ក្រសួងការពារជាតិកម្ពុជា ច្រានចោលសេចក្តីរាយការណ៍ពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រអន្តរជាតិ ដែលហៅកាត់ថា CSIS ដែលថា ចិន មានលទ្ធភាពប្រើប្រាស់ផ្ដាច់មុខលើកន្លែងខ្លះនៅមូលដ្ឋានកងទ័ពជើងទឹករាម គឺជាការចោទប្រកាន់យ៉ាងគឃ្លើនដោយមានលក្ខណៈញុះញង់ និងចេតនាទុច្ចរិត។
អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្ដមសេនីយ៍ ឈុំ សុជាត បានប្រាប់អ្នកសារព័ត៌មានថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា បានប្រកាសជាញឹកញាប់រួចមកហើយថា រាជាណាចក្រកម្ពុជាជាប្រទេសអព្យាក្រឹត្យ ហើយរដ្ឋធម្មនុញ្ញខ្មែរមិនអនុញ្ញាតបរទេសណាយកទឹកដីកម្ពុជាធ្វើជាមូលដ្ឋានយោធាដាច់ខាត។
ប្រភពដដែលអះអាងថា ក្រោយពីការដាក់ឱ្យដំណើរការប្រើប្រាស់កន្លងមក កម្ពុជាបានអនុញ្ញាតឱ្យនាវាបរទេសចូលមកសំចតជាហូរហែនៅកំពង់ផែសមុទ្ររាម ដែលក្នុងនោះមាននាវាកងទ័ពជប៉ុន ត្រូវបានអនុញ្ញាតឱ្យចូលចតមុនគេបង្អស់ បន្ទាប់ពីកំពង់ផែសមុទ្ររាមត្រូវបានសម្ពោធជាផ្លូវការ បន្ទាប់មកមាននាវាកងទ័ពវៀតណាម និងនាវាចិន ដែលនេះជាភស្តុតាងជាក់ស្តែងគ្រប់គ្រាន់អាចបញ្ជាក់ពីការគ្រប់គ្រងប្រើប្រាស់កំពង់ផែសមុទ្ររាមនៅប្រទេសកម្ពុជា។
យោងតាមរបាយការណ៍ដែលបានចេញផ្សាយនៅដើមខែឧសភា ឆ្នាំ២០២៥ តាមរយៈគម្រោងគំនិតផ្ដួចផ្ដើមតម្លាភាពសន្តិសុខសមុទ្រ CSIS ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានធ្វើបច្ចុប្បន្នភាពមូលដ្ឋានកងទ័ពជើងទឹករាម ដោយបានអះអាងថា ចិនមានលទ្ធភាពប្រើប្រាស់ផ្ដាច់មុខកន្លែងខ្លះក្នុងបរិវេណមូលដ្ឋាននាវាចរណ៍សមុទ្រនេះ បន្ទាប់ពីការបើកឲ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែមេសា។
សេចក្តីរាយការណ៍ដដែលបានបង្ហាញទៀតថា រូបភាពទើបថតបានថ្មីៗនៃការវិវឌ្ឍនៅឯទីតាំងការពារអាកាសដែលនៅក្បែរមូលដ្ឋាននោះ ក៏បានត្រឹមតែចោទជាសំណួរអំពីវិសាលភាពពិតប្រាកដនៃវត្តមានទ័ពក្រុងប៉េកាំង នៅតំបន់នោះ។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផែរាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន និងមូលដ្ឋានទ័ពរាម ដែលត្រូវបានធ្វើទំនើបកម្មនៅថ្ងៃទី៥ ខែមេសា ថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គ្មានគោលបំណង មិនថាពីអតីតកាល ថ្ងៃនេះ និងទៅថ្ងៃមុខ ក្នុងការរំលោភរដ្ឋធម្មនុញ្ញរបស់ខ្លួនតាមរយៈការឲ្យប្រទេសណា កងទ័ពណា មកដាក់មូលដ្ឋានផ្ដាច់មុខនៅលើទឹកដីកម្ពុជានោះទេ។
ក្រុមអ្នកឃ្លាំមើលសង្គមលើកឡើងថា ចិនដែលកំពុងពង្រឹងឥទ្ធិពលរបស់ខ្លួននៅប្រទេសកម្ពុជា សហរដ្ឋអាមេរិកក៏នៅតែបន្តយករឿងកំពង់ផែរាមនេះមកដាក់សម្ពាធលើប្រទេសកម្ពុជា។ ចិន អាចដកការពាក់ព័ន្ធនឹងផែសមុទ្ររាមនៅប្រទេសកម្ពុជាបាន លុះត្រាតែសហរដ្ឋអាមេរិកដកថយពីនយោបាយផ្ដល់ជំនួយយោធាដ៏ច្រើនសន្ធឹកសន្ធាប់ដល់ប្រទេសវៀតណាម។
ជុំវិញបញ្ហានេះ កាសែតអាមេរិកាំង The Wall Street Journal កាលពីខែកក្កដា ឆ្នាំ២០១៩ បានចុះផ្សាយអត្ថបទមួយដោយអះអាងថា ប្រទេសកម្ពុជា និងប្រទេសចិន បានចុះហត្ថលេខាជាសម្ងាត់លើកិច្ចព្រមព្រៀងយោធាមួយជាមួយគ្នា ដោយរាជរដ្ឋាភិបាលអនុញ្ញាតឲ្យចិន មានសិទ្ធិផ្ដាច់មុខប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាម ក្នុងរយៈពេល ៣០ឆ្នាំ ហើយកិច្ចព្រមព្រៀងនេះអាចបន្តឡើងវិញនៅរៀងរាល់ ១០ឆ្នាំម្ដង។
កាសែតដដែល សរសេរថា បុគ្គលិកចិន មានសិទ្ធិកាន់អាវុធ និងកាន់លិខិតឆ្លងដែនខ្មែរ ហើយមានខ្លះស្លៀកឯកសណ្ឋានយោធានៃកងយោធពលខេមរភូមិន្ទបន្លំខ្លួន។
ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ នាយទាហានថ្នាក់វរសេនីយ៍ចិន ប្រមាណ ៥០នាក់ បានបន្តទិដ្ឋាការស្នាក់នៅដើម្បីបំពេញកិច្ចការងារនៅតំបន់សមុទ្រខ្មែរ ពីខេត្តព្រះសីហនុ ដល់ខេត្តកោះកុង។ ចិន ចាត់ទុកអ្នកទាំងនោះជាបុគ្គលិកស៊ីវិល ជាអ្នកបច្ចេកទេសខាងដំឡើងស្ថានីយផ្កាយរណប។
ទោះជាមានការថ្លែងអះអាងពីប្រមុខរដ្ឋាភិបាល និងមន្ត្រីក្រោមបង្គាប់ពីខាងដើមមកដូច្នេះក៏ដោយ រឿងនិយាយចេញជាសាធារណៈជាផ្លូវការជារឿងមួយ រឿងវត្តមានបុគ្គលិកកងទ័ពបរទេសលើទឹកដីខ្មែររឿងមួយផ្សេងទៀត។
សម័យខ្មែរក្រហម សាធារណរដ្ឋសង្គមនិយមយៀកណាម ក៏ធ្លាប់ចោទរដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យដឹកនាំដោយ សាឡុត ស ហៅ ប៉ុល ពត រឿងវត្តមានទីប្រឹក្សាយោធា និងវិស្វករចិន ៥ពាន់នាក់ ជំនួយយោធា រថក្រោះ រថពាសដែក និងយន្តហោះចម្បាំង ដែលចិន ផ្តល់ឲ្យរដ្ឋអំណាចខ្មែរក្រហម ក្រុងភ្នំពេញដែរ មុននឹងបើកការវាយលុកលុយឈ្លានពានចូលកាន់កាប់ប្រទេសកម្ពុជា ដោយចោទថាទ័ពខ្មែរក្រហមវាយលុកលុយទឹកដីយៀកណាម តាមខេត្តមួយចំនួន។
ក្នុងសៀវភៅនិពន្ធដោយបណ្ឌិត Stephen J. Morris ហេតុអ្វីប្រទេសយៀកណាម ឈ្លានពានប្រទេសកម្ពុជា គេឆ្ងល់ថា តើមានអាថ៌កំបាំងអ្វីបានជារដ្ឋអំណាចនៃបក្សកុម្មុយនីស្តយៀកណាម លាក់បាំងរឿងទ័ពខ្មែរក្រហមវាយប្រហារចូលទឹកដីយៀកណាម បន្ទាប់ពីអញ្ជើញអ្នកកាសែតហុងគ្រី Kandor Duraទៅថតរូប និងរាយការណ៍អំពីវិនាសកម្មបង្កដោយខ្មែរក្រហមជាវត្ថុតាង ប៉ុន្តែដកហូតយករូបថត កំណត់ហេតុរាយការណ៍ទាំងអស់ពីគាត់ មុនឡើងយន្តហោះឯអាកាសយានដ្ឋានស្យ៊ាឡាម ក្រុងហាណូយ នាខែតុលា ឆ្នាំ១៩៧៧ ហើយហាមមិនឲ្យនិយាយចេញទៅប្រាប់អ្នកណាទាំងអស់ទៅវិញ។ រដ្ឋការក្រុងហាណូយ ប្រាប់ពិភពលោករឿងដដែលនៅចុងឆ្នាំ១៩៧៨។
យ៉ាងណាមិញ អ្នកសិក្សាប្រវត្តិសាស្ត្រដឹងច្បាស់ថា ក្នុងសម័យសង្គមរាស្ត្រនិយម អតីតសម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ ទ្រង់ធ្លាប់មានបន្ទូលដូចគ្នាហ្នឹងដែរ អំពីអព្យាក្រឹតភាព មិនចូលបក្សសម្ព័ន្ធ និងបូរណភាពទឹកដីខ្មែរ ប៉ុន្តែរាជរដ្ឋាភិបាលសម័យនោះជួយលាក់ទ័ពព្រៃយៀកកុង-យៀកណាមខាងជើងពេញប្រទេស និងតាមបណ្តោយព្រំដែនជាមួយប្រទេសយៀកណាម ពីប៉ែកឦសាន ដល់ប៉ែកនិរតី។ បច្ចុប្បន្ននេះ កម្លាំងទ័ពយៀកណាម ក៏មាន ទ័ពចិន ក៏មាន គ្រាន់តែកាឡាខ្លួនបញ្ចូលជាមួយកងទ័ពខ្មែរប៉ុណ្ណោះ។
ដំណឹងដោយឡែកមួយទៀតពីព្រឹត្តិបត្រ Global Defense News ដែលផ្សាយកាលពីថ្ងៃទី១៩ ខែឧសភា ដែលថានៅបញ្ជាការដ្ឋានហ្វឹកហ្វឺនអង្គរក្សក្រាំងចេក មានការបង្ហាញអាវុធនៅថ្ងៃទី៤ ខែឧសភា ដែលចិន បានឧបត្ថម្ភក្នុងបិទវគ្គហាត់ហ្វឹកហ្វឺន ក្រោមអធិបតីភាពឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង។ ព្រឹត្តិការណ៍នោះហាក់ដូចជាភាគីខ្មែរជាអ្នកលាក់ ភាគីចិន ជាអ្នកលាតត្រដាងតាមបណ្ដាញសង្គម Weibo @ Madman Baiyang។ គេផ្សាយថា ចិនផ្តល់អាវុធរ៉ុក្កែតដី-អាកាសប្រភេទ QW-3 (Qian Wei) Vanguard ស្ពាយបាញ់យន្តហោះពីលើស្មា ដែលអាចបាញ់បានចម្ងាយពី ៥ ទៅ ៦គីឡូម៉ែត្រ និងកម្ពស់ប្រមាណ ៣គីឡូម៉ែត្រ ដោយប្រើសញ្ញាឡេហ្សើក្រហមតម្រង់ចំណុចដៅ infrared guided ហើយនិងប្រភេទ TH-S311 ៨០មិល្លីម៉ែត្រ សម្រាប់ការប្រយុទ្ធក្បែរទីក្រុង៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

