The Cambodia Daily Khmer

អ្នក​ឃ្លាំមើល​ស្នើ​ឱ្យ​លោក ហ៊ុន ម៉ានី ពិចារណា​ឡើងវិញ​អំពី​គម្រោង​បង្កើត​នគរ​សង្ក្រាន្ត​នៅ​ភ្នំពេញ

ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.) លោក ហ៊ុន ម៉ានី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកកាសែត​កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០២៦។

ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.) លោក ហ៊ុន ម៉ានី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នកកាសែត​កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០២៦។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ លោក ហ៊ុន ម៉ានី ពិចារណា​គម្រោង​បង្កើត​នគរ​សង្ក្រាន្ត​ក្នុង​បំណង​ជំរុញ​សេដ្ឋកិច្ច​ជាតិ​នា​ពេល​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​នេះ​ឡើងវិញ ព្រោះ​គម្រោង​នេះ​ខាត​លុយ​ច្រើន​ជាង​ចំណេញ និង​ក្នុង​ស្ថានភាព​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​នឹង​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ គ្មាន​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​អ្វី​ទាំងអស់។

លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៥ មីនា នេះ​ថា គម្រោង​បង្កើត​នគរ​សង្ក្រាន្ត​ដែល​លោក ហ៊ុន ម៉ានី ត្រៀម​រៀបចំ​ឡើង​នេះ អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ច​ជាតិ​បាន​បន្តិចបន្តួច​ប៉ុណ្ណោះ។

អ្នក​ឃ្លាំមើល​រូប​នេះ​អះអាង​ថា ក្នុង​ស្ថានភាព​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ សព្វថ្ងៃ​នេះ គម្រោង​នគរ​សង្ក្រាន្ត​នឹង​ក្លាយ​ជា​ភាព​ខ្ជះខ្ជាយ​ធនធាន​ថវិកា​ជាតិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៅវិញ ព្រោះ​ជា​ការ​ប្រើប្រាស់​មិន​ចំ​គោលដៅ និង​មិន​ចំ​កាលៈទេសៈ។

លោក ម៉ែន ណាត ស្នើ​ឱ្យ​រដ្ឋាភិបាល​ប្រារព្ធ​កម្មវិធី​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ជា​លក្ខណៈ​ធម្មតា ព្រោះ​គម្រោង​រៀបចំ​កម្មវិធី​នគរ​សង្ក្រាន្ត​ដើម្បី​អបអរ​សាទរ​ឆ្នាំ​ថ្មី​ឲ្យ​អធិកអធម​នា​ពេល​ខាងមុខ​នេះ គឺ​គ្មាន​ប្រយោជន៍​ដល់​ប្រទេស​ជាតិ​អ្វី​ទាំងអស់ ដ្បិត​ប្រទេស​កំពុង​កើត​កលិយុគ រាស្ត្រ​រង​ទុក្ខ​វេទនា​ដោយសារ​ថៃ ឈ្លានពាន​ជាបន្តបន្ទាប់​មក​នេះ។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្វែរ​ការ​យកចិត្ត​ទុកដាក់​ទៅ​លើ​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​ត្រូវ​ថៃ ឈ្លានពាន និង​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ភៀស​សឹក​វិញ​ប្រសើរ​ជាង ព្រោះ​ថា​បើ​ប្រទេស​ជាតិ​នៅតែ​មាន​ជម្លោះ​ព្រំដែន ទោះ​រដ្ឋាភិបាល​ខំ​បង្កើត​កម្មវិធី​ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ច​ជាតិ​ច្រើន​ប៉ុនណា​ក៏ដោយ ក៏​មិន​អាច​ទៅ​រួច​ដែរ។

កាលពី​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០២៦ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក.) លោក ហ៊ុន ម៉ានី បាន​លើកឡើង​ក្នុង​កម្មវិធី​ពិភាក្សា​ពី​គម្រោង​រៀបចំ​ព្រឹត្តិការណ៍ «នគរ​សង្ក្រាន្ត» ថា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា គ្រោង​រៀបចំ​ព្រឹត្តិការណ៍ «នគរ​សង្ក្រាន្ត» នៅ​រាជធានី​ភ្នំពេញ រយៈពេល ៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០២៦ ខាងមុខ​នេះ។

លោក ហ៊ុន ម៉ានី អះអាង​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​ពង្រឹង​អត្តសញ្ញាណ​ជាតិ ផ្សារភ្ជាប់​នឹង​ការ​ពង្រឹង​ស្មារតី​ក្នុង​នាម​ជា​គ្រួសារ​ខ្មែរ ជាពិសេស​ក្នុង​ពេល​មាន​ការ​ផ្ទុះ​សង្គ្រាម​ឈ្លានពាន ហើយ​ការ​រៀបចំ​នេះ​ក៏​ដើម្បី​អបអរ​សាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នា​ពេល​ខាងមុខ​ផង​ដែរ។

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ បញ្ជាក់​ថា ការ​បង្កើត​កម្មវិធី «នគរ​សង្ក្រាន្ត» គឺ​ដើម្បី​ចូលរួម​ថែរក្សា​ការពារ​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​របស់​ដូនតា ហើយ​ក៏​ជា​ផ្នែក​មួយ​នៃ​ខឿន​ការពារ​ជាតិ​ដែរ ដូចជា​ចូលរួម​ជំរុញ​ចរន្ត​សេដ្ឋកិច្ច​ជាតិ ជាដើម។ ជាង​នេះ​ទៅ​ទៀត ក៏​ជា​ការ​បង្ហាញ​នូវ​សាមគ្គីភាព និង​ឯកភាព​ជាតិ​ថែមទៀត ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​ស្ថិត​នៅ​ជា​គម្រោង​នៅឡើយ​ទេ។

លោក ហ៊ុន ម៉ានី ធ្លាប់​បាន​ផ្ដួចផ្ដើម​រៀបចំ​ឱ្យ​មាន​កម្មវិធី​អង្គរ​សង្ក្រាន្ត​ចាប់តាំងពី​ឆ្នាំ​២០១៣ មក ក្រោម​ហេតុផល​ដើម្បី​ជួយ​ជំរុញ​សេដ្ឋកិច្ច​ជាតិ ក្នុង​នោះ លោក ហ៊ុន ម៉ានី ក៏បាន​បង្កើត​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត​ដែរ ដូចជា អន្សម​វែង​ជាងគេ​នៅ​ឆ្នាំ​២០១៥ ក្រមា​វែង​ជាងគេ និង​ទូកង​វែង​ជាងគេ​ឆ្នាំ​២០១៨ រួម​ទាំង​ការ​បង្កើត​កម្មវិធី​រាំ​ចង្វាក់​ម៉ាឌីហ្សូន​ដែល​មាន​មនុស្ស​ច្រើន​ជាងគេ​នៅ​ឆ្នាំ​បន្តបន្ទាប់​ថែម​ទៀត។

យ៉ាងណាក៏ដោយ រដ្ឋាភិបាល​មិន​ដែល​បង្ហាញ​ពី​ទំហំ​នៃ​ការ​ចំណាយ​ថវិកា​ដែល​បាន​ប្រើប្រាស់​សម្រាប់​រៀបចំ​កម្មវិធី​អង្គរ​សង្រ្កាន្ត​ឡើយ គ្រាន់តែ​បង្ហាញ​ពី​ចំណូល​ដែល​ទទួល​បាន​ប៉ុណ្ណោះ ដែល​បញ្ហា​នេះ​ធ្វើ​ឱ្យ​មាន​មន្ទិល​លើ​ទំហំ​នៃ​ការ​ចំណាយ​ថវិកា​ជាតិ​របស់​រដ្ឋាភិបាល​លើ​ការ​រៀបចំ​កម្មវិធី​នេះ​រហូត​មក ទោះ​រដ្ឋាភិបាល​បាន​បង្ហាញ​ពី​ទំហំ​ចំណូល​ដែល​ធ្លាប់​ទទួល​បាន​ក៏ដោយ។

សារព័ត៌មាន The Cambodia Daily មិន​ទាន់​អាច​ទាក់ទង​លោក ប៉ែន បូណា សុំ​ការ​បំភ្លឺ​ពី​ទំហំ​នៃ​ការ​ចំណាយ​លើ​កម្មវិធី​អង្គរ​សង្ក្រាន្ត​នា​ពេល​កន្លង​មក និង​គម្រោង​ចំណាយ​លើ​កម្មវិធី​នគរ​សង្ក្រាន្ត​ដែល​គ្រោង​រៀបចំ​នា​ពេល​ខាងមុខ​នេះ​បាន​នៅឡើយ​ទេ រហូត​ដល់​ម៉ោង​ផ្សាយ​នេះ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version