The Cambodia Daily Khmer

រាជាណាចក្រ​កម្ពុជា និង​រាជាណាចក្រ​ថៃឡង់ដ៍ ចោទ​គ្នា​ទៅវិញ​ទៅមក​រឿង​បាញ់​គ្នា​តាម​ព្រំដែន

រូបភាព​ពី​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​ពី​រថក្រោះ​របស់​យោធា​ថៃ បើក​បុក​ទម្លុះ​បន្លា​លួស​ឈ្លានពាន​ចូល​ដែន​ទឹកដី​កម្ពុជា នៅ​ភូមិ​ព្រៃចាន់ កាលពី​រសៀល​ថ្ងៃទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២៥។

រូបភាព​ពី​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​ពី​រថក្រោះ​របស់​យោធា​ថៃ បើក​បុក​ទម្លុះ​បន្លា​លួស​ឈ្លានពាន​ចូល​ដែន​ទឹកដី​កម្ពុជា នៅ​ភូមិ​ព្រៃចាន់ កាលពី​រសៀល​ថ្ងៃទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២៥។

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សម្ដែង​ការ​ខកចិត្ត ហើយ​ចោទ​ថា​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) ហ៊ាន​ប្រើ​ជីវិត​កងទ័ព និង​ប្រជាជន ដោយ​ប្រកាស​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​សន្លឹកឆ្នោត។

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​បង្ហោះ​រូបភាព និង​វីដេអូ​ឃ្លីប​បង្ហាញ​អំពី​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល ក្នុង​ទំនាក់ទំនង​ឯកជន​ជាមួយ​មន្ត្រី​ខ្មែរ​នៅ​ប្រទេស​កម្ពុជា ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​រៀបរាប់​បែប​ខកចិត្ត​នៅ​ថ្ងៃទី​៨ ធ្នូ នេះ​ថា លោក​ពិត​ជា​មិន​នឹកស្មាន​ថា​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល ដើម្បី​តែ​សន្លឹកឆ្នោត​នា​ពេល​ខាងមុខ ហ៊ាន​ប្រើ​ជីវិត​កងទ័ព និង​ប្រជាជន ដោយ​ប្រកាស​ធ្វើ​សង្គ្រាម​ជាមួយ​ប្រទេស​កម្ពុជា ក្នុង​ពេល​ដែល​កងទ័ព​ខ្មែរ​មិន​តបត​វិញ​នោះ។

ខ្លឹមសារ​នៃ​ការ​រៀបរាប់​នេះ ត្រូវ​បាន​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ខ្មែរ​ខ្លះ​និយាយ​ចំអក​វិញ​ថា លោក ហ៊ុន សែន ផ្ទាល់​ក៏​ធ្លាប់​ហ៊ាន​ធ្វើ​ពលិកម្ម​ជីវិត​ពលរដ្ឋ​ខ្មែរ​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​បក្ស​របស់​លោក ទៅ​ស្លាប់​ដើម្បី​អំណាច​លោក និង​គ្រួសារ​ដែរ។

លោក ហ៊ុន សែន លើកឡើង​ទៀត​ថា ពេល​លោក អនុធីន ឆានវីរៈគុល មិន​ទាន់​ក្លាយ​ជា​នាយករដ្ឋមន្ត្រី គឺជា​មិត្តភក្ដិ​ជាមួយ​នឹង​កម្ពុជា ប៉ុន្តែ​ដល់​ពេល​ឡើង​ជា​នាយករដ្ឋមន្ត្រី ភ្លេច​មិត្តភាព​ទាំងអស់។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ បញ្ជាក់​ថា លោក​យល់​ច្បាស់​ណាស់​ពី​ការ​ស្រឡាញ់​ជាតិ តែ​មិន​គួរ​នាយករដ្ឋមន្ត្រី​ថៃ រូប​នេះ ប្រកាស​ធ្វើ​សង្គ្រាម​ជាមួយ​អ្នក​មិន​តបត​នោះ​ឡើយ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល ប្រកាស​បិទ​ទ្វារ​លែង​ចរចា ដោយ​ងាក​ទៅ​រក​សង្គ្រាម​ជាមួយ​កម្ពុជា នា​ពេលនេះ​ទៅវិញ។

កាសែត​ថៃ Thai Enquirer បាន​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) នៅ​ថ្ងៃទី​៨ ធ្នូ នេះ​ថា ប្រទេស​ថៃ មិនមែន​ជា​អ្នក​ឈ្លានពាន​ប្រទេស​កម្ពុជា ទេ ហើយ​ថៃ នឹង​ប្រើប្រាស់​កម្លាំង​យោធា​លុះត្រាតែ​ចាំបាច់ ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន។ កាសែត​ថៃ ជាច្រើន​បាន​សរសេរ​ផ្សាយ​ថា នាយករដ្ឋមន្ត្រី​ថៃ កងទ័ព​ថៃ បាន​សម្រេច​ឯកភាព​តាម​មតិ​ពលរដ្ឋ​ថៃ ភាគច្រើន ដែល​ជំរុញ​រដ្ឋាភិបាល​ថៃ ដោះស្រាយ​បញ្ហា​ជាមួយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ទាក់ទង​នឹង​អធិបតេយ្យ បូរណភាព​ដែនដី​ដើម្បី​ការពារ​ទឹកដី។

នាយករដ្ឋមន្ត្រី​ថៃ រូប​នេះ បញ្ជាក់​ថា ថៃ​សម្រេច​បិទ​ផ្លូវ​ចរចា​ជាមួយ​កម្ពុជា ហើយ​លោក​ក៏​លែង​ពិចារណា​លើ​ការ​ចូលរួម​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ឬ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម តទៅទៀត​ដែរ។

ជុំវិញ​បញ្ហា​នេះ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​នៅ​ថ្ងៃទី​៨ ធ្នូ នេះ​ថា លោក​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្តី​រាយការណ៍​អំពី​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ​រវាង​កងកម្លាំង​កម្ពុជា និង​កងកម្លាំង​ថៃ នៅ​តាម​ព្រំដែន​ឡើងវិញ​នា​ពេលនេះ។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម លើកឡើង​ថា ថៃ និង​កម្ពុជា គឺជា​ដៃគូ​ជិតស្និទ្ធ​របស់​ម៉ាឡេស៊ី និង​ជា​សមាជិក​សំខាន់ៗ​របស់​អាស៊ាន ហើយ​ការ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​នា​ពេលនេះ បង្ក​ឱ្យ​មាន​ការ​ដោះស្រាយ​ការងារ​យ៉ាង​ប្រុងប្រយ័ត្ន​សម្រាប់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី រូប​នេះ ជំរុញ​ឱ្យ​ភាគី​ទាំង​ពីរ​អនុវត្ត​ការ​អត់ធ្មត់​ជា​អតិបរមា ខណៈ​ម៉ាឡេស៊ី ក៏​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បី​គាំទ្រ​ជំហាន​ដែល​អាច​ជួយ​ទប់ស្កាត់​ឧបទ្ទវហេតុ​បន្តបន្ទាប់​ទៀត។

លោក អាន់វ៉ា អ៊ីប្រាហ៊ីម បញ្ជាក់​ថា តំបន់​អាស៊ាន​មិន​អាច​មាន​លទ្ធភាព​ឱ្យ​មាន​ជម្លោះ​ដែល​អូស​បន្លាយ​យូរ​រហូត​ធ្លាក់​ចូល​ទៅ​ក្នុង​វដ្ដ​នៃ​ការ​ប្រឈមមុខ​គ្នា​នោះ​ទេ ដូច្នេះ​អាទិភាព​ជាបន្ទាន់ គឺ​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា ការពារ​ជនស៊ីវិល និង​ត្រឡប់​ទៅ​មាគ៌ា​ការទូត​ដែល​គាំទ្រ​ដោយ​ច្បាប់​អន្តរជាតិ។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ ទីភ្នាក់ងារ​ព័ត៌មាន​យៀកណាម ផ្សាយ​នៅ​ថ្ងៃទី​៨ ខែ​ធ្នូ នេះ​ថា ក្រុង​ហាណូយ​មាន​ការ​បារម្ភ​ចំពោះ​វិវាទ​ហិង្សា​ផ្ទុះ​អាវុធ​មិន​ឈប់​តាម​ព្រំដែន​ខ្មែរ-ថៃ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​យៀកណាម ផាំ ធូហាង ថ្លែង​ក្នុង​នាម​ជា​យុទ្ធមិត្ត​រដ្ឋអំណាច​ក្រុង​ភ្នំពេញ សូម​អំពាវនាវ​ឲ្យ​ភាគី​ទាំងអស់​អត់ធ្មត់​បំផុត កុំ​ប្រើ​កម្លាំង​ទ័ព​ដាក់​គ្នា​ជា​អ្នក​ជិតខាង​នឹង​គ្នា ហើយ​ដោះស្រាយ​បញ្ហា​ដោយ​ផ្អែកលើ​ធម្មនុញ្ញ​សហប្រជាជាតិ ធម្មនុញ្ញ​អាស៊ាន សន្ធិសញ្ញា​មិត្តភាព​អាស៊ីអាគ្នេយ៍ និង​សាមគ្គីភាព​អាស៊ាន។

កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២៥ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) គឺជា​សាក្សី​ដ៏​សំខាន់​បំផុត​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ដើម្បី​បញ្ចប់​ជម្លោះ​ព្រំដែន​រវាង​ភាគី​កម្ពុជា និង​ភាគី​ថៃ។

ទោះជា​យ៉ាងណាក៏ដោយ ក្រុម​អ្នកវិភាគ​លើកឡើង​ថា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​កូឡាឡាំពួរ នេះ ទំនង​ជា​មិន​អាច​បញ្ឈប់​ការ​ចោទ​គ្នា និង​ការ​វាយប្រហារ​គ្នា​ទៅវិញ​ទៅមក​ឆ្លងដែន​រវាង​ប្រទេស​ទាំង​ពីរ​បាន​ឡើយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version