ប្រធានព្រឹទ្ធសភា និងជាមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ក្នុងឯកសណ្ឋានកងទ័ពពាក់ផ្កាយមាសប្រាំ បានប្រាប់កងទ័ពខ្មែរដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ឱ្យត្រៀមខ្លួនវាយបកសត្រូវទាំងឡាយណាដែលហ៊ានឈ្លានពានដែនអធិបតេយ្យជាតិខ្មែរ។
លោក ហ៊ុន សែន នៅថ្ងៃទី២៦ មិថុនា បានធ្វើដំណើរទៅកាន់ខេត្តឧត្ដរមានជ័យ និងខេត្តព្រះវិហារ ជាប់ព្រំដែនថៃ ដោយបញ្ជាក់ប្រាប់កងទ័ពប្រចាំការនៅតំបន់ព្រំដែនទាំងអស់ថា កម្ពុជាមិនចង់ធ្វើសង្គ្រាមជាមួយប្រទេសណាទេ ប៉ុន្តែក៏មិនអាចឈរឱបដៃឱ្យបរទេសណាមកឈ្លានពានកម្ពុជាដែរ។
លោក ហ៊ុន សែន ព្រមានថា កម្ពុជាត្រូវបង្ខំចិត្តធ្វើសង្គ្រាមជាមួយថៃ នៅពេលមានការឈ្លានពានបានមកដល់ ដូច្នេះកងកម្លាំងទាំងអស់ត្រូវត្រៀមរៀបចំខ្លួនជានិច្ច ព្រោះពេលនេះ កម្ពុជាមិនត្រឹមតែប្រើសិទ្ធិការពារខ្លួនទេ គឺត្រូវវាយបកទៅលើសត្រូវតែម្តង។
លោក ហ៊ុន សែន លើកឡើងថា កម្ពុជាចង់បានសន្តិភាពណាស់ ព្រោះកងកម្លាំងប្រដាប់អាវុធទាំងអស់ចង់រួមរស់នៅជាមួយក្រុមគ្រួសារ ប៉ុន្តែជម្លោះរបស់ប្រទេសជិតខាង គេបានបញ្ជូនមកដល់កម្ពុជាហើយនាពេលនេះ ដូច្នេះកម្ពុជាមិនអាចទទួលយកបាននូវការប្រមាថ ឬការឈ្លានពានណាមួយឡើយ។
មេដឹកនាំបក្សកាន់អំណាចរូបនេះបញ្ជាក់ថា កម្ពុជាគឺជាជាតិសាសន៍ថ្លៃថ្នូរមិនដែលឈ្លានពានប្រទេសណាឡើយ ប៉ុន្តែកម្ពុជាក៏មិនឱបដៃឲ្យគេឈ្លានពានខ្លួនវិញដែរ។
ចាប់តាំងពីទាហានថៃ បានបាញ់សម្លាប់ទាហានខ្មែរនៅតំបន់មុំបី កាលពីថ្ងៃទី២៨ ខែឧសភា មក ស្ថានភាពរវាងប្រទេសទាំងពីរកាន់តែតានតឹងឡើងៗជាបន្តបន្ទាប់រហូតដល់ពេលនេះ។ ភាពតានតឹងនេះ គឺបានរាលដាលពីជម្លោះព្រំដែនទៅជាជម្លោះសេដ្ឋកិច្ចពាណិជ្ជកម្ម រហូតវិវត្តទៅរកសង្គ្រាមប្រដាប់អាវុធនាពេលនេះតែម្តង។
ក្នុងពេលដែលលោក ហ៊ុន សែន ធ្វើដំណើរត្រួតពិនិត្យកងកម្លាំងនៅតាមខេត្តជាប់ព្រំដែន នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ក៏បានធ្វើដំណើរចុះទៅខេត្តស្រះកែវ ផងដែរ ដើម្បីពិភាក្សាពីផលប៉ះពាល់នៃគោលនយោបាយជុំវិញការបិទច្រកទ្វារព្រំដែនរវាងប្រទេសថៃ និងកម្ពុជា នាពេលនេះ។
ចំណែកសារព័ត៌មានថៃ Thai PBS World បានចុះផ្សាយនៅថ្ងៃទី២៦ មិថុនា នេះថា នៅក្នុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីថៃ អភិបាលខេត្តស្រះកែវ លោក Prinya Phothisat បានស្នើឱ្យរដ្ឋាភិបាលថៃ លុបចោលសម្ព័ន្ធភាពរវាងកម្ពុជា-ថៃ ដែលមានជាមួយគ្នាអស់រយៈពេល ៧៥ឆ្នាំមកនោះ និងស្នើឱ្យបញ្ឈប់គម្រោងនានាដែលគ្រោងជួយកម្ពុជាផងដែរ។
ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៦ មិថុនា ដែរថា លោករង់ចាំមើលអ្នកដែលមានអំណាចថៃពិតប្រាកដ និងជំហរច្បាស់លាស់របស់ប្រទេសថៃ ដែលអាចងាយស្រួលធ្វើការជាមួយគ្នាប្រកបដោយភាពជឿជាក់ ដើម្បីស្វែងរកដំណោះស្រាយរួមសម្រាប់ផលប្រយោជន៍ប្រទេស និងប្រជាជនទាំងពីរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
