ក្រោយពេលបរាជ័យដោយមិនមានមន្ត្រីអតីតគណបក្សសង្រ្គោះជាតិដែលជាប់បម្រាមធ្វើនយោបាយជាច្រើនស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញតាមការចង់បានរបស់លោកហ៊ុនសែននោះក្រសួងមហាផ្ទៃបានរៀបចំយុទ្ធសាស្រ្តថ្មីដើម្បីឲ្យក្រុមមន្រ្តីបក្សសង្គ្រោះជាតិចូលមកសុំសិទ្ធធ្វើនយោបាយឡើងវិញ។
លិខិតរបស់ក្រសួងមហាផ្ទៃដែលចេញផ្សាយកាលពីម្សិលមិញបានដាក់ចេញនូវបែបបទនិងនីតិវិធីនៃការស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញចំពោះអ្នកនយោបាយណាដែលត្រូវបានតុលាការហាមឃាត់ធ្វើសកម្មភាពនយោបាយនោះ។
ការបើកផ្លូវនេះធ្វើឡើងបន្ទាប់ពីរដ្ឋសភាកម្ពុជាបានធ្វើវិសោធនកម្មកែប្រែលើមាត្រា៤៥ថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយដោយមាត្រានេះបានបែកផ្លូវឱ្យបុគ្គលដែលត្រូវបានតុលាការសម្រេចហាមឃាត់ធ្វើសកម្មភាពនយោបាយនឹងត្រូវទទួលបាននូវសិទ្ធិធ្វើនយោបាយឡើងវិញតាមរយៈការដាក់ពាក្យស្នើសុំនីតិសម្បទាពីក្រសួងមហាផ្ទៃ ហើយក្រសួងនឹងបញ្ជូនសំណើនេះទៅលោកហ៊ុនសែននិងដាក់ថ្វាយព្រះមហាក្សត្រដើម្បីលើកលែងឲ្យបុគ្គលដែលស្នើនោះមានសិទ្ធិធ្វើនយោបាយឡើងវិញ ដោយអនុលោមតាមបទប្បញ្ញត្តិមាត្រា៤៥ថ្មីនៃច្បាប់ស្តីពីគណបក្សនយោបាយ។
ក្រោយពេលព្រះមហាក្សត្រព្រះបរមនាថនរោត្ដមសីហមុនីបានចេញព្រះរាជក្រមប្រកាសដាក់ឲ្យប្រើប្រាស់ច្បាប់នេះជាផ្លូវការដោយបើកផ្លូវឱ្យអ្នកនយោបាយជាប់បម្រាមទាំងនោះមានសិទ្ធិធ្វើនយោបាយឡើងវិញកាលពីដើមខែមករាឆ្នាំ២០១៩តាមរយៈការស្នើសុំដាក់ដោយឡែកទៅក្រសួងមហាផ្ទៃនោះគឺមានតែអតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិគឺលោកគង់គាំនិងកូនប្រុសរបស់លោកគឺលោកគង់បូរ៉ាប៉ុណ្ណោះដែលបានស្នើសុំទៅក្រសួងមហាផ្ទៃដើម្បីបានសិទ្ធិធ្វើនយោបាយឡើងវិញ។
ចំណែកមន្ត្រីជាប់បម្រាមច្រើនលើសលប់ផ្សេងទៀតមិនបានស្នើសុំតាមការចង់បានរបស់លោកហ៊ុនសែនឡើយហើយពួកគេខ្លះអះអាងថា ពួកគេមិនបានធ្វើអ្វីខុសហើយសិទ្ធិធ្វើនយោបាយគឺច្បាប់កំពូលរបស់ជាតិបានចែងរួចទៅហើយដោយបញ្ជាក់ថា ពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិគ្រប់គ្រាន់ក្នុងជីវភាពនយោបាយ។
កន្លងមកអតីតប្រធានគណបក្សសង្រ្គោះជាតិលោកសមរង្ស៊ីធ្លាប់បានលើកឡើងថា ការស្នើសិទ្ធិធ្វើនយោបាយណាមួយតាមការចង់បានរបស់លោកហ៊ុនសែនពីសំណាក់មន្ត្រី១១៨នាក់គឺជាការក្បត់បក្សយ៉ាងពិតប្រាកដ។
លើសពីនេះលោកបញ្ជាក់ថានៅពេលសុំសិទ្ធិធ្វើនយោបាយពីលោកហ៊ុនសែនគឺស្នើនឹងទទួលស្គាល់ថា ការចាប់ខ្លួនលោកកឹមសុខានិងការរំលាយគណបក្សសង្រ្គោះជាតិកាលពីចុងឆ្នាំ២០១៧គឺជារឿងត្រឹមត្រូវជាដើម។
អ្នកឃ្លាំមើលបញ្ហានយោបាយបានលើកឡើងថាលោកហ៊ុនសែនបានបរាជ័យក្នុងការបំបែកលោកកឹមសុខានិងលោកសមរង្ស៊ីទើបឈានទៅរំលាយគណបក្សសង្រ្គោះជាតិចោលតែម្តង។មិនតែប៉ុណ្ណោះលោកហ៊ុនសែនក៏បរាជ័យក្នុងការអូសទាញមន្ត្រីមូលដ្ឋានរបស់បក្សសង្រ្គោះជាតិឱ្យចុះចូលនឹងខ្លួននិងបរាជ័យក្នុងការអូសទាញឱ្យមន្ត្រីជាន់ខ្ពស់របស់បក្សប្រឆាំងដែលជាប់បម្រាមនយោបាយចំនួន១១៦អ្នកផ្សេងទៀតមកសុំសិទ្ធិធ្វើនយោបាយផងដែរ៕