធ្លាប់​ចោទ​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ សាឡុត ស ហៅ ប៉ុល ពត រឿង​វត្តមាន​ទីប្រឹក្សា​យោធា និង​វិស្វករ​ចិន ៥​ពាន់​នាក់ ជំនួយ​យោធា រថក្រោះ រថពាសដែក និង​យន្តហោះ​ចម្បាំង ដែល​ចិន ផ្តល់​ឲ្យ​រដ្ឋអំណាច​ខ្មែរក្រហម ក្រុង​ភ្នំពេញ​ដែរ មុន​នឹង​បើក​ការ​វាយ​លុកលុយ​ឈ្លានពាន​ចូល​កាន់កាប់​ប្រទេស​កម្ពុជា ដោយ​ចោទ​ថា​ទ័ព​ខ្មែរក្រហម​វាយ​លុកលុយ​ទឹកដី​យៀកណាម តាម​ខេត្ត​មួយ​ចំនួន។

ក្នុង​សៀវភៅ​និពន្ធ​ដោយ​បណ្ឌិត Stephen J. Morris ហេតុ​អ្វី​ប្រទេស​យៀកណាម ឈ្លានពាន​ប្រទេស​កម្ពុជា គេ​ឆ្ងល់​ថា តើ​មាន​អាថ៌កំបាំង​អ្វី​បាន​ជា​រដ្ឋអំណាច​នៃ​បក្ស​កុម្មុយនីស្ត​យៀកណាម លាក់បាំង​រឿង​ទ័ព​ខ្មែរក្រហម​វាយប្រហារ​ចូល​ទឹកដី​យៀកណាម បន្ទាប់ពី​អញ្ជើញ​អ្នកកាសែត​ហុងគ្រី Kandor Dura​ទៅ​ថតរូប និង​រាយការណ៍​អំពី​វិនាសកម្ម​បង្ក​ដោយ​ខ្មែរក្រហម​ជា​វត្ថុ​តាង ប៉ុន្តែ​ដកហូត​យក​រូបថត កំណត់ហេតុ​រាយការណ៍​ទាំងអស់​ពី​គាត់ មុន​ឡើង​យន្តហោះ​ឯ​អាកាសយានដ្ឋាន​ស្យ៊ាឡាម ក្រុង​ហាណូយ នា​ខែ​តុលា ឆ្នាំ​១៩៧៧ ហើយ​ហាម​មិន​ឲ្យ​និយាយ​ចេញ​ទៅ​ប្រាប់​អ្នក​ណា​ទាំងអស់​ទៅវិញ។ រដ្ឋការ​ក្រុង​ហាណូយ ប្រាប់​ពិភពលោក​រឿង​ដដែល​នៅ​ចុង​ឆ្នាំ​១៩៧៨។

យ៉ាងណាមិញ អ្នក​សិក្សា​ប្រវត្តិសាស្ត្រ​ដឹង​ច្បាស់​ថា ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម អតីត​សម្តេច​ព្រះ​ប្រមុខរដ្ឋ នរោត្តម សីហនុ ទ្រង់​ធ្លាប់​មាន​បន្ទូល​ដូច​គ្នា​ហ្នឹង​ដែរ អំពី​អព្យាក្រឹតភាព មិន​ចូល​បក្ស​សម្ព័ន្ធ និង​បូរណភាព​ទឹកដី​ខ្មែរ ប៉ុន្តែ​រាជរដ្ឋាភិបាល​សម័យ​នោះ​ជួយ​លាក់​ទ័ព​ព្រៃ​យៀកកុង-យៀកណាម​ខាងជើង​ពេញ​ប្រទេស និង​តាម​បណ្តោយ​ព្រំដែន​ជាមួយ​ប្រទេស​យៀកណាម ពី​ប៉ែក​ឦសាន ដល់​ប៉ែក​និរតី។ បច្ចុប្បន្ន​នេះ កម្លាំង​ទ័ព​យៀកណាម ក៏​មាន ទ័ព​ចិន ក៏​មាន គ្រាន់តែ​កាឡា​ខ្លួន​បញ្ចូល​ជាមួយ​កងទ័ព​ខ្មែរ​ប៉ុណ្ណោះ។

ដំណឹង​ដោយឡែក​មួយ​ទៀត​ពី​ព្រឹត្តិបត្រ Global Defense News ដែល​ផ្សាយ​កាលពី​ថ្ងៃទី​១៩ ខែ​ឧសភា ដែល​ថា​នៅ​បញ្ជាការដ្ឋាន​ហ្វឹកហ្វឺន​អង្គរក្ស​ក្រាំងចេក មាន​ការ​បង្ហាញ​អាវុធ​នៅ​ថ្ងៃទី​៤ ខែ​ឧសភា ដែល​ចិន បាន​ឧបត្ថម្ភ​ក្នុង​បិទ​វគ្គ​ហាត់​ហ្វឹកហ្វឺន ក្រោម​អធិបតីភាព​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គ​មេបញ្ជាការ​រង។ ព្រឹត្តិការណ៍​នោះ​ហាក់ដូចជា​ភាគី​ខ្មែរ​ជា​អ្នក​លាក់ ភាគី​ចិន ជា​អ្នក​លាតត្រដាង​តាម​បណ្ដាញ​សង្គម Weibo @ Madman Baiyang។ គេ​ផ្សាយ​ថា ចិន​ផ្តល់​អាវុធ​រ៉ុក្កែត​ដី-អាកាស​ប្រភេទ QW-3 (Qian Wei) Vanguard ស្ពាយ​បាញ់​យន្តហោះ​ពី​លើ​ស្មា ដែល​អាច​បាញ់​បាន​ចម្ងាយ​ពី ៥ ទៅ ៦​គីឡូម៉ែត្រ និង​កម្ពស់​ប្រមាណ ៣​គីឡូម៉ែត្រ ដោយ​ប្រើ​សញ្ញា​ឡេហ្សើ​ក្រហម​តម្រង់​ចំណុច​ដៅ infrared guided ហើយ​និង​ប្រភេទ TH-S311 ៨០​មិល្លីម៉ែត្រ សម្រាប់​ការ​ប្រយុទ្ធ​ក្បែរ​ទីក្រុង៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version