អតីតតំណាងរាស្ត្របក្សប្រឆាំងមណ្ឌលកំពង់ស្ពឺ ទម្លាយថា ខ្លួននឹងវិលចូលឆាកនយោបាយកម្ពុជា វិញ បន្ទាប់ពីរង់ចាំអស់រយៈពេលជិត ១ទសវត្សរ៍ (៨ឆ្នាំ) ក្រោយពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយកាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តកំពង់ស្ពឺ លោក សួន រីដា បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៦ វិច្ឆិកា ថា ចាប់តាំងពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ មក គឺមានរយៈពេល ៨ឆ្នាំហើយ។ លោកបន្តថា ចាប់ពីគណបក្សនេះត្រូវបានរំលាយមក លោកមិនដែលចូលរួមនយោបាយជាមួយគណបក្សណាមួយឡើយ។
លោក សួន រីដា លើកឡើងថា យ៉ាងណាក៏ដោយ ដោយសារសព្វថ្ងៃនេះស្ថានភាពប្រទេសកម្ពុជាមានសភាពធ្ងន់ធ្ងរជុំវិញសង្គ្រាមឈ្លានពានពីប្រទេសថៃ ខណៈសេដ្ឋកិច្ចគ្រួសាររបស់ពលរដ្ឋខ្មែរកំពុងធ្លាក់ដុនដាប និងជាប់បំណុលដោះខ្លួនពុំរួច ផលិតផលកសិកម្មចុះថោក ដូច្នេះក្នុងនាមលោកជាអ្នកនយោបាយ មិនអាចសម្ងំសុខឈរឱបដៃមើលទុក្ខវេទនារបស់ពលរដ្ឋបន្តទៀតឡើយ។
លោកបន្តថា លោកនឹងឈានជើងចូលឆាកនយោបាយវិញ ដោយចូលរួមជាមួយគណបក្សដែលមានលក្ខណសម្បត្តិគួរឱ្យទុកចិត្តបាន។
មន្ត្រីបក្សប្រឆាំងរូបនេះបញ្ជាក់ថា ទស្សនៈ និងគោលការណ៍របស់លោក គឺដើម្បីបង្រួបបង្រួមខ្មែរ ដោយមិនចាត់ទុកខ្មែរណាមួយជាសត្រូវ និងដើម្បីចូលរួមជួយប្រទេសជាតិ ទោះបីជាគណបក្សប្រឆាំងក៏ដោយ ក៏មិនប្រឆាំងជ្រុលនិយមដែរ។ លោកបន្តថា ទោះបីលោករិះគន់ទង្វើអវិជ្ជមានរបស់រដ្ឋាភិបាលក៏ដោយ ក៏ដើម្បីកែលម្អតែប៉ុណ្ណោះ។
ប្រធានចលនាយុវជនសង្គ្រោះជាតិប្រចាំប្រទេសកូរ៉េខាងត្បូង លោក មាស ពិសាល កាលពីថ្ងៃទី៥ ខែវិច្ឆិកា បានអំពាវនាវឱ្យអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិភាគីលោក កឹម សុខា រួមមានលោក មាជ សុវណ្ណារ៉ា លោក យ៉ែម បុញ្ញឫទ្ធិ លោក ប៉ុល ហំម និងលោក សួន រីដា រួបរួមគ្នាជាកម្លាំងឡើងវិញដើម្បីបន្តសកម្មភាពនយោបាយទៅមុខទៀត។
លោក មាស ពិសាល លើកឡើងថា ក្នុងនាមលោកជាប្រធានចលនាយុវជនសង្គ្រោះជាតិ និងជាតំណាងយុវជនជាច្រើននៅប្រទេសកូរ៉េខាងត្បូង ប្ដេជ្ញាគាំទ្រអ្នកទាំងនោះពេញទំហឹង ព្រោះពេលនេះ គឺល្មមដល់ពេលដែលពួកគេត្រូវរួបរួមគ្នាវិលចូលឆាកនយោបាយឡើងវិញហើយ។
គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូល ប្រកាសរំលាយតាមបញ្ជាមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីមេដឹកនាំបក្សនេះត្រូវបានសមត្ថកិច្ចសម្រុកចូលទៅចាប់ខ្លួនដល់គេហដ្ឋានទាំងមានអភ័យឯកសិទ្ធិតំណាងរាស្ត្រ កាលពីដើមខែកញ្ញា ក្នុងឆ្នាំដដែលនោះ។
បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ដួលរលំ និងមេដឹកនាំបក្សត្រូវចាប់ខ្លួន មន្ត្រីជាន់ខ្ពស់បក្សនេះបានដើរចេញទៅបង្កើតបក្សនយោបាយថ្មីដោយខ្លួនឯងរៀងៗខ្លួន ខណៈសមាជិកបក្សខ្លះទៀតក៏នាំគ្នាទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដែរ។
ជាក់ស្តែង លោក យ៉ែម បុញ្ញឫទ្ធិ បានចេញទៅបង្កើតគណបក្សកម្ពុជានិយម កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈលោក ប៉ុល ហំម ក៏បានចេញទៅបង្កើតគណបក្សកែទម្រង់កម្ពុជា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដែរ ចំណែកលោក មាជ សុវណ្ណារ៉ា ក៏បានចេញទៅបង្កើតគណបក្សជំនាន់ថ្មី កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ថែមទៀត។
ដោយឡែកលោក សួន រីដា ដែលជាអតីតតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ របស់គណបក្សសង្គ្រោះជាតិ មិនបានចេញទៅបង្កើតបក្សនយោបាយ ឬទៅចូលរួមក្នុងគណបក្សនយោបាយណាមួយនៅឡើយទេ រហូតមកដល់ពេលនេះ។
គណបក្សសង្គ្រោះជាតិ ត្រូវបានបង្កើតឡើងដោយក្រុមអ្នកនយោបាយអាវលឿងដែលមកពីគណបក្សសិទ្ធិមនុស្ស និងក្រុមអ្នកនយោបាយអាវសដែលមកពីគណបក្សភ្លើងទៀន ប៉ុន្តែក្រោយគណបក្សសង្គ្រោះជាតិ ត្រូវរំលាយ ក្រុមអ្នកនយោបាយទាំងពីរបក្សនេះក៏បែកបាក់គ្នាខ្ចាត់ខ្ចាយដែរ ដោយចេញទៅបង្កើតបក្សថ្មី ឬក្រុមចលនាផ្សេងៗរៀងៗខ្លួន៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
