27.3 C
Phnom Penh

អ្នក​ច្បាប់​ពី​សាលាក្ដី​ខ្មែរក្រហម​ថ្លែង​ថា ភាព​តានតឹង​ខ្មែរ-ថៃ ទំនង​មកពី​ទំនាក់ទំនង​ថៃ-ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លោក កង ឫទ្ធិគិរី លើកឡើង​ថា ជម្លោះ​ព្រំដែន​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ ដែល​មាន​សភាព​តានតឹង​ឡើងវិញ​នា​ពេលនេះ ទំនង​ជា​ថៃ ទទួល​បាន​ភ្លើង​បៃតង​ពី​ចិន ព្រោះ​ទំនាក់ទំនង​ក្រុង​ប៉េកាំង និង​ក្រុង​បាងកក មាន​ភាព​ជិតស្និទ្ធ​ជាង​មុន​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។

លោក កង ឫទ្ធិគិរី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ វិច្ឆិកា នេះ​ថា ប្រសិនបើ​សង្គ្រាម​កម្ពុជា-ថៃ ផ្ទុះ​ឡើងវិញ​មែន នោះ​ទំហំ និង​រយៈពេល​នៃ​សង្គ្រាម​នេះ គឺ​អាស្រ័យ​លើ​អន្តរាគមន៍​ពី​ចិន និង​សហរដ្ឋ​អាមេរិក​ទាំងស្រុង។

ប្រភព​ដដែល លើកឡើង​ថា ថៃ​មិន​មាន​លទ្ធភាព​វាយ​ចូល​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា ទេ បើ​ចិន មិន​ផ្គត់ផ្គង់​អាវុធ​ឱ្យ ប៉ុន្តែ​បើ​ថៃ បង្ហាញ​ទំនោរ​លម្អៀង​ទៅ​រក​ចិន ខ្លាំង​ពេក នោះ​សហរដ្ឋ​អាមេរិក​ក៏​នឹង​បើក​ផ្លូវ​កាន់តែ​ធំ​ក្នុង​ការ​លក់​អាវុធ​ឱ្យ​ប្រទេស​កម្ពុជា ដែរ។

អ្នក​តាមដាន​ស្ថានការណ៍​ប្រទេស​កម្ពុជា រូប​នេះ បញ្ជាក់​ថា ភូមិសាស្ត្រ​នយោបាយ​ពិភពលោក​កំពុង​ប្រែប្រួល​ខ្លាំង​ក្នុង​ឆ្នាំ​២០២៥ នេះ ក្រោយ​ទីផ្សារ​អាវុធ​ចិន និង​អាមេរិក សម្រុក​ចូល​ក្នុង​តំបន់​អាស៊ាន ខណៈ​មហាអំណាច​កុម្មុយនីស្ត​ចិន អាច​បង្វែរ​ការ​ផ្គត់ផ្គង់​អាវុធ​ពី​ប្រទេស​កម្ពុជា ឱ្យ​ទៅ​ប្រទេស​ថៃ វិញ ក្រោយ​ពី​សហរដ្ឋ​អាមេរិក ប្រកាស​បើក​ផ្លូវ​ទីផ្សារ​អាវុធ​សម្រាប់​ប្រទេស​កម្ពុជា សាជាថ្មី​នា​ពេលនេះ។

លោក​គូសបញ្ជាក់​ថា ការ​ផ្ទុះ​អាវុធ​នៅ​ភូមិ​ព្រៃចាន់ ទំនង​ជា​ការ​សាកល្បង​ការ​អត់ធ្មត់ និង​ការ​ប៉ាន់ស្មាន​កម្លាំង​ការពារ​អធិបតេយ្យ​ជាតិ​របស់​កម្ពុជា ផង ហើយ​ក៏​ជា​សញ្ញា​នៃ​ការ​ចាប់ផ្ដើម​សង្គ្រាម​តាម​ព្រំដែន​រវាង​កម្ពុជា-ថៃ សាជាថ្មី​ឡើងវិញ​ផង​ដែរ។

នៅ​ថ្ងៃទី​១៣ ខែ​វិច្ឆិកា នេះ កាសែត​ថៃ The Nation ចុះផ្សាយ​ថា នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល បាន​អម​ដំណើរ​ព្រះមហាក្សត្រ​ថៃ Maha Vajiralongkorn និង​ព្រះជាយា Suthida ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ នេះ។

ដំណើរ​ទស្សនកិច្ច​នេះ ធ្វើឡើង​ភ្លាមៗ​ក្រោយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ បាន​ផ្ទុះ​អាវុធ​សាជាថ្មី បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ថៃ ប្រកាស​ដក​ខ្លួន​ចេញពី​សេចក្តី​ប្រកាស​ព្រមព្រៀង​រក​សន្តិភាព​បាន​ត្រឹមតែ ២​ថ្ងៃ​ប៉ុណ្ណោះ។

កាលពី​ថ្ងៃទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០២៥ កាសែត​ថៃ ខៅស៊ុត (Khaosod) បាន​រាយការណ៍​ថា នាយករដ្ឋមន្ត្រី​ថៃ បាន​ប្រកាស​ដក​ខ្លួន​ចេញពី​ការ​ប្រកាស​រួម​ព្រមព្រៀង​សន្តិភាព​ជាមួយ​ប្រទេស​កម្ពុជា បន្ទាប់ពី​ថៃ បាន​យល់ព្រម​ចុះហត្ថលេខា​លើ​ឯកសារ​ផ្លូវការ​នេះ​ដែល​មាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ធ្វើ​ជា​សាក្សី​បាន​ត្រឹមតែ ១៤​ថ្ងៃ​ប៉ុណ្ណោះ។

លោក ជុំ ឈាង អតីត​នាយ​ទាហាន​ជាន់ខ្ពស់​ក្នុង​ចលនា​តស៊ូ​នា​ទសវត្សរ៍​១៩៨០ បញ្ជាក់​ថា គេ​មិន​ដឹង​ថា​តើ​ការ​អនុវត្ត​នូវ​ខ្លឹមសារ​ដែល​បាន​ចែង​ក្នុង​សេចក្តី​ប្រកាស​រួម​កិច្ចព្រមព្រៀង​រក​សន្តិភាព​នេះ អាច​ដំណើរការ​ទៅ​បាន ឬ​ក៏​អត់​នោះ​ទេ ដែល​នេះ​គឺជា​ឧបសគ្គ​អាច​នឹង​កើតមាន ប្រសិនបើ​ការ​ចុះហត្ថលេខា​នៅ​ទីក្រុង​កូឡាឡាំពួរ គ្មាន​វត្តមាន​ចិន មែន​នោះ។

ចំពោះ​ទំនាក់ទំនង​រវាង​ថៃ និង​ចិន វិទ្យាស្ថាន​បច្ចេកវិទ្យា​ថៃ DTI បាន​ប្រគល់​សព្វាវុធ​ទំនើប​ធុន​ធ្ងន់​ដល់​កងទ័ព​ជើងគោក​ថៃ ផ្នែក​កាំភ្លើងធំ ដែល​គេ​អះអាង​ថា​បាន​ពី​ការ​ផ្ទេរ​បច្ចេកទេស​ពី​ប្រទេស​ចិន ហើយ​ដំឡើង​ដោយ​យោធា​ថៃ។

ឧត្ដមសេនីយ៍ ណាផន សាងសោមវង្ស បាន​ប្រគល់​ដល់​នាយអគ្គសេនាធិការ​កងទ័ព​ជើងគោក ឧត្ដមសេនីយ៍ អនុភាព សិរីមនធន នូវ​ប្រព័ន្ធ​រ៉ុក្កែត​ចម្រុះ Multiple Rocket Launcher System (MRLS) ប្រភេទ DTI-1G Guided គឺ​ប្រើ​ប្រព័ន្ធ​កាំជ្រួច​តម្រង់​ចំណុច​ដៅ និង​ប្រភេទ D11A ដែល​អាច​បាញ់​គ្រាប់​បាន ៥​យ៉ាង​ចេញពី​រថយន្ត​ផ្ទុក៖ គ្រាប់​ទំហំ ១២២​មិល្លីម៉ែត្រ បាញ់​ចម្ងាយ ៤០​គីឡូម៉ែត្រ; គ្រាប់​ទំហំ ៣០៦​មិល្លីម៉ែត្រ បាញ់​ចម្ងាយ ១៥០​គីឡូម៉ែត្រ និង​គ្រាប់​ទំហំ ១៧០​មិល្លីម៉ែត្រ បាញ់​ចម្ងាយ ៣០០​គីឡូម៉ែត្រ។ បើ​គេ​ប្រើ​ប្រព័ន្ធ Elbit ទិញ​ពី​ប្រទេស​អ៊ីស្រាអែល អាច​បាញ់​បាន​ចម្ងាយ ៤៥០​គីឡូម៉ែត្រ។

យ៉ាងណាមិញ នាយក​កាសែត​ដើម​អម្ពិល (DAP NEWS) លោក សយ សុភាព បាន​អះអាង​កាលពី​ថ្ងៃទី​០៩ ខែ​តុលា កន្លង​ទៅ​ដែរ​ថា គ្មាន​ការ​ចុះហត្ថលេខា​លើ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា-ថៃ ណា​មួយ​ដោយ​អវត្តមាន​មហាមិត្ត​ចិន ដាច់ខាត បើ​ផ្អែក​លើ​ភូមិសាស្ត្រ​នយោបាយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស