25.9 C
Phnom Penh

បុរស​ខ្លាំង​កម្ពុជា​លោក ហ៊ុន សែន ប្រាប់​ឱ្យ​កងទ័ព​នៅ​តាម​បន្ទាត់​ព្រំដែន​ត្រៀម​ខ្លួន​វាយបក​សត្រូវ​ឈ្លានពាន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​ព្រឹទ្ធសភា និង​ជា​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ក្នុង​ឯកសណ្ឋាន​កងទ័ព​ពាក់​ផ្កាយ​មាស​ប្រាំ បាន​ប្រាប់​កងទ័ព​ខ្មែរ​ដែល​កំពុង​ឈរជើង​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា-ថៃ ឱ្យ​ត្រៀម​ខ្លួន​វាយបក​សត្រូវ​ទាំងឡាយ​ណា​ដែល​ហ៊ាន​ឈ្លានពាន​ដែន​អធិបតេយ្យ​ជាតិ​ខ្មែរ។

លោក ហ៊ុន សែន នៅ​ថ្ងៃទី​២៦ មិថុនា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត​ឧត្ដរមានជ័យ និង​ខេត្ត​ព្រះវិហារ ជាប់​ព្រំដែន​ថៃ ដោយ​បញ្ជាក់​ប្រាប់​កងទ័ព​ប្រចាំការ​នៅ​តំបន់​ព្រំដែន​ទាំងអស់​ថា កម្ពុជា​មិន​ចង់​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​ណា​ទេ ប៉ុន្តែ​ក៏​មិន​អាច​ឈរ​ឱប​ដៃ​ឱ្យ​បរទេស​ណា​មក​ឈ្លានពាន​កម្ពុជា​ដែរ។

លោក ហ៊ុន សែន ព្រមាន​ថា កម្ពុជា​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​សង្គ្រាម​ជាមួយ​ថៃ នៅ​ពេល​មាន​ការ​ឈ្លានពាន​បាន​មក​ដល់ ដូច្នេះ​កងកម្លាំង​ទាំងអស់​ត្រូវ​ត្រៀម​រៀបចំ​ខ្លួន​ជានិច្ច ព្រោះ​ពេលនេះ កម្ពុជា​មិន​ត្រឹមតែ​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​ទេ គឺ​ត្រូវ​វាយបក​ទៅ​លើ​សត្រូវ​តែម្តង។

លោក ហ៊ុន សែន លើកឡើង​ថា កម្ពុជា​ចង់បាន​សន្តិភាព​ណាស់ ព្រោះ​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ចង់​រួម​រស់​នៅ​ជាមួយ​ក្រុម​គ្រួសារ ប៉ុន្តែ​ជម្លោះ​របស់​ប្រទេស​ជិតខាង គេ​បាន​បញ្ជូន​មក​ដល់​កម្ពុជា​ហើយ​នា​ពេលនេះ ដូច្នេះ​កម្ពុជា​មិន​អាច​ទទួលយក​បាន​នូវ​ការ​ប្រមាថ ឬ​ការ​ឈ្លានពាន​ណា​មួយ​ឡើយ។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា កម្ពុជា​គឺជា​ជាតិ​សាសន៍​ថ្លៃថ្នូរ​មិន​ដែល​ឈ្លានពាន​ប្រទេស​ណា​ឡើយ ប៉ុន្តែ​កម្ពុជា​ក៏​មិន​ឱប​ដៃ​ឲ្យ​គេ​ឈ្លានពាន​ខ្លួន​វិញ​ដែរ។

ចាប់តាំងពី​ទាហាន​ថៃ បាន​បាញ់​សម្លាប់​ទាហាន​ខ្មែរ​នៅ​តំបន់​មុំ​បី កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា មក ស្ថានភាព​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​តានតឹង​ឡើងៗ​ជាបន្តបន្ទាប់​រហូត​ដល់​ពេលនេះ។ ភាព​តានតឹង​នេះ គឺ​បាន​រាលដាល​ពី​ជម្លោះ​ព្រំដែន​ទៅ​ជា​ជម្លោះ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម រហូត​វិវត្ត​ទៅ​រក​សង្គ្រាម​ប្រដាប់​អាវុធ​នា​ពេលនេះ​តែម្តង។

ក្នុង​ពេល​ដែល​លោក ហ៊ុន សែន ធ្វើ​ដំណើរ​ត្រួតពិនិត្យ​កងកម្លាំង​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ក៏​បាន​ធ្វើ​ដំណើរ​ចុះ​ទៅ​ខេត្ត​ស្រះកែវ ផង​ដែរ ដើម្បី​ពិភាក្សា​ពី​ផល​ប៉ះពាល់​នៃ​គោលនយោបាយ​ជុំវិញ​ការ​បិទ​ច្រក​ទ្វារ​ព្រំដែន​រវាង​ប្រទេស​ថៃ និង​កម្ពុជា នា​ពេលនេះ។

ចំណែក​សារព័ត៌មាន​ថៃ Thai PBS World បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៦ មិថុនា នេះ​ថា នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​នាយករដ្ឋមន្ត្រី​ថៃ អភិបាល​ខេត្ត​ស្រះកែវ លោក Prinya Phothisat បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ថៃ លុប​ចោល​សម្ព័ន្ធភាព​រវាង​កម្ពុជា-ថៃ ដែល​មាន​ជាមួយ​គ្នា​អស់​រយៈពេល ៧៥​ឆ្នាំ​មក​នោះ និង​ស្នើ​ឱ្យ​បញ្ឈប់​គម្រោង​នានា​ដែល​គ្រោង​ជួយ​កម្ពុជា​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ មិថុនា ដែរ​ថា លោក​រង់ចាំ​មើល​អ្នក​ដែល​មាន​អំណាច​ថៃ​ពិតប្រាកដ និង​ជំហរ​ច្បាស់លាស់​របស់​ប្រទេស​ថៃ ដែល​អាច​ងាយស្រួល​ធ្វើការ​ជាមួយ​គ្នា​ប្រកប​ដោយ​ភាព​ជឿជាក់ ដើម្បី​ស្វែងរក​ដំណោះស្រាយ​រួម​សម្រាប់​ផល​ប្រយោជន៍​ប្រទេស និង​ប្រជាជន​ទាំង​ពីរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស