កាសែតអន្តរជាតិ លើកឡើងថា នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន ម៉ាណែត បានបរាជ័យយ៉ាងអាម៉ាស់ក្នុងការដឹកនាំប្រទេសកម្ពុជា រយៈពេលពីរឆ្នាំមកនេះ ព្រោះរដ្ឋាភិបាលរបស់គាត់មិនអាចលុបបំបាត់អំពើពុករលួយ ស្ដារនីតិរដ្ឋ និងកាត់បន្ថយភាពក្រីក្រ ជាដើម ដែលធ្វើឱ្យបាត់បង់ផលប្រយោជន៍របស់ពលរដ្ឋយ៉ាងធំធេង។
សារព័ត៌មានអន្តរជាតិ The Diplomat ដែលមានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតុន បានចុះផ្សាយអត្ថបទស្ដីពីកម្ពុជា នៅថ្ងៃទី១៧ កញ្ញា នេះថា កម្ពុជាគឺជាប្រទេសអភិវឌ្ឍន៍តិចតួច និងជាប់លេខរៀងទី១៥៨ ខាងអំពើពុករលួយ រួមទាំងជាប់លេខ១៤១ របស់គម្រោងយុត្តិធម៌ពិភពលោកផងដែរក្នុងឆ្នាំ២០២៤ កន្លងទៅ ដែលអំពើទាំងអស់នេះគឺជាដើមចមនាំទៅរកការបំផ្លាញផលប្រយោជន៍របស់ជាតិ និងពលរដ្ឋ។
ប្រភពដដែល អះអាងថា មកទល់នឹងពេលនេះមានរយៈពេលជាងពីរឆ្នាំហើយដែលលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ដោយប្រើអំណាចគាបសង្កត់ផ្នែកនយោបាយ និងការចាប់ខ្លួនក្រុមប្រឆាំងរាប់សិបនាក់ដាក់គុកជារៀងរាល់ខែ ដូចជា សហជីពកម្មករ អ្នកការពារបរិស្ថាន និងសកម្មជនដីធ្លី ជាដើម។
The Diplomat សរសេរថា លទ្ធផលនៃការដឹកនាំរយៈពេលពីរឆ្នាំមកនេះ បើទោះបីជាកម្ពុជាមានបំណងចង់ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបក៏ដោយ ក៏ពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងការធ្លាក់ចុះនៃការវិនិយោគបរទេស ប្រាកដជារារាំងដល់កំណើនសេដ្ឋកិច្ចរបស់កម្ពុជាជាមិនខាន។
ប្រភពដដែលបញ្ជាក់ថា ប្រទេសកម្ពុជា បានទទួលរងនូវអតីតកាលដ៏សោកសៅក្រោមរបបខ្មែរក្រហម ប៉ុន្តែពេលនេះបានក្លាយទៅជារបបផ្ដាច់ការគាបសង្កត់ពលរដ្ឋខ្មែរ ហើយពលរដ្ឋត្រឹមលួចសង្ឃឹមក្នុងបំណងប្រាថ្នាចង់បានលទ្ធិប្រជាធិបតេយ្យនៅក្នុងចិត្តប៉ុណ្ណោះ។
គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោក ហ៊ុន ម៉ាណែត បានដឹកនាំប្រទេសកម្ពុជា អស់រយៈពេលពីរឆ្នាំ ២៧ថ្ងៃហើយ បន្ទាប់ពីឡើងកាន់តំណែងបន្តពីលោក ហ៊ុន សែន ដែលជាឪពុក កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។
ជុំវិញបញ្ហានេះ ក្រុមអ្នកវិភាគ និងអ្នកនយោបាយក្រៅរដ្ឋាភិបាលខ្លះ លើកឡើងថា ការគ្រប់គ្រងប្រទេសរបស់លោក ហ៊ុន ម៉ាណែត រយៈពេលជាង ២ឆ្នាំមកនេះ គឺបានត្រឹមដឹកនាំក្រោមស្រមោលរបស់លោក ហ៊ុន សែន ដែលជាឪពុក ដែលអាចចាត់ទុកត្រឹមតែជានាយករដ្ឋមន្ត្រីហាត់ការប៉ុណ្ណោះ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ (KOD) លោក ស៊ឹង សែនករុណា បានលើកឡើងកាលពីពេលថ្មីៗនេះថា តាមការសង្កេតរយៈពេលជាងពីរឆ្នាំក្នុងតំណែងជានាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត បង្ហាញថា ការដឹកនាំរបស់គាត់ គឺស្ថិតក្រោមការចាត់ចែងរបស់លោក ហ៊ុន សែន ជាជាងការដឹកនាំដោយសមត្ថភាព និងការយល់ដឹងផ្ទាល់ខ្លួន។
លោក ស៊ឹង សែនករុណា បញ្ជាក់ថា ទោះបីលោក ហ៊ុន ម៉ាណែត បានចូលប្រឡូកក្នុងវិស័យនយោបាយក្នុងនាមជាប្រមុខរដ្ឋាភិបាលជាង ២ឆ្នាំហើយក៏ដោយ ប៉ុន្តែបើពិនិត្យលើសមត្ថភាពផ្ទាល់របស់គាត់ គឺមិនទាន់អាចដឹកនាំកម្ពុជា បាននៅឡើយទេ ព្រោះការចាត់ចែងគ្រប់គ្រងទាំងឡាយស្ថិតនៅក្រោមការបញ្ជាពីឪពុកទាំងអស់៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

