លោក ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធាន ព្រឹទ្ធសភា ប្រធាន បក្ស ប្រជាជនកម្ពុជា អតីតនាយករដ្ឋមន្រ្តី បានថ្លែងជាសាធារណៈថា លោកគិតប៉ាន់ប្រមាណខុសក្នុងទំនាក់ទំនងជាមួយប្រទេសថៃឡង់ដ៍ ដោយសារតែ លោកជឿទុកចិត្តមិត្តថៃរបស់លោកហួសពេក។ ប៉ុន្តែ លោកថា ប្រទេសកម្ពុជាជ្រើសរើសយកផ្លូវនយោ បាយ និងការទូតក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ ជាជាងការប្រើកម្លាំងយោធា ដោយលោកព្រមានថា ការបើកការវាយប្រហារដើម្បីដណ្តើមទីតាំងដែលថៃកំពុងកាន់កាប់ អាចធ្វើឱ្យប្រទេសកម្ពុជាបាត់បង់ប្រៀបនៅលើឆាកអន្តរជាតិ។ អ្នកតាមដានមើលឃើញថា នេះមានន័យថា ទីតាំងផ្ទៃដីដែលភាគី
ខ្មែរថាជាដែនដីខ្មែរនោះ នឹងឲ្យទៅជារបស់ភាគីថៃរហូតហើយ គឺស្មើនឹងធ្វើសម្បទាន ឬប្រគល់ឲ្យដាច់មិន យកវិញឡើយ ដើម្បីសន្តិភាពដែលលោក ហ៊ុន សែន ចង់បាន។ ទោះជាយ៉ាងណាក៏ដោយ ភាគីថៃគេថា គេមិនបានយកដីខ្មែរទេ ពីព្រោះទីតាំងទាំងនោះ ជាដែនដីអធិបតេយ្យរបស់ថៃ។ ត្រង់ចំណុចនេះហើយ ដែល មានពលរដ្ឋខ្មែរដ៏សន្ធឹកចង់ឲ្យរកខុសត្រូវតាមផ្លូវច្បាប់នៅឯតុលាការយុត្តិធម៌អន្តរជាតិ ប៉ុន្តែ លោក ហ៊ុន សែន មិនបានធ្វើ មិនដឹងជាដោយសារអ្វី។
ក្នុងពេលថ្លែងទៅកាន់ប្រជាពលរដ្ឋ និងជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៩ មិថុនា លោក ហ៊ុន សែន បានបញ្ជាក់ថា ការមិនឆ្លើយតបដោយអាវុធក្រោយបទឈប់បាញ់ មិនមែនមានន័យថាកម្ពុជាខ្វះសមត្ថភាពយោធានោះទេ ប៉ុន្តែជាការគិតគូរពីផលវិបាកនយោបាយ និងការទូតដែលអាចកើតឡើង។ លោក ហ៊ុន សែន បានថ្លែងថា ប្រសិនបើកម្ពុជាប្រើកម្លាំងយោធាដើម្បីដណ្តើមទីតាំងព្រំដែនមកវិញ នោះកម្ពុជាអាចនឹងត្រូវគេចោទថាជាអ្នកបំពានបទឈប់បាញ់គ្នា និងជាអ្នកចាប់ផ្តើមជម្លោះ។ អ្នកវិភាគខ្លះ ថា លោក ហ៊ុន សែន ព្យាយាមការពារកូនរបស់លោក ដែលទទួលរងការដៀលត្មះពីពលរដ្ឋខ្មែររឿងបាត់ដី។
«ការបរាជ័យខាងផ្នែកនយោបាយ និងការទូត វាធ្ងន់ធ្ងរជាងការបរាជ័យខាងយោធាទៅទៀត» លោក ហ៊ុន សែន បានថ្លែង ដោយបន្ថែមថា សហគមន៍អន្តរជាតិកំពុងមើលឃើញប្រទេសកម្ពុជាក្នុងទិដ្ឋភាពវិជ្ជមាន ហើយរដ្ឋាភិបាលមិនចង់បាត់បង់ភាពស្របច្បាប់នៅលើឆាកអន្តរជាតិនោះទេ។
លោកក៏បានលើកឡើងពីផលប៉ះពាល់មនុស្សធម៌ដែលអាចកើតមាន ប្រសិនបើជម្លោះផ្ទុះឡើងវិញ រួមទាំងការជម្លៀសប្រជាពលរដ្ឋ ការបាត់បង់អាយុជីវិត និងការប្រយុទ្ធបន្តរវាងកងទ័ពនៃប្រទេសទាំងពីរ។ ទោះជា មើលទៅដូចជាលោក ហ៊ុន សែន ប្រកាន់ចិត្តធម៌ខន្តី អហិង្សាបែបណាក៏ដោយ ពលរដ្ឋខ្មែរនៅតែឃើញថា លោកពូកែបានតែជាមួយខ្មែរ គឺប្រមាថ ចាប់ចង ដាក់គុក សម្លាប់ក្រៅច្បាប់ឥតប្រណីដើម្បីរក្សាអំណាច។
ទោះបីជាប្រទេសទាំងពីរបានឯកភាពលើបទឈប់បាញ់គ្នាកាលពីចុងឆ្នាំ២០២៥ក៏ដោយ មន្ត្រីរាជរដ្ឋាភិបាលប្រទេសកម្ពុជាបានចោទប្រកាន់ថា ភាគីថៃនៅតែបន្តសកម្មភាពនៅតំបន់ជម្លោះ ដូចជាមានធ្វើសកម្ម ភាព ជីកលេណដ្ឋាន សាងសង់ផ្លូវថ្មី និងការបំផ្លាញទ្រព្យសម្បត្តិមួយចំនួននៅតំបន់ព្រំដែន។ រាជរដ្ឋាភិបាលខ្មែរ បានដាក់ការតវ៉ាតាមបណ្តាញការទូតជាបន្តបន្ទាប់ និងទាមទារឱ្យថៃបញ្ឈប់សកម្មភាពដែលខ្លួនចាត់ទុកថាជាការរំលោភលើអធិបតេយ្យប្រទេសកម្ពុជា។
ជាមួយគ្នានេះ ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិ ព្រំដែន និងអន្តោប្រវេសន៍នៃ រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា លោក អ៊ុំ សំអាន បានចោទថា រដ្ឋាភិបាលប្រទេសកម្ពុជា បានបណ្តោយឲ្យយោធាថៃយកទឹកដីខ្មែរតាមចិត្ត ដើម្បីទប់ស្កាត់មិនឲ្យមានការផ្ទុះអាវុធសារជាថ្មី។ លោកថា រដ្ឋាភិបាលត្រកូលហ៊ុន ហាក់ដូចជាបាក់ស្បាតបន្ទាប់ពីសង្គ្រាមពីរលើ។
អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុំ រាត្រី ធ្លាប់បាននិយាយប្រាប់អង្គទូត និងអង្គការអន្តរជាតិ រួមទាំងអ្នកសារព័ត៌មានផងកន្លងមក ដោយចោទថា យោធាថៃបានព័ទ្ធយកដីខ្មែរក្នុងខេត្តបន្ទាយមានជ័យចំនួន ៣តំ បន់ ដែលមាន ២០ទីតាំង ហើយដាក់ពង្រាយលួសបន្លា និងទូកុងតឺន័រជាង១០០ទូ (១០៥ទូ) ដែលគិតជាផ្ទៃដីសរុបជិត៨០០ហិកតារ (៧៦៣ហិកតារ)។ តំបន់ផ្សេងទៀត ក៏ថាយោធាថៃប្រើវិធីសាស្ត្រព័ទ្ធយកដូចគ្នាដែរដោយដាក់ពង្រាយទូកុងតឺន័រ និងលួសបន្លា។
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.
