26.6 C
Phnom Penh

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​គ្រោង​វិល​ចូល​ឆាក​នយោបាយ​វិញ បន្ទាប់ពី​រង់ចាំ​អស់​រយៈពេល​ជិត​១​ទសវត្សរ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​មណ្ឌល​កំពង់ស្ពឺ ទម្លាយ​ថា ខ្លួន​នឹង​វិល​ចូល​ឆាក​នយោបាយ​កម្ពុជា វិញ បន្ទាប់ពី​រង់ចាំ​អស់​រយៈពេល​ជិត ១​ទសវត្សរ៍ (៨​ឆ្នាំ) ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​កាលពី​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ កន្លង​ទៅ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ លោក សួន រីដា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ វិច្ឆិកា ថា ចាប់តាំងពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​រំលាយ​កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មក គឺ​មាន​រយៈពេល ៨​ឆ្នាំ​ហើយ។ លោក​បន្ត​ថា ចាប់ពី​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ​មក លោក​មិន​ដែល​ចូលរួម​នយោបាយ​ជាមួយ​គណបក្ស​ណា​មួយ​ឡើយ។

លោក សួន រីដា លើកឡើង​ថា យ៉ាងណាក៏ដោយ ដោយសារ​សព្វថ្ងៃ​នេះ​ស្ថានភាព​ប្រទេស​កម្ពុជា​មាន​សភាព​ធ្ងន់ធ្ងរ​ជុំវិញ​សង្គ្រាម​ឈ្លានពាន​ពី​ប្រទេស​ថៃ ខណៈ​សេដ្ឋកិច្ច​គ្រួសារ​របស់​ពលរដ្ឋ​ខ្មែរ​កំពុង​ធ្លាក់​ដុនដាប និង​ជាប់​បំណុល​ដោះ​ខ្លួន​ពុំ​រួច ផលិតផល​កសិកម្ម​ចុះ​ថោក ដូច្នេះ​ក្នុង​នាម​លោក​ជា​អ្នក​នយោបាយ មិន​អាច​សម្ងំ​សុខ​ឈរ​ឱបដៃ​មើល​ទុក្ខវេទនា​របស់​ពលរដ្ឋ​បន្ត​ទៀត​ឡើយ។

លោក​បន្ត​ថា លោក​នឹង​ឈាន​ជើង​ចូល​ឆាក​នយោបាយ​វិញ ដោយ​ចូលរួម​ជាមួយ​គណបក្ស​ដែល​មាន​លក្ខណសម្បត្តិ​គួរ​ឱ្យ​ទុកចិត្ត​បាន។

មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ទស្សនៈ និង​គោលការណ៍​របស់​លោក គឺ​ដើម្បី​បង្រួបបង្រួម​ខ្មែរ ដោយ​មិន​ចាត់ទុក​ខ្មែរ​ណា​មួយ​ជា​សត្រូវ និង​ដើម្បី​ចូលរួម​ជួយ​ប្រទេស​ជាតិ ទោះបីជា​គណបក្ស​ប្រឆាំង​ក៏ដោយ ក៏​មិន​ប្រឆាំង​ជ្រុល​និយម​ដែរ។ លោក​បន្ត​ថា ទោះបី​លោក​រិះគន់​ទង្វើ​អវិជ្ជមាន​របស់​រដ្ឋាភិបាល​ក៏ដោយ ក៏​ដើម្បី​កែលម្អ​តែប៉ុណ្ណោះ។

ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង លោក មាស ពិសាល កាលពី​ថ្ងៃទី​៥ ខែ​វិច្ឆិកា បាន​អំពាវនាវ​ឱ្យ​អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ភាគី​លោក កឹម សុខា រួម​មាន​លោក មាជ សុវណ្ណារ៉ា លោក យ៉ែម បុញ្ញឫទ្ធិ លោក ប៉ុល ហំម និង​លោក សួន រីដា រួបរួម​គ្នា​ជា​កម្លាំង​ឡើងវិញ​ដើម្បី​បន្ត​សកម្មភាព​នយោបាយ​ទៅ​មុខ​ទៀត។

លោក មាស ពិសាល លើកឡើង​ថា ក្នុង​នាម​លោក​ជា​ប្រធាន​ចលនា​យុវជន​សង្គ្រោះ​ជាតិ និង​ជា​តំណាង​យុវជន​ជាច្រើន​នៅ​ប្រទេស​កូរ៉េខាងត្បូង ប្ដេជ្ញា​គាំទ្រ​អ្នក​ទាំងនោះ​ពេញ​ទំហឹង ព្រោះ​ពេលនេះ គឺ​ល្មម​ដល់​ពេល​ដែល​ពួកគេ​ត្រូវ​រួបរួម​គ្នា​វិល​ចូល​ឆាក​នយោបាយ​ឡើងវិញ​ហើយ។

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល ប្រកាស​រំលាយ​តាម​បញ្ជា​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ បន្ទាប់ពី​មេដឹកនាំ​បក្ស​នេះ​ត្រូវ​បាន​សមត្ថកិច្ច​សម្រុក​ចូល​ទៅ​ចាប់​ខ្លួន​ដល់​គេហដ្ឋាន​ទាំង​មាន​អភ័យ​ឯកសិទ្ធិ​តំណាងរាស្ត្រ កាលពី​ដើម​ខែ​កញ្ញា ក្នុង​ឆ្នាំ​ដដែល​នោះ។

បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ ដួល​រលំ និង​មេដឹកនាំ​បក្ស​ត្រូវ​ចាប់​ខ្លួន មន្ត្រី​ជាន់ខ្ពស់​បក្ស​នេះ​បាន​ដើរ​ចេញ​ទៅ​បង្កើត​បក្ស​នយោបាយ​ថ្មី​ដោយ​ខ្លួនឯង​រៀងៗ​ខ្លួន ខណៈ​សមាជិក​បក្ស​ខ្លះ​ទៀត​ក៏​នាំគ្នា​ទៅ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន ដែរ។

ជាក់ស្តែង លោក យ៉ែម បុញ្ញឫទ្ធិ បាន​ចេញ​ទៅ​បង្កើត​គណបក្ស​កម្ពុជា​និយម កាលពី​ថ្ងៃទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ខណៈ​លោក ប៉ុល ហំម ក៏បាន​ចេញ​ទៅ​បង្កើត​គណបក្ស​កែទម្រង់​កម្ពុជា កាលពី​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១ ដែរ ចំណែក​លោក មាជ សុវណ្ណារ៉ា ក៏បាន​ចេញ​ទៅ​បង្កើត​គណបក្ស​ជំនាន់​ថ្មី កាលពី​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៣ ថែមទៀត។

ដោយឡែក​លោក សួន រីដា ដែល​ជា​អតីត​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ចេញ​ទៅ​បង្កើត​បក្ស​នយោបាយ ឬ​ទៅ​ចូលរួម​ក្នុង​គណបក្ស​នយោបាយ​ណា​មួយ​នៅឡើយ​ទេ រហូត​មក​ដល់​ពេលនេះ។

គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​នយោបាយ​អាវ​លឿង​ដែល​មកពី​គណបក្ស​សិទ្ធិមនុស្ស និង​ក្រុម​អ្នក​នយោបាយ​អាវ​ស​ដែល​មកពី​គណបក្ស​ភ្លើងទៀន ប៉ុន្តែ​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​រំលាយ ក្រុម​អ្នក​នយោបាយ​ទាំង​ពីរ​បក្ស​នេះ​ក៏​បែកបាក់​គ្នា​ខ្ចាត់ខ្ចាយ​ដែរ ដោយ​ចេញ​ទៅ​បង្កើត​បក្ស​ថ្មី ឬ​ក្រុម​ចលនា​ផ្សេងៗ​រៀងៗ​ខ្លួន៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស