The Cambodia Daily Khmer

ក្រសួង​ការពារ​ជាតិ​កម្ពុជា បដិសេធ​ការ​ផ្សព្វផ្សាយ​របស់​ភាគី​ថៃ ដែល​ថា​កម្ពុជា​បង្ខាំង​ពលរដ្ឋ​ថៃ​មិន​ឱ្យ​ឆ្លងដែន

ពលករ និង​អាជីវករ​ខ្មែរ​លក់ដូរ​នៅ​ផ្សារ​រោងក្លឿ ស្រុក​អារញ្ញប្រាថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដែល​ត្រូវ​អាជ្ញាធរ​ថៃ បញ្ជូន​ត្រឡប់​មក​វិញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៥។ (រូបភាព៖ ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត)

ពលករ និង​អាជីវករ​ខ្មែរ​លក់ដូរ​នៅ​ផ្សារ​រោងក្លឿ ស្រុក​អារញ្ញប្រាថេត ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដែល​ត្រូវ​អាជ្ញាធរ​ថៃ បញ្ជូន​ត្រឡប់​មក​វិញ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​២០២៥។ (រូបភាព៖ ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត)

ក្រសួង​ការពារ​ជាតិ បដិសេធ​ការ​ផ្សព្វផ្សាយ​របស់​ភាគី​ថៃ ដែល​ថា​កម្ពុជា​បង្ខាំង​ពលរដ្ឋ​ថៃ មិន​ឱ្យ​ឆ្លងដែន គឺជា​ព័ត៌មាន​បំភ្លៃ​ខុស​ការពិត​ពី​ភាគី​ថៃ។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៥ ធ្នូ នេះ​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញ-ចូល​ទាំងស្រុង​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​គោក និង​ផ្លូវទឹក​ជាប់​ព្រំដែន​កម្ពុជា-ថៃ ដែល​កំពុង​មាន​អរិភាព​តែប៉ុណ្ណោះ។

ប្រភព​ដដែល​អះអាង​ថា ការ​សម្រេច​ផ្អាក​បែប​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ការពារ​អាយុជីវិត និង​ការ​រង​របួស​របស់​ជនស៊ីវិល​ពី​ការ​បាញ់​ប្រហារ​ដោយ​អនាធិបតេយ្យ​នៅ​តាម​បណ្ដោយ​ព្រំដែន​ពី​សំណាក់​យោធា​ថៃ នា​ពេលនេះ ប៉ុន្តែ​ការ​ផ្អាក​នេះ​មិន​រាប់​បញ្ចូល​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស និង​ច្រក​ទ្វារ​ព្រំដែន​ដែល​គ្មាន​ភាព​តានតឹង ឬ​តាម​ច្រក​ទ្វារ​ព្រំដែន​កម្ពុជា​ជាប់​ជាមួយ​ប្រទេស​ផ្សេងៗ​ឡើយ។

អ្នកស្រី ម៉ាលី សុជាតា បញ្ជាក់​ថា ក្នុង​នាម​ជា​ប្រទេស​ដែល​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់ កម្ពុជា​តែងតែ​គោរព និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ច្បាប់​មនុស្សធម៌​អន្តរជាតិ ព្រមទាំង​ចាត់ទុក​កាតព្វកិច្ច​ក្នុង​ការ​ថែរក្សា​សុខ​សុវត្ថិភាព ការ​ការពារ​អាយុជីវិត​របស់​ជនស៊ីវិល​ជា​អាទិភាព​ខ្ពស់​បំផុត មិន​ថា​ជា​ពលរដ្ឋ​ខ្មែរ និង​ជនបរទេស រួម​ទាំង​ប្រជាជន​ថៃ ដែល​កំពុង​មាន​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ផង​ដែរ។

ក្រសួង​ការពារ​ជាតិ​កម្ពុជា ប្ដេជ្ញាចិត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ក្នុង​ការ​គោរព និង​អនុវត្ត​តាម​លក្ខខណ្ឌ​នៃ​បទ​ឈប់​បាញ់ សេចក្តី​ថ្លែងការណ៍​រួម​ស្ដីពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា-ថៃ ប្រកប​ដោយ​សុច្ឆន្ទៈ និង​ការ​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត ស្រប​តាម​ច្បាប់​អន្តរជាតិ ក៏ដូចជា​សន្ធិសញ្ញា អនុសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​មាន​ស្រាប់ សំដៅ​ស្វែងរក​ដំណោះស្រាយ​មួយ​ដែល​យុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និង​ស្រប​តាម​ច្បាប់​អន្តរជាតិ។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ភាគី​ថៃ បាន​ចេញ​មុខ​ចោទប្រកាន់​លើ​កម្ពុជា ជុំវិញ​ការ​សម្រេច​បិទ​ព្រំដែន​គោក​រវាង​កម្ពុជា-ថៃ ដែល​កំពុង​រង​ការ​វាយប្រហារ​ពី​យោធា​ថៃ ដោយ​មិន​រើស​ទីតាំង​នា​ពេលនេះ។

កាលពី​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ពិចារណា​ផ្អាក​រាល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​ថៃ ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ក្រោម​ហេតុផល​ថា កងទ័ព​ថៃ បាន​ឈ្លានពាន​វាយប្រហារ និង​សម្លាប់​ប្រជាជន​កម្ពុជា ដោយ​គ្មាន​ការ​រើស​មុខ និង​រើស​ទីកន្លែង​ឡើយ សូម្បីតែ​ស្ពាន ថ្នល់ សាលារៀន វត្ត​អារាម ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។

យ៉ាងណាក៏ដោយ ក្រោយ​ការ​ស្នើ​នេះ កាសែត​ថៃ The Nation បាន​ស្រង់​សម្ដី​អតីត​ទីប្រឹក្សា​លេខាធិការដ្ឋាន​ការពារ​ជាតិ​ថៃ លោក គ្រីសាណា បូវនរតនារ៉ាក់ (Krissana Bowornratanarak)​កាលពី​ថ្ងៃទី​១៤ ធ្នូ ថា ការ​លើកឡើង​របស់​លោក ហ៊ុន សែន គឺជា​ការ​រំលោភ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ដោយ​ចាប់​ជនស៊ីវិល​ធ្វើ​ជា​ចំណាប់ខ្មាំង។

ប្រភព​ដដែល​ចោទ​ថា លោក ហ៊ុន សែន បាន​បញ្ជា​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​រារាំង​មិន​ឲ្យ​ជនជាតិ​ថៃ ឆ្លងកាត់​តាម​ច្រក​ទ្វារ​ព្រំដែន​ប៉ោយប៉ែត ចូល​ប្រទេស​ថៃ វិញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ជាប់​គាំង​ក្នុង​ប្រទេស​កម្ពុជា។

បន្ទាប់ពី​មាន​ការ​ចោទប្រកាន់​ពី​សំណាក់​ភាគី​ថៃ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ទាំង​យប់​កាលពី​ថ្ងៃទី​១៤ ធ្នូ ថា ការ​ស្នើ​ឱ្យ​មាន​ការ​ផ្អាក​ធ្វើ​ដំណើរ​ត្រូវ​ធ្វើឡើង​តែ​តាម​ផ្លូវគោក​ប៉ុណ្ណោះ ទោះ​តំបន់​សមុទ្រ​កំពុង​ត្រូវ​រង​ការ​ឈ្លានពាន​មួយ​ផ្នែក​ដោយ​ភាគី​ថៃ ក្នុង​ពេលនេះ​ក៏ដោយ។

លោក ហ៊ុន សែន អះអាង​ថា សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស នៅតែ​អាច​ធ្វើ​ដំណើរ​បាន​ធម្មតា ព្រោះ​គ្មាន​ការ​ប្រយុទ្ធ​នៅ​ព្រលាន​យន្តហោះ​ទេ ដូច្នេះ​ប្រជាជន​ថៃ ដែល​កំពុង​រស់នៅ​កម្ពុជា អាច​ចាកចេញ​ពី​កម្ពុជា តាម​ផ្លូវ​អាកាស​នៅ​ភ្នំពេញ ឬ​នៅ​សៀមរាប បាន។ រីឯ​ប្រជាជន​ថៃ ដែល​កំពុង​ធ្វើការ​នៅ​ជិត​ព្រំដែន​ប្រទេស​វៀតណាម អាច​ចេញ​ទៅ​តាម​ប្រទេស​វៀតណាម និង​រក​វិធី​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ វិញ​ដោយ​គ្មាន​ការ​ហាមឃាត់​ទេ។ ចំណែក​ប្រជាជន​កម្ពុជា ប្រសិនបើ​ចង់​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ ក៏​ត្រូវ​ធ្វើ​តាម​ផ្លូវអាកាស​នៅ​ទីកន្លែង​ដែល​មាន​ជើងហោះហើរ​មក​កម្ពុជា ដែរ។

មេដឹកនាំ​ខ្មែរ​រូប​នេះ​បញ្ជាក់​ថា លោក​មិន​បាន​ហាមឃាត់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ ឡើយ ប៉ុន្តែ​ការ​ស្នើ​ឱ្យ​ផ្អាក​នេះ ត្រូវ​ធ្វើឡើង​សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​ដែល​ជា​ចំណុច​គ្រោះថ្នាក់​ដល់​ជីវិត​ប្រជាជន​ប៉ុណ្ណោះ ដូច្នេះ​ភាគី​ថៃ មិន​ត្រូវ​យក​បំណង​ល្អ​របស់​លោក​ក្នុង​ការ​ការពារ​អាយុជីវិត​មនុស្ស ទាំង​ជនជាតិ​ខ្មែរ និង​ជនជាតិ​ថៃ មក​វាយប្រហារ​លើ​រូបលោក​បែប​នេះ​ឡើយ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version