The Cambodia Daily Khmer

កាសែត​អន្តរជាតិ៖ លោក ហ៊ុន ម៉ាណែត បរាជ័យ​យ៉ាង​អាម៉ាស់​ក្នុង​ការ​ដឹកនាំ​កម្ពុជា​រយៈពេល​២​ឆ្នាំ​កន្លង​មក​នេះ

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន និង​ជា​ប្រធាន​ព្រឹទ្ធសភា និង​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ពិធី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៤ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥។

ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន និង​ជា​ប្រធាន​ព្រឹទ្ធសភា និង​កូនប្រុស​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ពិធី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៤ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥។

កាសែត​អន្តរជាតិ លើកឡើង​ថា នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត បាន​បរាជ័យ​យ៉ាង​អាម៉ាស់​ក្នុង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា រយៈពេល​ពីរ​ឆ្នាំ​មក​នេះ ព្រោះ​រដ្ឋាភិបាល​របស់​គាត់​មិន​អាច​លុបបំបាត់​អំពើពុករលួយ ស្ដារ​នីតិរដ្ឋ និង​កាត់បន្ថយ​ភាព​ក្រីក្រ ជាដើម ដែល​ធ្វើ​ឱ្យ​បាត់បង់​ផលប្រយោជន៍​របស់​ពលរដ្ឋ​យ៉ាង​ធំធេង។

សារព័ត៌មាន​អន្តរជាតិ The Diplomat ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតុន បាន​ចុះផ្សាយ​អត្ថបទ​ស្ដីពី​កម្ពុជា នៅ​ថ្ងៃទី​១៧ កញ្ញា នេះ​ថា កម្ពុជា​គឺជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​ជាប់​លេខ​រៀង​ទី​១៥៨ ខាង​អំពើពុករលួយ រួម​ទាំង​ជាប់​លេខ​១៤១ របស់​គម្រោង​យុត្តិធម៌​ពិភពលោក​ផង​ដែរ​ក្នុង​ឆ្នាំ​២០២៤ កន្លង​ទៅ ដែល​អំពើ​ទាំងអស់​នេះ​គឺជា​ដើមចម​នាំ​ទៅ​រក​ការ​បំផ្លាញ​ផលប្រយោជន៍​របស់​ជាតិ និង​ពលរដ្ឋ។

ប្រភព​ដដែល អះអាង​ថា មក​ទល់​នឹង​ពេលនេះ​មាន​រយៈពេល​ជាង​ពីរ​ឆ្នាំ​ហើយ​ដែល​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា ដោយ​ប្រើ​អំណាច​គាបសង្កត់​ផ្នែក​នយោបាយ និង​ការ​ចាប់​ខ្លួន​ក្រុម​ប្រឆាំង​រាប់​សិប​នាក់​ដាក់​គុក​ជា​រៀង​រាល់​ខែ ដូចជា សហជីព​កម្មករ អ្នក​ការពារ​បរិស្ថាន និង​សកម្មជន​ដីធ្លី ជាដើម។

The Diplomat សរសេរ​ថា លទ្ធផល​នៃ​ការដឹកនាំ​រយៈពេល​ពីរ​ឆ្នាំ​មក​នេះ បើ​ទោះបីជា​កម្ពុជា​មាន​បំណង​ចង់​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ក៏ដោយ ក៏​ពន្ធ​ថ្មី​របស់​សហរដ្ឋ​អាមេរិក និង​ការ​ធ្លាក់​ចុះ​នៃ​ការ​វិនិយោគ​បរទេស ប្រាកដជា​រារាំង​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ជាមិនខាន។

ប្រភព​ដដែល​បញ្ជាក់​ថា ប្រទេស​កម្ពុជា បាន​ទទួល​រង​នូវ​អតីតកាល​ដ៏​សោកសៅ​ក្រោម​របប​ខ្មែរក្រហម ប៉ុន្តែ​ពេលនេះ​បាន​ក្លាយ​ទៅ​ជា​របប​ផ្ដាច់ការ​គាបសង្កត់​ពលរដ្ឋ​ខ្មែរ ហើយ​ពលរដ្ឋ​ត្រឹម​លួច​សង្ឃឹម​ក្នុង​បំណង​ប្រាថ្នា​ចង់​បាន​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ចិត្ត​ប៉ុណ្ណោះ។

គិត​ត្រឹម​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៥ នេះ លោក ហ៊ុន ម៉ាណែត បាន​ដឹកនាំ​ប្រទេស​កម្ពុជា អស់​រយៈពេល​ពីរ​ឆ្នាំ ២៧​ថ្ងៃ​ហើយ បន្ទាប់ពី​ឡើង​កាន់​តំណែង​បន្ត​ពី​លោក ហ៊ុន សែន ដែល​ជា​ឪពុក កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២៣ កន្លង​ទៅ។

ជុំវិញ​បញ្ហា​នេះ ក្រុម​អ្នកវិភាគ និង​អ្នក​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ខ្លះ លើកឡើង​ថា ការ​គ្រប់គ្រង​ប្រទេស​របស់​លោក ហ៊ុន ម៉ាណែត រយៈពេល​ជាង ២​ឆ្នាំ​មក​នេះ គឺ​បាន​ត្រឹម​ដឹកនាំ​ក្រោម​ស្រមោល​របស់​លោក ហ៊ុន សែន ដែល​ជា​ឪពុក ដែល​អាច​ចាត់ទុក​ត្រឹមតែ​ជា​នាយករដ្ឋមន្ត្រី​ហាត់ការ​ប៉ុណ្ណោះ។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ (KOD) លោក ស៊ឹង សែនករុណា បាន​លើកឡើង​កាលពី​ពេល​ថ្មីៗ​នេះ​ថា តាម​ការ​សង្កេត​រយៈពេល​ជាង​ពីរ​ឆ្នាំ​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត បង្ហាញ​ថា ការ​ដឹកនាំ​របស់​គាត់ គឺ​ស្ថិត​ក្រោម​ការ​ចាត់ចែង​របស់​លោក ហ៊ុន សែន ជាជាង​ការ​ដឹកនាំ​ដោយ​សមត្ថភាព និង​ការ​យល់ដឹង​ផ្ទាល់ខ្លួន។

លោក ស៊ឹង សែនករុណា បញ្ជាក់​ថា ទោះបី​លោក ហ៊ុន ម៉ាណែត បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​នយោបាយ​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋាភិបាល​ជាង ២​ឆ្នាំ​ហើយ​ក៏ដោយ ប៉ុន្តែ​បើ​ពិនិត្យ​លើ​សមត្ថភាព​ផ្ទាល់​របស់​គាត់ គឺ​មិន​ទាន់​អាច​ដឹកនាំ​កម្ពុជា បាន​នៅឡើយ​ទេ ព្រោះ​ការ​ចាត់ចែង​គ្រប់គ្រង​ទាំងឡាយ​ស្ថិត​នៅ​ក្រោម​ការ​បញ្ជា​ពី​ឪពុក​ទាំងអស់៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version