៣ថ្ងៃទៀត ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងត្រូវជួបមុខផ្ទាល់ជាលើកដំបូងជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន តែនៅពេលជាមួយគ្នានេះនៅថ្ងៃអង្គារ ទី១២ ខែសីហា ក្រុមមេដឹកនាំសហភាពអឺរ៉ុប បាននាំគ្នាសង្កត់ធ្ងន់អំពីសិទ្ធិរបស់អ៊ុយក្រែន ក្នុងការជ្រើសរើសជោគវាសនាខ្លួនឯង បន្ទាប់ពីដឹងថាលោក ត្រាំ កំពុងគាបលោក ហ្សេឡេនស្គី ឱ្យកាត់ទឹកដីទៅឱ្យរុស្ស៊ី ដើម្បីបានសន្តិភាពពីវិមានក្រឹមឡាំង សម្រាប់ប្រជាជនអ៊ុយក្រែន វិញ។
បើតាមប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ឲ្យដឹងថា រុស្ស៊ីកំពុងរៀបចំវាយលុកទ្រង់ទ្រាយធំទៅលើដែនដីអ៊ុយក្រែន ដោយលាតសន្ធឹងសមរភូមិថ្មីទៀតជាង ១២០០គីឡូម៉ែត្រ។ ក្នុងន័យនេះ លោក ហ្សេឡេនស្គី មើលមិនឃើញសញ្ញាណាមួយដែលក្រុងមូស្គូ ចង់បញ្ចប់ការឈ្លានពានអ៊ុយក្រែន នោះទេ ដែលលោកថា គេមិនត្រូវជឿលោក ពូទីន ថាចង់ធ្វើឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់នោះទេ។
លោក ពូទីន យល់ថា ជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក ពូទីន នៅលើដែនដីរដ្ឋអាឡាស្កា សហរដ្ឋអាមេរិក នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នេះ អាចនឹងបានផលប្រយោជន៍ទៅរុស្ស៊ី ព្រោះលោក ពូទីន អាចឆ្លៀតទាញចំណេញដើម្បីបំពេញមហិច្ឆតារបស់លោក គឺត្រូវធ្វើឱ្យរុស្ស៊ី ជោគជ័យចំពោះការបង្កសង្គ្រាមឈ្លានពានអ៊ុយក្រែន។
លោកប្រធានាធិបតីអ៊ុយក្រែន ទទូចឱ្យមានសម្ពាធខ្លាំងថែមទៀតទៅលើក្រុងមូស្គូ ដោយមិនត្រូវគាបសង្កត់អ៊ុយក្រែន ផ្ដល់ជ័យជម្នះទៅឱ្យអ្នកឈ្លានពាននោះទេ។
ការថ្លែងព្រួយបារម្ភរបស់លោក ហ្សេឡេនស្គី បន្ទាប់ពីលោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១១ខែសីហា បាននិយាយថា ទាំងទីក្រុងគៀវ និងទីក្រុងមូស្គូ ចាំបាច់ត្រូវធ្វើសម្បទានទឹកដីមួយចំនួនដើម្បីបិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ហើយថាកិច្ចចរចារបស់លោកជាមួយប្រធានាធិបតីរុស្ស៊ី លោក ពូទីន ក្នុងសប្ដាហ៍នេះ នឹងបង្ហាញភ្លាមៗថាតើមេដឹកនាំរុស្ស៊ី ពិតជាមានឆន្ទៈក្នុងការធ្វើសេចក្ដីសម្រេចចិត្តឱ្យមានកិច្ចព្រមព្រៀងសន្តិភាពមួយ ឬក៏មួយលោក ពូទីន អូសក្រឡាបន្តសង្គ្រាម។
នៅឯសន្និសីទសារព័ត៌មានមួយនៅសេតវិមាន លោក ត្រាំ និយាយថា រូបលោកអាចនឹងដឹងភ្លាមក្នុងពេល ២នាទី ថាតើកិច្ចចរចាជាមួយលោក ពូទីន នឹងមានភាពរីកចម្រើន ឬក៏អត់ ប៉ុន្តែបើតាមលោក ត្រាំ ទាំងអ៊ុយក្រែន និងរុស្ស៊ី ត្រូវតែធ្វើសម្បទានទឹកដីមួយចំនួនដើម្បីបិទបញ្ចប់សង្គ្រាម។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ត្រាំ កន្លងមកក៏ធ្លាប់បានលើកឡើងពីការធ្វើសម្បទានទឹកដីដើម្បីបិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ផងដែរ តែអ៊ុយក្រែន បានច្រានចោលដាច់ខាតការកាត់ទឹកដីដើម្បីបានសន្តិភាពពីអ្នកឈ្លានពាន។
ស្របពេលនេះ មេដឹកនាំអឺរ៉ុប និងលោក ហ្សេឡេនស្គី នឹងបើកកិច្ចពិភាក្សាជាមួយលោក ត្រាំ នៅមុនកិច្ចប្រជុំកំពូលរបស់លោកជាមួយលោក ពូទីន នៅរដ្ឋអាឡាស្កា នៅថ្ងៃសុក្រសប្ដាហ៍នេះ ចំពោះការព្រួយបារម្ភថាទីក្រុងវ៉ាស៊ីនតោន អាចនឹងយល់ព្រមលើលក្ខខណ្ឌសន្តិភាពដែលមិនផ្ដល់យុត្តិធម៌ដល់អ៊ុយក្រែន នោះទេ។
ក្រុមមេដឹកនាំអឺរ៉ុប និយាយក្នុងសេចក្តីថ្លែងការណ៍ថា៖ «ក្នុងនាមជាមេដឹកនាំនៃសហភាពអឺរ៉ុប យើងស្វាគមន៍កិច្ចប្រឹងប្រែងរបស់លោកប្រធានាធិបតី ត្រាំ ដែលសំដៅទៅរកការបិទបញ្ចប់សង្គ្រាមឈ្លានពានបង្កសង្គ្រាមវាយកាន់កាប់អ៊ុយក្រែន ពីសំណាក់រុស្ស៊ី និងការសម្រេចឱ្យបានសន្តិភាព និងសន្តិសុខ ប្រកបដោយភាពយុត្តិធម៌ និងឋិតថេរយូរអង្វែងសម្រាប់ប្រជាជនអ៊ុយក្រែន។»
សេចក្តីថ្លែងការណ៍របស់ក្រុមមេដឹកនាំអឺរ៉ុប បានបន្តថា៖ «សន្តិភាព យុត្តិធម៌ និងឋិតថេរយូរអង្វែង គឺជាការនាំមកនូវស្ថិរភាព និងសន្តិសុខ ដែលចាំបាច់ត្រូវតែគោរពច្បាប់អន្តរជាតិ គោលការណ៍នៃឯករាជភាព អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។ ប្រឆាំងដាច់ខាតការបង្ខិតបង្ខំអ៊ុយក្រែន ចុះចាញ់ទាំងអយុត្តិធម៌។»
ផែនការរបស់លោក ត្រាំ ទៅជួបសមភាគីរុស្ស៊ី លោក ពូទីន ដោយផ្ទាល់នៅថ្ងៃទី១៥ ខែសីហា នេះ គឺដើម្បីបញ្ចប់សង្គ្រាមពិតមែន តែលោក ត្រាំ កំពុងគាបអ៊ុយក្រែន ព្រមបោះបង់ទឹកដី បានបំផុសឱ្យមានចលនាការទូតយ៉ាងខ្លាំងទប់លោក ត្រាំ កុំឱ្យធ្លាក់ក្នុងមហិច្ឆតារបស់រុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី បានទូរសព្ទទៅប្រធានាធិបតីបារាំង នាយករដ្ឋមន្ត្រីអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ ស្នើសុំសម្ព័ន្ធមិត្តអឺរ៉ុប ធ្វើយ៉ាងណាឱ្យអ៊ុយក្រែន មានចំណែកក្នុងជំនួបប្រជុំនៅរដ្ឋអាឡាស្កា តែលោក ត្រាំ ថាមិនទាន់ដល់វេនលោក ហ្សេឡេនស្គី និងលោក ពូទីន ជួបគ្នាទេ។
លោក ត្រាំ ថាជំនួបត្រីភាគីអាចនឹងមាន តែត្រូវបន្តជួបចរចាថ្នាក់ដឹកនាំជាន់ទាបជាច្រើនលើកទៀត។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី រួមទាំងក្រុមមេដឹកនាំអឺរ៉ុប នឹងត្រូវជួបសន្ទនាជាមួយលោក ត្រាំ នាថ្ងៃពុធ ទី១៣ ខែសីហា ក្នុងសប្តាហ៍នេះ។
នៅក្នុងសមរភូមិឯណោះវិញ ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា កងទ័ពរបស់ខ្លួនបានដណ្តើមកាន់កាប់បានទីតាំងមួយចំនួនទៀតក្នុងខេត្តដូណែត ក្នុងតំបន់ដុនបាស់ ភាគខាងកើតអ៊ុយក្រែន ដែលរុស្ស៊ី កំពុងគាបអ៊ុយក្រែន ឱ្យបោះបង់ចោលការប្រយុទ្ធនៅសមរភូមិដ៏បង្ហូរឈាមគ្នាដ៏សាហាវនេះ។
កងទ័ពរុស្ស៊ី កំពុងពន្លឿនសកម្មភាពឈ្លានពានយ៉ាងខ្លាំងនាប៉ុន្មានខែចុងក្រោយមកនេះ ដោយបង្កើនវត្តមានទ័ពនៅខេត្តដូណែត ជាង ១១ម៉ឺននាក់។ តែយ៉ាងណា មេបញ្ជាការកងទ័ពអ៊ុយក្រែន ឧត្ដមសេនីយ៍ Oleksandr Syrskyi នៅតែអះអាងថា មកដល់ពេលនេះ កងទ័ពអ៊ុយក្រែន នៅតែទប់ជាប់ការវាយលុករបស់កងទ័ពរុស្ស៊ី គឺទប់បានស្ទើរគ្រប់សមរភូមិទាំងអស់ ហើយពេលខ្លះលោកថាទ័ពអ៊ុយក្រែន ក៏មានសមត្ថភាពវាយរុញច្រានទ័ពរុស្ស៊ី វិញដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
