លោក ហ្សេឡេនស្គី ប្រធានាធិបតីអ៊ុយក្រែន បន្តរំលឹកថា ពលរដ្ឋចិន កំពុងចូលរួមជួយប្រយុទ្ធទ័ពរុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។
ចិន ដែលតែងតែសន្យាថាខ្លួនឈរលើគោលការណ៍អព្យាក្រឹតក្នុងសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ហើយមិនបានចូលរួមដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ឈ្លានពានអ៊ុយក្រែន បានកំពុងរងការចោទប្រកាន់ពីប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ថាមហាអំណាចមួយនេះមិននៅខាងជនរងគ្រោះ និងជួយរកយុត្តិធម៌ដល់ជនរងគ្រោះនោះទេ តែបែរជាបន្តជួយអ្នកឈ្លានពានទៅវិញ។
កាលពីពេលថ្មីៗនេះ លោក ហ្សេឡេនស្គី បានច្រានចោលសំណើរបស់ទីក្រុងមូស្គូ ដែលស្នើឱ្យចិន មានតួនាទីចូលរួមក្នុងចម្រុះសុឆន្ទៈសន្តិសុខអឺរ៉ុប។ លោក ហ្សេឡេនស្គី បានហៅប្រទេសចិន ថាជាមហាអំណាចដែលមិនបានជួយស្ដារសណ្ដាប់ធ្នាប់ពិភពលោកហើយ ថែមទាំងជួយការពារប្រទេសដែលបំពានធម្មនុញ្ញអង្គការសហប្រជាជាតិទៅវិញ។
ជាថ្មីទៀតនេះ គេបានមើលឃើញសាររបស់លោក ហ្សេឡេនស្គី នៅលើបណ្ដាញសង្គម Instagram របស់លោក ដោយរំលឹកពីពលរដ្ឋចិន បានកំពុងជួយទ័ពរុស្ស៊ី នៅសមរភូមិវាយដណ្ដើមទឹកដីអ៊ុយក្រែន។
ជាមួយគ្នានេះ សេចក្តីរាយការណ៍ដោយសារព័ត៌មាន Aljazeera បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី អះអាងថាចារកម្មអ៊ុយក្រែន បានរកឃើញជនជាតិចិន ចំនួន ១៥៥នាក់កំពុងចូលរួមប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី ប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន។ លោកបន្ថែមថា ចំនួនពិតប្រាកដអាចមានតួលេខខ្ពស់ជាងនេះទៀត។
បើតាមលោក ហ្សេឡេនស្គី រុស្ស៊ីកំពុងប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីជ្រើសរើសពលរដ្ឋចិន ដែលលោកថាមន្ត្រីចិន បានដឹងអំពីការប្រមូលពលរដ្ឋចិន បំពេញបេសកកម្មជាកងទ័ពជួយទ័ពរុស្ស៊ី។
ទោះជាយ៉ាងណា លោក ហ្សេឡេនស្គី បានចោទសួរថា តើក្រុមជ្រើសរើសពលរដ្ឋចិន ទៅជួយកងទ័ពរុស្ស៊ី ទទួលបានការណែនាំផ្ទាល់ពីរដ្ឋាភិបាលទីក្រុងប៉េកាំង ដែរឬទេ?
លោក ហ្សេឡេនស្គី សង្កត់ធ្ងន់ថា ចិនកំពុងក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរសម្រាប់ទីក្រុងគៀវ។ បើតាមលោក ហ្សេឡេនស្គី កងទ័ពអ៊ុយក្រែន កាន់កាប់ឯកសារលម្អិត រួមទាំងឈ្មោះ និងលិខិតឆ្លងដែនរបស់មនុស្សទាំង ១៥៥នាក់ដែលកំពុងស្ថិតក្នុងសមរភូមិជួយទ័ពរុស្ស៊ី។
លោក ហ្សេឡេនស្គី ជឿថា មានជនជាតិចិនច្រើនជាងនេះកំពុងចូលរួមជួយប្រយុទ្ធជាមួយរុស្ស៊ី ប្រឆាំងនឹងកងទ័ពអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន អះអាងថា កន្លងមក កងទ័ពអ៊ុយក្រែន បានចាប់ខ្លួនពលរដ្ឋចិន ចំនួនពីរនាក់ដែលបានចូលរួមប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី នៅលើទឹកដីអ៊ុយក្រែន។ នេះជាលើកដំបូងដែលអ៊ុយក្រែន បានអះអាងជាផ្លូវការថាមានទាហានជនជាតិចិន ចូលរួមក្នុងសង្គ្រាមនៅអ៊ុយក្រែន។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ការអះអាងថាមានពលរដ្ឋចិនជាច្រើនកំពុងចូលរួមប្រយុទ្ធនៅអ៊ុយក្រែន គឺគ្មានមូលដ្ឋានច្បាស់លាស់ទេ។
លោក Lin Jian បានបន្ថែមថា រដ្ឋាភិបាលចិន តែងតែឲ្យពលរដ្ឋរបស់ខ្លួនជៀសវាងចូលទៅតំបន់មានជម្លោះប្រដាប់អាវុធ និងកុំចូលរួមក្នុងជម្លោះណាមួយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
ទីក្រុងប៉េកាំង ក៏កំពុងផ្ទៀងផ្ទាត់ព័ត៌មានជាមួយអាជ្ញាធរអ៊ុយក្រែន ផងដែរ។ ចំពោះរុស្ស៊ី វិញមិនបានផ្តល់ចម្លើយណាមួយចំពោះការលើកឡើងរបស់លោក ហ្សេឡេនស្គី នោះទេ។
ចិន តែងបង្ហាញខ្លួនថាជាភាគីអព្យាក្រឹតក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដោយអះអាងថា ទីក្រុងប៉េកាំង មិនបានផ្តល់ជំនួយយោធាដល់ភាគីណាមួយដូចជាសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចនោះទេ។
ទោះជាយ៉ាងណា ទីក្រុងប៉េកាំង បានផ្តល់ការគាំទ្រផ្នែកការទូតយ៉ាងរឹងមាំដល់រុស្ស៊ី ចាប់តាំងពីកងទ័ពរុស្ស៊ី បើកទ្វារព្រំដែនពេញលេញឈ្លានពានប្រទេសអ៊ុយក្រែន នៅខែកុម្ភៈ ឆ្នាំ២០២២ ហើយក៏បានផ្តល់នូវការគាំទ្រសេដ្ឋកិច្ចតាមរយៈពាណិជ្ជកម្មថាមពល និងទំនិញប្រើប្រាស់ផងដែរ។
បន្ថែមលើសពីនេះ ចារកម្មអ៊ុយក្រែន ថាក្រុមបច្ចេកវិទ្យាក្រុមហ៊ុនចិន ក៏បានជួយផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើកឱ្យកងទ័ពរុស្ស៊ី ដែរ។ ក្នុងពេលដូចគ្នានេះ មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ក៏បានអះអាងថា កូរ៉េខាងជើងនៅតែបន្តបញ្ជូនទ័ពរាប់ពាន់នាក់ និងផ្គត់ផ្គង់គ្រាប់កាំភ្លើងធំរាប់លានគ្រាប់ដល់រុស្ស៊ី ដើម្បីជួយពង្រឹងកម្លាំងទ័ពរបស់ខ្លួនដែលជួយទ័ពរុស្ស៊ី នៅសមរភូមិប្រឆាំងនឹងកងកម្លាំងទ័ពអ៊ុយក្រែន។
ជាមួយនឹងការគាំទ្រផ្នែកយោធា និងការទូតយ៉ាងរឹងមាំពីសហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុប សង្គ្រាមអ៊ុយក្រែន ក្លាយទៅជាការប្រកួតប្រជែងរវាងប្លុកមហាអំណាចធំៗលើពិភពលោក។
ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី បានបង្ហាញថា ទាហានអ៊ុយក្រែន កំពុងតាមចាប់ពលរដ្ឋចិន ដែលកំពុងចូលរួមប្រយុទ្ធជាមួយកងកម្លាំងរបស់រុស្ស៊ី នៅតំបន់ Donetsk។ តាមរបាយការណ៍ពីសារព័ត៌មាន Ukrainska Pravda ដោយយោងតាមកងទ័ពអ៊ុយក្រែន បានឱ្យដឹងថា ពលរដ្ឋចិន ដែលជាទាហានជួយទ័ពរុស្ស៊ី ពួកគាត់ទទួលការបណ្តុះបណ្តាលហ្វឹកហាត់នៅក្នុងតំបន់ Luhansk ដែនដីអ៊ុយក្រែន ភាគខាងកើត ដែលកាន់កាប់ដោយរុស្ស៊ី មុនបញ្ជូនទៅសមរភូមិជួរមុខ។
តាមប្រភពដដែលនេះ ពលរដ្ឋចិនជាច្រើនដែលចូលរួមប្រយុទ្ធ មានបញ្ហាផ្លូវច្បាប់ ដែលធ្វើឱ្យពួកគាត់ពិបាកត្រឡប់ទៅប្រទេសកំណើតវិញ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
