អតីតមេធាវីសាលាក្ដីខ្មែរក្រហម លោក កង ឫទ្ធិគិរី លើកឡើងថា ជម្លោះព្រំដែនប្រទេសកម្ពុជា និងប្រទេសថៃឡង់ដ៍ ដែលមានសភាពតានតឹងឡើងវិញនាពេលនេះ ទំនងជាថៃ ទទួលបានភ្លើងបៃតងពីចិន ព្រោះទំនាក់ទំនងក្រុងប៉េកាំង និងក្រុងបាងកក មានភាពជិតស្និទ្ធជាងមុនក្នុងរយៈពេលចុងក្រោយនេះ។
លោក កង ឫទ្ធិគិរី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៣ វិច្ឆិកា នេះថា ប្រសិនបើសង្គ្រាមកម្ពុជា-ថៃ ផ្ទុះឡើងវិញមែន នោះទំហំ និងរយៈពេលនៃសង្គ្រាមនេះ គឺអាស្រ័យលើអន្តរាគមន៍ពីចិន និងសហរដ្ឋអាមេរិកទាំងស្រុង។
ប្រភពដដែល លើកឡើងថា ថៃមិនមានលទ្ធភាពវាយចូលក្នុងទឹកដីប្រទេសកម្ពុជា ទេ បើចិន មិនផ្គត់ផ្គង់អាវុធឱ្យ ប៉ុន្តែបើថៃ បង្ហាញទំនោរលម្អៀងទៅរកចិន ខ្លាំងពេក នោះសហរដ្ឋអាមេរិកក៏នឹងបើកផ្លូវកាន់តែធំក្នុងការលក់អាវុធឱ្យប្រទេសកម្ពុជា ដែរ។
អ្នកតាមដានស្ថានការណ៍ប្រទេសកម្ពុជា រូបនេះ បញ្ជាក់ថា ភូមិសាស្ត្រនយោបាយពិភពលោកកំពុងប្រែប្រួលខ្លាំងក្នុងឆ្នាំ២០២៥ នេះ ក្រោយទីផ្សារអាវុធចិន និងអាមេរិក សម្រុកចូលក្នុងតំបន់អាស៊ាន ខណៈមហាអំណាចកុម្មុយនីស្តចិន អាចបង្វែរការផ្គត់ផ្គង់អាវុធពីប្រទេសកម្ពុជា ឱ្យទៅប្រទេសថៃ វិញ ក្រោយពីសហរដ្ឋអាមេរិក ប្រកាសបើកផ្លូវទីផ្សារអាវុធសម្រាប់ប្រទេសកម្ពុជា សាជាថ្មីនាពេលនេះ។
លោកគូសបញ្ជាក់ថា ការផ្ទុះអាវុធនៅភូមិព្រៃចាន់ ទំនងជាការសាកល្បងការអត់ធ្មត់ និងការប៉ាន់ស្មានកម្លាំងការពារអធិបតេយ្យជាតិរបស់កម្ពុជា ផង ហើយក៏ជាសញ្ញានៃការចាប់ផ្ដើមសង្គ្រាមតាមព្រំដែនរវាងកម្ពុជា-ថៃ សាជាថ្មីឡើងវិញផងដែរ។
នៅថ្ងៃទី១៣ ខែវិច្ឆិកា នេះ កាសែតថៃ The Nation ចុះផ្សាយថា នាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល បានអមដំណើរព្រះមហាក្សត្រថៃ Maha Vajiralongkorn និងព្រះជាយា Suthida ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងភ្លាមៗក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ បានផ្ទុះអាវុធសាជាថ្មី បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ ប្រកាសដកខ្លួនចេញពីសេចក្តីប្រកាសព្រមព្រៀងរកសន្តិភាពបានត្រឹមតែ ២ថ្ងៃប៉ុណ្ណោះ។
កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កាសែតថៃ ខៅស៊ុត (Khaosod) បានរាយការណ៍ថា នាយករដ្ឋមន្ត្រីថៃ បានប្រកាសដកខ្លួនចេញពីការប្រកាសរួមព្រមព្រៀងសន្តិភាពជាមួយប្រទេសកម្ពុជា បន្ទាប់ពីថៃ បានយល់ព្រមចុះហត្ថលេខាលើឯកសារផ្លូវការនេះដែលមានប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ធ្វើជាសាក្សីបានត្រឹមតែ ១៤ថ្ងៃប៉ុណ្ណោះ។
លោក ជុំ ឈាង អតីតនាយទាហានជាន់ខ្ពស់ក្នុងចលនាតស៊ូនាទសវត្សរ៍១៩៨០ បញ្ជាក់ថា គេមិនដឹងថាតើការអនុវត្តនូវខ្លឹមសារដែលបានចែងក្នុងសេចក្តីប្រកាសរួមកិច្ចព្រមព្រៀងរកសន្តិភាពនេះ អាចដំណើរការទៅបាន ឬក៏អត់នោះទេ ដែលនេះគឺជាឧបសគ្គអាចនឹងកើតមាន ប្រសិនបើការចុះហត្ថលេខានៅទីក្រុងកូឡាឡាំពួរ គ្មានវត្តមានចិន មែននោះ។
ចំពោះទំនាក់ទំនងរវាងថៃ និងចិន វិទ្យាស្ថានបច្ចេកវិទ្យាថៃ DTI បានប្រគល់សព្វាវុធទំនើបធុនធ្ងន់ដល់កងទ័ពជើងគោកថៃ ផ្នែកកាំភ្លើងធំ ដែលគេអះអាងថាបានពីការផ្ទេរបច្ចេកទេសពីប្រទេសចិន ហើយដំឡើងដោយយោធាថៃ។
ឧត្ដមសេនីយ៍ ណាផន សាងសោមវង្ស បានប្រគល់ដល់នាយអគ្គសេនាធិការកងទ័ពជើងគោក ឧត្ដមសេនីយ៍ អនុភាព សិរីមនធន នូវប្រព័ន្ធរ៉ុក្កែតចម្រុះ Multiple Rocket Launcher System (MRLS) ប្រភេទ DTI-1G Guided គឺប្រើប្រព័ន្ធកាំជ្រួចតម្រង់ចំណុចដៅ និងប្រភេទ D11A ដែលអាចបាញ់គ្រាប់បាន ៥យ៉ាងចេញពីរថយន្តផ្ទុក៖ គ្រាប់ទំហំ ១២២មិល្លីម៉ែត្រ បាញ់ចម្ងាយ ៤០គីឡូម៉ែត្រ; គ្រាប់ទំហំ ៣០៦មិល្លីម៉ែត្រ បាញ់ចម្ងាយ ១៥០គីឡូម៉ែត្រ និងគ្រាប់ទំហំ ១៧០មិល្លីម៉ែត្រ បាញ់ចម្ងាយ ៣០០គីឡូម៉ែត្រ។ បើគេប្រើប្រព័ន្ធ Elbit ទិញពីប្រទេសអ៊ីស្រាអែល អាចបាញ់បានចម្ងាយ ៤៥០គីឡូម៉ែត្រ។
យ៉ាងណាមិញ នាយកកាសែតដើមអម្ពិល (DAP NEWS) លោក សយ សុភាព បានអះអាងកាលពីថ្ងៃទី០៩ ខែតុលា កន្លងទៅដែរថា គ្មានការចុះហត្ថលេខាលើជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ណាមួយដោយអវត្តមានមហាមិត្តចិន ដាច់ខាត បើផ្អែកលើភូមិសាស្ត្រនយោបាយ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
