រដ្ឋាភិបាលលោកហ៊ុន សែន នៅថ្ងៃនេះ បានសម្រេចលុបចោលថ្ងៃសម្រាកប្រចាំឆ្នាំចំនួន៧ថ្ងៃដើម្បីសម្រួលដល់អ្នកវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជា។
ថ្លែងក្នុងវេទិការាជរដ្ឋាភិបាលនិងផ្នែកឯកជនលើកទី១៨ នៅវិមានសន្តិភាពលោកហ៊ុន សែនបានសម្រេចលុបចោលថ្ងៃឈប់សម្រាកចំនួន៧ថ្ងៃ ក្នុងចំណោមថ្ងៃឈប់សម្រាកពេញមួយឆ្នាំដែលកម្ពុជាមានចន្លោះពី២៨ទៅ៣០ថ្ងៃនោះ។ ការសម្រេចលុបចោលថ្ងៃសម្រាកប្រចាំឆ្នាំចំនួន៧ថ្ងៃនោះ នឹងអនុវត្តចាប់ពីឆ្នាំ២០២០ទៅ។
លោកហ៊ុន សែនបញ្ជាក់ថា ការកាត់បន្ថយចំនួនថ្ងៃឈប់សម្រាកការងារនេះ គឺមិនមែនមានន័យថា ជាការលុបបំបាត់ចោលពិធីបុណ្យព្រះរាជពិធី ទិវាជាតិនិងអន្ដរជាតិ ដែលរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាតែងតែប្រារព្ធកន្លងមកនោះទេ ក៏ប៉ុន្ដែលោកថា មន្ដ្រីរាជការក្នុងវិស័យសាធារណៈ និងកម្មករនិយោជិកក្នុងវិស័យឯកជនទាំងអស់ត្រូវបំពេញការងារជាធម្មតា។
មេដឹកនាំដែលកាន់អំណាចយូរជាងគេក្នុងតំបន់រូបនេះ ក៏ស្នើឱ្យពលរដ្ឋមន្ត្រីរាជការ និងកម្មករកម្មការិនីយោគយល់ពីព្រោះវាគឺជាការឆ្លើយតបទៅនឹងស្ថានភាពស្រុកទេសនាពេលបច្ចុប្បន្ន។
លោកហ៊ុន សែនបានបង្ហាញពីការខិតខំធ្វើកំណែទម្រង់ផ្ទៃក្នុងពិសេសពង្រឹងឯករាជ្យសេដ្ឋកិច្ចរបស់ខ្លួនជាបន្តបន្ទាប់ក្រោយពេលសហគមន៍អន្តរជាតិព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចតាមរយៈដកហូតប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។
ក្រុមអ្នកវិភាគធ្លាប់បានលើកឡើងថា វិធានការទាំងនេះហាក់បង្ហាញថា រដ្ឋាភិបាលគ្មានឆន្ទៈដើម្បីស្តារស្ថានការណ៍នយោបាយនិងសិទ្ធិមនុស្សឡើងវិញតាមការទាមទាររបស់អន្តរជាតិឡើយ។ ពួកគេអះអាងថា លទ្ធភាពរក្សាប្រព័ន្ធអនុគ្រោះពន្ធEBAរបស់អឺរ៉ុបនិងGSPរបស់អាមេរិកគឺស្ថិតនៅក្នុងដៃរបស់គណបក្សកាន់អំណាចរបស់លោកហ៊ុន សែនតែប៉ុណ្ណោះថា តើលោកនៅត្រូវការប្រព័ន្ធអនុគ្រោះពន្ធទាំងពីរនេះឬលែងត្រូវការហើយនោះ៕