30.7 C
Phnom Penh

លោក ហ្សេឡេនស្គី ថា​គ្មាន​សញ្ញា​បញ្ចប់​សង្គ្រាម​ទេ ខណៈ​លោក ត្រាំ គាប​អ៊ុយក្រែន ត្រូវ​កាត់​ទឹកដី​ទៅ​ឱ្យ​រុស្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

៣​ថ្ងៃ​ទៀត ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ នឹង​ត្រូវ​ជួប​មុខ​ផ្ទាល់​ជា​លើកដំបូង​ជាមួយ​សមភាគី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​នៅ​ថ្ងៃ​អង្គារ ទី​១២ ខែ​សីហា ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុប បាន​នាំគ្នា​សង្កត់​ធ្ងន់​អំពី​សិទ្ធិ​របស់​អ៊ុយក្រែន ក្នុង​ការ​ជ្រើសរើស​ជោគវាសនា​ខ្លួនឯង បន្ទាប់ពី​ដឹង​ថា​លោក ត្រាំ កំពុង​គាប​លោក ហ្សេឡេនស្គី ឱ្យ​កាត់​ទឹកដី​ទៅ​ឱ្យ​រុស្ស៊ី ដើម្បី​បាន​សន្តិភាព​ពី​វិមាន​ក្រឹមឡាំង សម្រាប់​ប្រជាជន​អ៊ុយក្រែន វិញ។

បើ​តាម​ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ឲ្យ​ដឹង​ថា រុស្ស៊ី​កំពុង​រៀបចំ​វាយលុក​ទ្រង់ទ្រាយ​ធំ​ទៅ​លើ​ដែនដី​អ៊ុយក្រែន ដោយ​លាតសន្ធឹង​សមរភូមិ​ថ្មី​ទៀត​ជាង ១២០០​គីឡូម៉ែត្រ។ ក្នុង​ន័យ​នេះ លោក ហ្សេឡេនស្គី មើល​មិន​ឃើញ​សញ្ញា​ណា​មួយ​ដែល​ក្រុង​មូស្គូ ចង់​បញ្ចប់​ការ​ឈ្លានពាន​អ៊ុយក្រែន នោះ​ទេ ដែល​លោក​ថា គេ​មិន​ត្រូវ​ជឿ​លោក ពូទីន ថា​ចង់​ធ្វើ​ឱ្យ​មាន​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​នោះ​ទេ។

លោក ពូទីន យល់​ថា ជំនួប​រវាង​លោក ដូណាល់ ត្រាំ និង​លោក ពូទីន នៅ​លើ​ដែនដី​រដ្ឋ​អាឡាស្កា សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៥ នេះ អាច​នឹង​បាន​ផលប្រយោជន៍​ទៅ​រុស្ស៊ី ព្រោះ​លោក ពូទីន អាច​ឆ្លៀត​ទាញ​ចំណេញ​ដើម្បី​បំពេញ​មហិច្ឆតា​របស់​លោក គឺ​ត្រូវ​ធ្វើ​ឱ្យ​រុស្ស៊ី ជោគជ័យ​ចំពោះ​ការ​បង្ក​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន។

លោក​ប្រធានាធិបតី​អ៊ុយក្រែន ទទូច​ឱ្យ​មាន​សម្ពាធ​ខ្លាំង​ថែមទៀត​ទៅ​លើ​ក្រុង​មូស្គូ ដោយ​មិន​ត្រូវ​គាប​សង្កត់​អ៊ុយក្រែន ផ្ដល់​ជ័យជម្នះ​ទៅ​ឱ្យ​អ្នក​ឈ្លានពាន​នោះ​ទេ។

ការ​ថ្លែង​ព្រួយ​បារម្ភ​របស់​លោក ហ្សេឡេនស្គី បន្ទាប់ពី​លោក ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ចន្ទ ទី​១១​ខែ​សីហា បាន​និយាយ​ថា ទាំង​ទីក្រុង​គៀវ និង​ទីក្រុង​មូស្គូ ចាំបាច់​ត្រូវ​ធ្វើ​សម្បទាន​ទឹកដី​មួយ​ចំនួន​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ហើយ​ថា​កិច្ច​ចរចា​របស់​លោក​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន ក្នុង​សប្ដាហ៍​នេះ នឹង​បង្ហាញ​ភ្លាមៗ​ថា​តើ​មេដឹកនាំ​រុស្ស៊ី ពិត​ជា​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ឱ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព​មួយ ឬ​ក៏​មួយ​លោក ពូទីន អូស​ក្រឡា​បន្ត​សង្គ្រាម។

នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​សេតវិមាន លោក ត្រាំ និយាយ​ថា រូបលោក​អាច​នឹង​ដឹង​ភ្លាម​ក្នុង​ពេល ២​នាទី ថា​តើ​កិច្ចចរចា​ជាមួយ​លោក ពូទីន នឹង​មាន​ភាព​រីកចម្រើន ឬ​ក៏​អត់ ប៉ុន្តែ​បើ​តាម​លោក ត្រាំ ទាំង​អ៊ុយក្រែន និង​រុស្ស៊ី ត្រូវតែ​ធ្វើ​សម្បទាន​ទឹកដី​មួយ​ចំនួន​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

លោក ត្រាំ កន្លង​មក​ក៏​ធ្លាប់​បាន​លើកឡើង​ពី​ការ​ធ្វើ​សម្បទាន​ទឹកដី​ដើម្បី​បិទ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន ផង​ដែរ តែ​អ៊ុយក្រែន បាន​ច្រានចោល​ដាច់ខាត​ការ​កាត់​ទឹកដី​ដើម្បី​បាន​សន្តិភាព​ពី​អ្នក​ឈ្លានពាន។

ស្រប​ពេលនេះ មេដឹកនាំ​អឺរ៉ុប និង​លោក ហ្សេឡេនស្គី នឹង​បើក​កិច្ចពិភាក្សា​ជាមួយ​លោក ត្រាំ នៅ​មុន​កិច្ចប្រជុំ​កំពូល​របស់​លោក​ជាមួយ​លោក ពូទីន នៅ​រដ្ឋ​អាឡាស្កា នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ចំពោះ​ការ​ព្រួយបារម្ភ​ថា​ទីក្រុង​វ៉ាស៊ីនតោន អាច​នឹង​យល់ព្រម​លើ​លក្ខខណ្ឌ​សន្តិភាព​ដែល​មិន​ផ្ដល់​យុត្តិធម៌​ដល់​អ៊ុយក្រែន នោះ​ទេ។

ក្រុម​មេដឹកនាំ​អឺរ៉ុប និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «ក្នុង​នាម​ជា​មេដឹកនាំ​នៃ​សហភាព​អឺរ៉ុប យើង​ស្វាគមន៍​កិច្ចប្រឹងប្រែង​របស់​លោក​ប្រធានាធិបតី ត្រាំ ដែល​សំដៅ​ទៅ​រក​ការ​បិទ​បញ្ចប់​សង្គ្រាម​ឈ្លានពាន​បង្ក​សង្គ្រាម​វាយ​កាន់កាប់​អ៊ុយក្រែន ពី​សំណាក់​រុស្ស៊ី និង​ការ​សម្រេច​ឱ្យ​បាន​សន្តិភាព និង​សន្តិសុខ ប្រកប​ដោយ​ភាព​យុត្តិធម៌ និង​ឋិតថេរ​យូរអង្វែង​សម្រាប់​ប្រជាជន​អ៊ុយក្រែន។»

សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​មេដឹកនាំ​អឺរ៉ុប បាន​បន្ត​ថា៖ «សន្តិភាព យុត្តិធម៌ និង​ឋិតថេរ​យូរអង្វែង គឺជា​ការ​នាំ​មក​នូវ​ស្ថិរភាព និង​សន្តិសុខ ដែល​ចាំបាច់​ត្រូវតែ​គោរព​ច្បាប់​អន្តរជាតិ គោលការណ៍​នៃ​ឯករាជភាព អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​អ៊ុយក្រែន ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ។ ប្រឆាំង​ដាច់ខាត​ការ​បង្ខិតបង្ខំ​អ៊ុយក្រែន ចុះចាញ់​ទាំង​អយុត្តិធម៌។»

ផែនការ​របស់​លោក ត្រាំ ទៅ​ជួប​សមភាគី​រុស្ស៊ី លោក ពូទីន ដោយ​ផ្ទាល់​នៅ​ថ្ងៃទី​១៥ ខែ​សីហា នេះ គឺ​ដើម្បី​បញ្ចប់​សង្គ្រាម​ពិត​មែន តែ​លោក ត្រាំ កំពុង​គាប​អ៊ុយក្រែន ព្រម​បោះបង់​ទឹកដី បាន​បំផុស​ឱ្យ​មាន​ចលនា​ការទូត​យ៉ាង​ខ្លាំង​ទប់​លោក ត្រាំ កុំ​ឱ្យ​ធ្លាក់​ក្នុង​មហិច្ឆតា​របស់​រុស្ស៊ី។

ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី បាន​ទូរសព្ទ​ទៅ​ប្រធានាធិបតី​បារាំង នាយករដ្ឋមន្ត្រី​អង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ ស្នើសុំ​សម្ព័ន្ធមិត្ត​អឺរ៉ុប ធ្វើ​យ៉ាងណា​ឱ្យ​អ៊ុយក្រែន មាន​ចំណែក​ក្នុង​ជំនួប​ប្រជុំ​នៅ​រដ្ឋ​អាឡាស្កា តែ​លោក ត្រាំ ថា​មិន​ទាន់​ដល់​វេន​លោក ហ្សេឡេនស្គី និង​លោក ពូទីន ជួប​គ្នា​ទេ។

លោក ត្រាំ ថា​ជំនួប​ត្រីភាគី​អាច​នឹង​មាន តែ​ត្រូវ​បន្ត​ជួប​ចរចា​ថ្នាក់ដឹកនាំ​ជាន់​ទាប​ជាច្រើន​លើក​ទៀត។

តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី រួម​ទាំង​ក្រុម​មេដឹកនាំ​អឺរ៉ុប នឹង​ត្រូវ​ជួប​សន្ទនា​ជាមួយ​លោក ត្រាំ នា​ថ្ងៃ​ពុធ ទី​១៣ ខែ​សីហា ក្នុង​សប្តាហ៍​នេះ។

នៅ​ក្នុង​សមរភូមិ​ឯណោះ​វិញ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​ប្រកាស​ថា កងទ័ព​របស់​ខ្លួន​បាន​ដណ្តើម​កាន់កាប់​បាន​ទីតាំង​មួយ​ចំនួន​ទៀត​ក្នុង​ខេត្ត​ដូណែត ក្នុង​តំបន់​ដុនបាស់ ភាគ​ខាងកើត​អ៊ុយក្រែន ដែល​រុស្ស៊ី កំពុង​គាប​អ៊ុយក្រែន ឱ្យ​បោះបង់​ចោល​ការ​ប្រយុទ្ធ​នៅ​សមរភូមិ​ដ៏​បង្ហូរ​ឈាម​គ្នា​ដ៏​សាហាវ​នេះ។

កងទ័ព​រុស្ស៊ី កំពុង​ពន្លឿន​សកម្មភាព​ឈ្លានពាន​យ៉ាង​ខ្លាំង​នា​ប៉ុន្មាន​ខែ​ចុងក្រោយ​មក​នេះ ដោយ​បង្កើន​វត្តមាន​ទ័ព​នៅ​ខេត្ត​ដូណែត ជាង ១១​ម៉ឺន​នាក់។ តែ​យ៉ាងណា មេបញ្ជាការ​កងទ័ព​អ៊ុយក្រែន ឧត្ដមសេនីយ៍ Oleksandr Syrskyi នៅតែ​អះអាង​ថា មក​ដល់​ពេលនេះ កងទ័ព​អ៊ុយក្រែន នៅតែ​ទប់​ជាប់​ការ​វាយលុក​របស់​កងទ័ព​រុស្ស៊ី គឺ​ទប់​បាន​ស្ទើរ​គ្រប់​សមរភូមិ​ទាំងអស់ ហើយ​ពេល​ខ្លះ​លោក​ថា​ទ័ព​អ៊ុយក្រែន ក៏​មាន​សមត្ថភាព​វាយ​រុញច្រាន​ទ័ព​រុស្ស៊ី វិញ​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស