មជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិ និងយុទ្ធសាស្ត្រ ដែលហៅកាត់ថា CSIS របស់សហរដ្ឋអាមេរិក បញ្ចេញរបាយការណ៍ចុងក្រោយមួយដោយអះអាងថា ចិនមានលទ្ធភាពប្រើប្រាស់ផ្ដាច់មុខកន្លែងខ្លះរបស់មូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាមរបស់កម្ពុជា។
របាយការណ៍ដែលបានចេញផ្សាយនៅដើមខែឧសភា ឆ្នាំ២០២៥ តាមរយៈគម្រោងគំនិតផ្ដួចផ្ដើមតម្លាភាពសន្តិសុខសមុទ្រនៅមជ្ឈមណ្ឌលសម្រាប់ការសិក្សាអន្តរជាតិ និងយុទ្ធសាស្ត្រ ក្នុងសហរដ្ឋអាមេរិក បានធ្វើបច្ចុប្បន្នភាពនៅមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជា ដោយបានអះអាងថា ចិនមានលទ្ធភាពប្រើប្រាស់ផ្ដាច់មុខកន្លែងខ្លះរបស់មូលដ្ឋានសមុទ្រនេះ បន្ទាប់ពីការបើកឲ្យប្រើប្រាស់ជាផ្លូវការកាលពីដើមខែមេសា។
របាយការណ៍ដដែលបានបង្ហាញទៀតថា រូបភាពទើបថតបានថ្មីៗនៃការវិវឌ្ឍនៅឯទីតាំងការពារអាកាសដែលស្ថិតនៅក្បែរមូលដ្ឋាននោះ ក៏បានត្រឹមតែចោទជាសំណួរអំពីវិសាលភាពពិតប្រាកដនៃវត្តមានកងទ័ពរបស់ទីក្រុងប៉េកាំង នៅតំបន់នោះ។
លោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផែរាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន និងមូលដ្ឋានទ័ពរាម ដែលត្រូវបានធ្វើទំនើបកម្មកាលពីថ្ងៃទី៥ ខែមេសា ថា មានតែកម្ពុជាទេដែលស្រឡាញ់អធិបតេយ្យភាព និងឯករាជ្យរបស់ខ្លួន ហើយមូលដ្ឋានទ័ពនេះមិនធ្វើឲ្យកម្ពុជាបាត់បង់ឯករាជ្យ និងអធិបតេយ្យនោះទេ។
លោក ហ៊ុន ម៉ាណែត អះអាងទៀតថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គ្មានគោលបំណង មិនថាពីអតីតកាល ថ្ងៃនេះ និងទៅថ្ងៃមុខ ក្នុងការរំលោភរដ្ឋធម្មនុញ្ញរបស់ខ្លួនតាមរយៈការឲ្យប្រទេសណា ឬកងទ័ពណាមួយមកដាក់មូលដ្ឋានផ្ដាច់មុខនៅលើទឹកដីកម្ពុជានោះទេ។
ទាក់ទងទៅនឹងបញ្ហានេះ ក្រុមអ្នកវិភាគលើកឡើងថា ចិនអាចដកការពាក់ព័ន្ធនឹងសមុទ្ររាមរបស់កម្ពុជាបាន លុះត្រាតែអាមេរិកដកថយពីនយោបាយផ្ដល់ជំនួយយោធាដ៏ច្រើនសន្ធឹកសន្ធាប់ដល់វៀតណាម ហើយសកម្មភាពរបស់កងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម មិនអាចលាក់បាំងបានថែមទៀត។
ប្រភពដដែលបានអះអាងថា មូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម ប្រាកដជាពាក់ព័ន្ធនឹងយោធាចិន ព្រោះភាគីចិន ផ្តល់លុយ សម្ភារៈ និងបច្ចេកទេសសាងសង់ទាំងស្រុងដល់រដ្ឋាភិបាលខ្មែរក្នុងរយៈពេលកន្លងមក ដូច្នេះបើប្រកែកថាមិនជាប់ពាក់ព័ន្ធ គឺជារឿងមិនសមហេតុផល។
ជុំវិញបញ្ហានេះ កាសែតអាមេរិក The Wall Street Journal កាលពីខែកក្កដា ឆ្នាំ២០១៩ បានចុះផ្សាយអត្ថបទមួយដោយអះអាងថា កម្ពុជា និងចិន បានចុះហត្ថលេខាជាសម្ងាត់លើកិច្ចព្រមព្រៀងយោធាមួយជាមួយគ្នា។ ប្រភពដដែលបន្តថា កិច្ចព្រមព្រៀងនោះ កម្ពុជាបានអនុញ្ញាតឲ្យចិន មានសិទ្ធិផ្ដាច់មុខប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹករាមក្នុងរយៈពេល ៣០ឆ្នាំ ហើយកិច្ចព្រមព្រៀងនេះអាចបន្តឡើងវិញនៅរៀងរាល់ ១០ឆ្នាំម្ដង។
កាលពីដើមខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចវាយកម្ទេចអគារមួយក្នុងចំណោមអគារជាច្រើននៅក្នុងមូលដ្ឋានទ័ពរាម ដែលសាងសង់ដោយថវិកាជំនួយរបស់សហរដ្ឋអាមេរិក កាលពីអំឡុងខែសីហា ឆ្នាំ២០១២។
ក្រោយពីវាយកម្ទេចហើយ កម្ពុជាក៏បានប្រកាសផ្អាកធ្វើសមយុទ្ធឆ្មាំអង្គរចាប់តាំងពីអំឡុងឆ្នាំ២០១៧ មក ដែលកម្ពុជាធ្លាប់ធ្វើជាមួយអាមេរិកកន្លងមក៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

