ក្នុងការបង្ហាញខ្លួនជាសាធារណៈលើកទីពីរ បន្ទាប់ពីបានលាក់ខ្លួនអស់រយៈពេលជាងមួយឆ្នាំ មេដឹកនាំគណបក្សប្រឆាំងនៃប្រទេសវេណេហ្ស៊ុយអេឡា អ្នកស្រី Maria Corina Machado បានអះអាងថា តំណែងប្រធានាធិបតីរបស់លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolás Maduro) នឹងត្រូវបញ្ចប់ ទោះជាតាមមធ្យោបាយណាក៏ដោយ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង Oslo ប្រទេសន័រវែស អ្នកស្រី Machado បានបញ្ជាក់ថា អ្នកស្រីនៅតែរក្សាសេចក្តីសង្ឃឹមថាការផ្លាស់ប្ដូរអំណាចនយោបាយនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា អាចកើតឡើងដោយសន្តិភាព។
អ្នកស្រីបាននិយាយជាភាសាអេស្ប៉ាញ ថា៖ «ម៉ាឌូរ៉ូ នឹងចាកចេញពីអំណាច មិនថាត្រូវធ្វើតាមរយៈការចរចា ឬមិនចរចាក៏ដោយ។ ខ្ញុំផ្ដោតលើការផ្លាស់ប្ដូរដែលមានសណ្ដាប់ធ្នាប់ និងសន្តិភាព។»
សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងនៅពេលដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) កំពុងបន្តការពង្រឹងវត្តមានយោធារបស់ខ្លួននៅតំបន់ការីបៀន ខណៈភាពតានតឹងនយោបាយនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា នៅតែបន្តកើនឡើង។ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានចាត់វិធានការជាបន្តបន្ទាប់ដូចជា បើកការវាយប្រហារជាបន្តបន្ទាប់លើទូករត់ពន្ធគ្រឿងញៀននៅតំបន់ការីបៀន។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ លោក ត្រាំ ក៏បានគំរាមជាបន្តបន្ទាប់ថា នឹងចាប់ផ្តើមប្រតិបត្តិការលើទឹកដីវេណេហ្ស៊ុយអេឡា ដោយលោកអះអាងថាវាជាសកម្មភាពចាំបាច់ ដើម្បីទប់ស្កាត់លំហូរគ្រឿងញៀនខុសច្បាប់ចេញពីប្រទេសនេះចូលដែនដីអាមេរិក។
ជាការឆ្លើយតប ប្រធានាធិបតីវេណេហ្ស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ បានចោទប្រកាន់រដ្ឋបាលលោក ត្រាំ ថាកំពុងព្យាយាមផ្ដួលរំលំរដ្ឋាភិបាលរបស់លោក ខណៈដែលអ្នករិះគន់មួយចំនួនបានអះអាងថា សហរដ្ឋអាមេរិកមានបំណងវាយកាន់កាប់អណ្ដូងប្រេងរបស់វេណេហ្ស៊ុយអេឡា ឲ្យក្រុមហ៊ុនអាមេរិក និងបណ្តាប្រទេសលោកខាងលិច។
អ្នកស្រី Maria Corina Machado ដែលនៅតែមានប្រជាប្រិយភាពខ្លាំងនៅក្នុងតំបន់អាមេរិកឡាទីន ប៉ុន្តែត្រូវបានរារាំងមិនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២៤ ត្រូវបានមើលឃើញថាជាបេក្ខជនដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតុន ពេញចិត្ត ដើម្បីជំនួសលោក ម៉ាឌូរ៉ូ។ គណបក្សប្រឆាំងបានអះអាងថា បេក្ខជនជំនួសលោកស្រី Machado គឺលោក Edmundo González ដែលបានឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីខែកក្កដា ឆ្នាំ២០២៤ យ៉ាងលើសលប់លើគណបក្សលោក ម៉ាឌូរ៉ូ។
អ្នកស្រី Machado បានពិពណ៌នាសកម្មភាពរបស់លោក ត្រាំ ថាជា «ការសម្រេចចិត្តយ៉ាងដាច់ខាត» ដែលបានរួមចំណែកធ្វើឲ្យរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ ចុះខ្សោយ។
ក្នុងពេលជាមួយគ្នានេះ លោកស្រីបានបង្ហាញការយល់ឃើញកាន់តែខ្លាំងអំពីការរំពឹងទុកនៃសកម្មភាពយោធាលើទឹកដីវេណេហ្ស៊ុយអេឡា ដោយបានថ្លែងថា ប្រទេសវេណេហ្ស៊ុយអេឡា «ត្រូវបានគេឈ្លានពានរួចហើយ»។
អ្នកស្រីបានអះអាងថា៖ «យើងមានភ្នាក់ងាររុស្ស៊ី ភ្នាក់ងារអ៊ីរ៉ង់ និងក្រុមដែលត្រូវបានចាត់ទុកថាជាក្រុមភេរវកម្ម ដូចជា ហេសបូឡា និងហាម៉ាស ដែលប្រតិបត្តិការដោយសេរីនៅក្រោមរបបលោក ម៉ាឌូរ៉ូ។ បន្ថែមពីនេះ ក៏មានក្រុមទ័ពព្រៃពីកូឡុំប៊ី និងបណ្ដាញជួញដូរគ្រឿងញៀនផងដែរ។»
កាលពីថ្ងៃសុក្រ ទី១១ ធ្នូ អ្នកស្រី Machado បានព្យាករណ៍ថា កងកម្លាំងប្រដាប់អាវុធវេណេហ្ស៊ុយអេឡា នឹងអនុវត្តតាមដំណើរការផ្លាស់ប្ដូរអំណាច ប្រសិនបើអាចកើតមានឡើង។
តាមសម្ដីដើមរបស់អ្នកស្រី៖ «ខ្ញុំមានទំនុកចិត្តថា កងកម្លាំងប្រដាប់អាវុធ និងប៉ូលិសភាគច្រើន នឹងគោរពតាមបញ្ជា និងការណែនាំភ្លាមៗ នៅពេលការផ្លាស់ប្ដូររបបចាប់ផ្តើម ដោយអនុវត្តតាមការណែនាំពីថ្នាក់ដឹកនាំ ដែលត្រូវបានតែងតាំងដោយអាជ្ញាធរស៊ីវិល ដែលជ្រើសរើសដោយប្រជាជនវេណេហ្ស៊ុយអេឡា តាមរយៈដំណើរការត្រឹមត្រូវ។»
ទោះជាយ៉ាងណា អ្នកជំនាញបានព្រមានថា ការផ្លាស់ប្ដូរអំណាចណាមួយនឹងត្រូវការការចរចាដោយប្រុងប្រយ័ត្នជាមួយមន្ត្រីនយោបាយ និងមន្ត្រីយោធា ដើម្បីជៀសវាងការកើតមានជម្លោះផ្ទៃក្នុង និងអស្ថិរភាពក្នុងប្រទេស។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកស្រី Francesca Emanuele សហការីគោលនយោបាយជាន់ខ្ពស់អំពីអាមេរិកឡាទីន នៃមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងគោលនយោបាយ (CEPR) បានលើកឡើងថា មនោគមវិជ្ជា Chavismo របស់រដ្ឋាភិបាលលោក នីកូឡាស ម៉ាឌូរ៉ូ ដែលបានដាក់ឈ្មោះតាមអតីតប្រធានាធិបតី Hugo Chávez នៅតែជាកម្លាំងនយោបាយដ៏រឹងមាំមួយនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ប៉ុន្តែអ្នកស្រី Emanuele មើលឃើញថា បណ្ដាញពុករលួយ និងប្រព័ន្ធឧបត្ថម្ភដែលចាក់ឫសយ៉ាងជ្រាលជ្រៅនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ នឹងធ្វើឱ្យមន្ត្រីយោធាជាច្រើនស្ទាក់ស្ទើរក្នុងការផ្លាស់ប្ដូរភក្ដីភាពនយោបាយជាមួយលោក ម៉ាឌូរ៉ូ។
អ្នកស្រីបានថ្លែងថា៖ «យោធានឹងមិនចង់ចាកចេញពីរដ្ឋាភិបាល ម៉ាឌូរ៉ូ ទេ ប្រសិនបើគ្មានការលើកលែងទោស និងគ្មានការចរចា។ ក្នុងករណីនោះ យើងអាចឃើញស្ថានការណ៍ដែលគួរឱ្យបារម្ភខ្លាំង ដោយលោកស្រីបានយោងទៅលើលទ្ធភាពនៃការអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិក។»
យ៉ាងណា មិនមានសញ្ញាណាមួយបង្ហាញពីការបន្ធូរបន្ថយសម្ពាធឡើយ។ រដ្ឋបាលលោក ត្រាំ នៅតែបង្ហាញការបន្ថែមសម្ពាធយោធាទៅលើរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា នៅក្រោមការដឹកនាំរបស់លោក ម៉ាឌូរ៉ូ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
