មេដឹកនាំរបបក្រុងភ្នំពេញលោកហ៊ុន សែនបានអះអាងថា របបរបស់លោកមិនបានបំបែបបំបាក់គណបក្សសង្រ្គោះជាតិនោះទេ។ លោកបន្តថា ការចោទប្រកាន់ថា លោកជាអ្នកបំបែកបំបាក់បក្សប្រឆាំងគឺជាការបង្អាប់ខ្លួនឯង ហើយមិនមែនជាបង្អាប់ហ៊ុន សែននោះទេ។
ថ្លែងនៅថ្ងៃនេះក្នុងពិធីចែកសញ្ញាប័ត្រឱ្យនិស្សិតជាង១ពាន់នាក់នៃសាកលវិទ្យាល័យមួយក្នុងទីក្រុងភ្នំពេញ លោហ៊ុន សែនអះអាងថា លោកមិនមែនជាអ្នកបំបែកបំបាក់គណបក្សសង្រ្គោះជាតិឡើយ ហើយក៏មិនមែនជាស្នាដៃរបស់លោកដែរ ប៉ុន្តែជារឿងអសមត្ថភាពរបស់មេបក្សនោះទៅវិញទេ។
លោកបន្តថា គណបក្សនយោបាយមួយ ប្រសិនបើមេបក្សមិនអាចទាំងគ្រប់គ្រងបានផង ដែលបណ្តាលឱ្យបក្សបែកបាក់ទៅជាចំរៀកៗ ដោយសារមានពួកក្នុងបក្ស មានក្រុមក្នុងបក្ស ហើយមេបក្សមិនអាចធ្វើការសម្របសម្រួលបានផងនោះ តើមានសមត្ថភាពឯណាទៅដឹកនាំរដ្ឋាភិបាល ដឹកនាំកម្លាំងកងទ័ព និងរឹតតែមិនអាចដឹកនាំប្រទេសបាននោះឡើយ។
ការចំអកឡកឡឺយរបស់លោកហ៊ុន សែន ពេលនេះហាក់ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់លោកសម រង្ស៊ីដែលបានសរសេរនៅហ្វេសប៊ុករបស់លោកថា លោកហ៊ុន សែនកំពុងភ័យស្លន់ស្លោ ដោយចង់គេចផុតពីសម្ពាធអន្តរជាតិ ដែលត្រូវបង្ខំដោះលែងលោកកឹម សុខានិងបើកផ្លូវឱ្យបក្សសង្រ្គោះជាតិរស់ឡើងវិញទើបបានជាបង្កើតជាសង្គ្រាមចិត្តសាស្ត្រថា លោកកឹម សុខាមានបំណងចង់សុំសិទ្ធិធ្វើនយោបាយឡើងវិញ និងចង់ទៅបង្កើតគណបក្សថ្មីមួយទៀត។ អតីតប្រធានគណបក្សសង្រ្គោះជាតិរូបនេះបានស្នើឱ្យពលរដ្ឋកុំជឿលើការឃោសនារបស់លោកហ៊ុន សែននិងបក្្ខពួកដែលភូតភរថា លោកកឹម សុខាមានបំណងចង់ទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ លោកបន្តថា នេះគ្រាន់តែជាសង្រ្គាមចិត្តសាស្ត្រប៉ុណ្ណោះ។
អ្នកវិភាគនយោបាយឯករាជ្យលោកគឹម សុខយល់ថា ការលើកឡើងរបស់លោកហ៊ុន សែនគឺជារឿងដែលមិនយល់អំពីការវិវត្តស្ថានការណ៍នយោបាយអ្វីទាំងអស់ ដោយថា ប្រសិនបើគណបក្សសង្រ្គោះជាតិគង់នឹងបែកបាក់ដោយខ្លួនឯង ហេតុអ្វីបានជាលោកហ៊ុន សែនចាំបាច់ទៅប្តឹងលោកសម រង្ស៊ីមិនឱ្យអតីតប្រធានបក្សប្រឆាំងរូបនេះអាចរស់នៅក្នុងប្រទេសបាន។
បន្ថែមពីនេះ បើគង់តែបក្សប្រឆាំងបែកបាក់ ហេតុអ្វីបានជាលោក ហ៊ុន សែនប្រឹងប្រតិដ្ឋរឿងដើម្បីចាប់ខ្លួនប្រធានគណបក្សនេះគឺលោកកឹម សុខា និងបង្កើតល្បិចរំលាយគណបក្សប្រឆាំងដ៏ធំនេះចោល មុនការបោះឆ្នោតតំណាងរាស្ត្រចូលមកដល់ថែមទៀតផង។
លោកគឹម សុខអះអាងថា ក្រោយការរំលាយបក្សប្រឆាំងចោល លោកហ៊ុន សែនបានខិតខំប្រឹងប្រែងអូសទាញថ្នាក់ដឹកនាំគណបក្សប្រឆាំងមួយនេះដើម្បីឱ្យចូលមកអនុវត្តយុទ្ធសាស្ត្រនយោបាយបន្តអំណាចរបស់ខ្លួនថែមទៀត។ លោកបន្តថា សកម្មភាពរបស់លោក ហ៊ុន សែនដែលប្រឹងធ្វើទាំងនេះគឺជាល្បិចនយោបាយដ៏អសីលធម៌។
អ្នកវិភាគរូបនេះយល់ថា ប្រសិនបើលទ្ធភាពគណបក្សសង្រ្គោះជាតិឈានទៅបែកបាក់មែននោះគឺកើតចេញពីយុទ្ធសាស្ត្របំបែកបំបាក់ដ៏អាក្រក់របស់លោក ហ៊ុន សែនមិនមែនដោយសារការបែកបាក់ដោយខ្លួនឯងនោះឡើយ៕