មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន សម្រេចកាត់ឆ្វៀលផ្ទៃដីបឹងតាមោក ១០០ហិកតា ឱ្យឧកញ៉ា ហ៊ុន តូ ជាថ្នូរនឹងការផ្តល់លុយចំនួន ៥០លានដុល្លារអាមេរិកសម្រាប់សាងសង់ក្រសួងមហាផ្ទៃ។
សារព័ត៌មាន The Cambodia Daily បានទទួលលិខិតមួយនៅថ្ងៃទី១៣ មិថុនា នេះ ដែលចេញដោយទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ស្ដីពីការផ្តល់ដីទំហំ ១០០ហិកតា ស្ថិតក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទៅឱ្យឧកញ៉ា ហ៊ុន តូ ក្រោមការសម្រេចរបស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។
លិខិតដដែលរៀបរាប់ថា ក្មួយប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន តូ និងលោក ឈិន អាល់ឡែន យល់ព្រមចំណាយថវិកាចំនួន ៥៥លានដុល្លារអាមេរិក ដើម្បីសាងសង់ក្រសួងមហាផ្ទៃ ជាថ្នូរនឹងការទទួលបានដីនៅបឹងតាមោកទំហំ ១០០ហិកតា ខណៈពន្ធ និងអាករផ្សេងៗគឺជាបន្ទុករបស់រដ្ឋ ចំណែកសេវាអន្តរក្រសួង ក៏ត្រូវបានលើកលែងទាំងអស់ដែរ។
ប្រភពដដែលបញ្ជាក់ថា ថវិកាចំនួន ៥៥លានដុល្លារអាមេរិកនេះ ត្រូវបានបែងចែកជាពីរចំណែក គឺមួយផ្នែកដែលមានទំហំទឹកប្រាក់ ៥០លានដុល្លារ ត្រូវប្រគល់ជូនក្រសួងមហាផ្ទៃ សម្រាប់ដំណើរការសាងសង់ ចំណែកមួយផ្នែកទៀត គឺមានទំហំទឹកប្រាក់ ៥លានដុល្លារ ត្រូវប្រគល់ទៅឱ្យរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ដោះស្រាយការងារពាក់ព័ន្ធនឹងដី ១០០ហិកតានោះ ដើម្បីឱ្យក្លាយជាកម្មសិទ្ធិរបស់ឧកញ៉ា ហ៊ុន តូ ដោយស្របច្បាប់។
ចំណែកលុយ ៥០លានដុល្លារសម្រាប់សាងសង់ក្រសួងមហាផ្ទៃ ត្រូវផ្តល់ឱ្យក្រសួងសាមីជាពីរដំណាក់កាល គឺលើកទី១ ត្រូវប្រគល់ ៣០លានដុល្លារ ចំណែកលុយដែលនៅសល់ ២០លានដុល្លារទៀត ត្រូវប្រគល់ក្នុងរយៈពេល ៦ខែបន្ទាប់។
បឹងកប់ស្រូវ ឬបឹងតាមោក ជាអាងស្តុកទឹកដ៏ធំបំផុតនៅភាគខាងលិចឆៀងខាងជើងនៃរាជធានីភ្នំពេញ ស្ថិតនៅក្នុងភូមិចំនួន ១៩ភូមិ និងសង្កាត់ចំនួន៥ ដូចជា សង្កាត់ពន្សាំង សង្កាត់ព្រែកព្នៅ សង្កាត់ពញាពន់ សង្កាត់សំរោង និងសង្កាត់ឃ្មួញ ដែលស្ថិតក្នុងខណ្ឌចំនួនពីរ គឺខណ្ឌព្រែកព្នៅ និងខណ្ឌសែនសុខ ខណៈដីទំហំ ១០០ហិកតារបស់ឧកញ៉ា ហ៊ុន តូ គឺស្ថិតក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។
កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាលបានចេញអនុក្រឹត្យស្ដីពីការកំណត់ផ្ទៃបឹងតាមោកជាង ៣ពាន់ហិកតា (៣២៣៩,៧ហិកតា) ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ យោងតាមច្បាប់ភូមិបាល ដីសាធារណៈរបស់រដ្ឋ គឺមិនអាចត្រូវបានគ្រប់គ្រងដោយនរណាម្នាក់ជាកម្មសិទ្ធិក្រៅពីរដ្ឋឡើយ។
ចាប់តាំងពីឆ្នាំ២០១៨ មក ផ្ទៃបឹងតាមោកសរុបជាង ២ពាន់ហិកតា ត្រូវបានលោក ហ៊ុន សែន កាត់ឆ្វៀល និងដោះដូរទៅឲ្យស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងបុគ្គលឯកជនជាបន្តបន្ទាប់ ដែលគេដឹងថាជាអ្នកមានលុយ មានអំណាច សម្រាប់សាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
ជុំវិញបញ្ហានេះ អង្គការសមាគមធាងត្នោត បានចេញរបាយការណ៍កាលពីចុងឆ្នាំ២០២៤ ថា ផ្ទៃបឹងតាមោក ត្រូវបានកាត់ឱ្យបុគ្គលឯកជន និងស្ថាប័នផ្សេងៗចំនួន ៨០លើក ដែលស្មើនឹងទំហំដីជាង ២ពាន់ហិកតា (២៤២៧,៣០៤៨ហិកតា) ឬស្មើ ៧៤,៩២% នៃផ្ទៃបឹងទាំងមូល គិតត្រឹមខែសីហា ឆ្នាំ២០២៤ កន្លងទៅ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
