ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ស្នើឱ្យរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លោក ហ៊ុន ម៉ានី ពិចារណាគម្រោងបង្កើតនគរសង្ក្រាន្តក្នុងបំណងជំរុញសេដ្ឋកិច្ចជាតិនាពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះឡើងវិញ ព្រោះគម្រោងនេះខាតលុយច្រើនជាងចំណេញ និងក្នុងស្ថានភាពដែលប្រទេសកម្ពុជាកំពុងប្រឈមនឹងជម្លោះព្រំដែនជាមួយប្រទេសថៃ គ្មានប្រយោជន៍ដល់ប្រទេសជាតិអ្វីទាំងអស់។
លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ មីនា នេះថា គម្រោងបង្កើតនគរសង្ក្រាន្តដែលលោក ហ៊ុន ម៉ានី ត្រៀមរៀបចំឡើងនេះ អាចទាក់ទាញភ្ញៀវទេសចរដើម្បីជួយជំរុញសេដ្ឋកិច្ចជាតិបានបន្តិចបន្តួចប៉ុណ្ណោះ។
អ្នកឃ្លាំមើលរូបនេះអះអាងថា ក្នុងស្ថានភាពដែលកម្ពុជាកំពុងប្រឈមនឹងជម្លោះព្រំដែនជាមួយថៃ សព្វថ្ងៃនេះ គម្រោងនគរសង្ក្រាន្តនឹងក្លាយជាភាពខ្ជះខ្ជាយធនធានថវិកាជាតិដ៏ច្រើនសន្ធឹកសន្ធាប់ទៅវិញ ព្រោះជាការប្រើប្រាស់មិនចំគោលដៅ និងមិនចំកាលៈទេសៈ។
លោក ម៉ែន ណាត ស្នើឱ្យរដ្ឋាភិបាលប្រារព្ធកម្មវិធីចូលឆ្នាំប្រពៃណីជាតិជាលក្ខណៈធម្មតា ព្រោះគម្រោងរៀបចំកម្មវិធីនគរសង្ក្រាន្តដើម្បីអបអរសាទរឆ្នាំថ្មីឲ្យអធិកអធមនាពេលខាងមុខនេះ គឺគ្មានប្រយោជន៍ដល់ប្រទេសជាតិអ្វីទាំងអស់ ដ្បិតប្រទេសកំពុងកើតកលិយុគ រាស្ត្ររងទុក្ខវេទនាដោយសារថៃ ឈ្លានពានជាបន្តបន្ទាប់មកនេះ។
អ្នកឃ្លាំមើលសង្គមរូបនេះជំរុញឱ្យរដ្ឋាភិបាលបង្វែរការយកចិត្តទុកដាក់ទៅលើការដោះស្រាយបញ្ហាព្រំដែនដែលត្រូវថៃ ឈ្លានពាន និងដោះស្រាយបញ្ហាពលរដ្ឋភៀសសឹកវិញប្រសើរជាង ព្រោះថាបើប្រទេសជាតិនៅតែមានជម្លោះព្រំដែន ទោះរដ្ឋាភិបាលខំបង្កើតកម្មវិធីដើម្បីជួយជំរុញសេដ្ឋកិច្ចជាតិច្រើនប៉ុនណាក៏ដោយ ក៏មិនអាចទៅរួចដែរ។
កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) លោក ហ៊ុន ម៉ានី បានលើកឡើងក្នុងកម្មវិធីពិភាក្សាពីគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ថា សហភាពសហព័ន្ធយុវជនកម្ពុជា គ្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ។
លោក ហ៊ុន ម៉ានី អះអាងថា ការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីពង្រឹងអត្តសញ្ញាណជាតិ ផ្សារភ្ជាប់នឹងការពង្រឹងស្មារតីក្នុងនាមជាគ្រួសារខ្មែរ ជាពិសេសក្នុងពេលមានការផ្ទុះសង្គ្រាមឈ្លានពាន ហើយការរៀបចំនេះក៏ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខផងដែរ។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជារូបនេះ បញ្ជាក់ថា ការបង្កើតកម្មវិធី «នគរសង្ក្រាន្ត» គឺដើម្បីចូលរួមថែរក្សាការពារវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីរបស់ដូនតា ហើយក៏ជាផ្នែកមួយនៃខឿនការពារជាតិដែរ ដូចជាចូលរួមជំរុញចរន្តសេដ្ឋកិច្ចជាតិ ជាដើម។ ជាងនេះទៅទៀត ក៏ជាការបង្ហាញនូវសាមគ្គីភាព និងឯកភាពជាតិថែមទៀត ប៉ុន្តែព្រឹត្តិការណ៍នេះស្ថិតនៅជាគម្រោងនៅឡើយទេ។
លោក ហ៊ុន ម៉ានី ធ្លាប់បានផ្ដួចផ្ដើមរៀបចំឱ្យមានកម្មវិធីអង្គរសង្ក្រាន្តចាប់តាំងពីឆ្នាំ២០១៣ មក ក្រោមហេតុផលដើម្បីជួយជំរុញសេដ្ឋកិច្ចជាតិ ក្នុងនោះ លោក ហ៊ុន ម៉ានី ក៏បានបង្កើតព្រឹត្តិការណ៍ផ្សេងៗទៀតដែរ ដូចជា អន្សមវែងជាងគេនៅឆ្នាំ២០១៥ ក្រមាវែងជាងគេ និងទូកងវែងជាងគេឆ្នាំ២០១៨ រួមទាំងការបង្កើតកម្មវិធីរាំចង្វាក់ម៉ាឌីហ្សូនដែលមានមនុស្សច្រើនជាងគេនៅឆ្នាំបន្តបន្ទាប់ថែមទៀត។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលមិនដែលបង្ហាញពីទំហំនៃការចំណាយថវិកាដែលបានប្រើប្រាស់សម្រាប់រៀបចំកម្មវិធីអង្គរសង្រ្កាន្តឡើយ គ្រាន់តែបង្ហាញពីចំណូលដែលទទួលបានប៉ុណ្ណោះ ដែលបញ្ហានេះធ្វើឱ្យមានមន្ទិលលើទំហំនៃការចំណាយថវិកាជាតិរបស់រដ្ឋាភិបាលលើការរៀបចំកម្មវិធីនេះរហូតមក ទោះរដ្ឋាភិបាលបានបង្ហាញពីទំហំចំណូលដែលធ្លាប់ទទួលបានក៏ដោយ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងលោក ប៉ែន បូណា សុំការបំភ្លឺពីទំហំនៃការចំណាយលើកម្មវិធីអង្គរសង្ក្រាន្តនាពេលកន្លងមក និងគម្រោងចំណាយលើកម្មវិធីនគរសង្ក្រាន្តដែលគ្រោងរៀបចំនាពេលខាងមុខនេះបាននៅឡើយទេ រហូតដល់ម៉ោងផ្សាយនេះ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

