មានមិត្តអ្នកស្តាប់ និងទស្សនាកម្មវិធីផ្សាយរបស់យើង បានស្នើឲ្យពន្យល់អត្ថន័យនៃថ្ងៃមាឃបូជា ឬ បុណ្យមាឃាបូជា តាមព្រះពុទ្ធសាសនា។
យើងខ្ញុំសូមស្រង់ខ្លឹមសារពីសេចក្តីពន្យល់ក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាតដោយសង្ខេបថា តើមាឃបូជាមានកំណើតពីណាមក ហើយមានន័យដូចម្តេច? ក្នុងពុទ្ធកាលមានចតុរង្គសន្និបាត ឬការប្រជុំអង្គ៤កើតមានតែម្តងគត់ គឺនៅយប់ថ្ងៃ១៥កើតពេញបូណ៌ខែមាឃគឺថា មានការប្រជុំសាវ័កហៅថា សាវ័កសន្និបាតនៃព្រះសម្ពុទ្ធ។ នៅថ្ងៃនោះទី១ព្រះចន្ទរះពេញវង់ ឬពេញបូណ៌។ ទី២ មានព្រះភិក្ខុសង្ឃ១២៥០អង្គមកប្រជុំព្រមគ្នាឥតព្រាងទុក ឥតមានណាត់មុន នៅក្នុងសំណាក់ព្រះបរមសាស្តាឬគ្រូប្រៀនប្រដៅ ឬព្រះសព្វញ្ញុពុទ្ធ។ ទី៣ ព្រះភិក្ខុសង្ឃទាំងអម្បាលនោះសុទ្ធតែជាឯហិភិក្ខុដូចគ្នាទាំងអស់។ទី៤ ព្រះភិក្ខុសង្ឃទាំងនោះសុទ្ធតែជាព្រះអរហន្តទាំងអស់។
ក្នុងពេលនោះ ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងឱវាទបាតិមោក្ខ ឬសម្តែងពុទ្ធបញ្ញត្តិ ឬសិក្ខាបទមួយៗសម្រាប់ភិក្ខុសូត្រក្នុងទីប្រជុំសង្ឃរាល់ៗកន្លះខែម្តង។ ដោយសារអច្ឆរិយហេតុមានតែម្តងគត់ក្នុងពុទ្ធសម័យ ពុទ្ធមាមៈកៈ ឬអ្នកជឿស៊ុបក្នុងពុទ្ធសាសនាគ្រប់ប្រទេសបានយកថ្ងៃ១៥កើតខែមាឃជាថ្ងៃបុណ្យមាឃបូជារៀងរហូតមក៕