លោកហ៊ុន សែនបានស្នើឱ្យអតីតឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋ មន្ត្រីក្រសួងព័ត៌មានពីខាងគណបក្សហ៊្វុនស៊ិនប៉ិចលោកលឺ ឡាយស្រេងត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ដោយអះអាងថា គ្មាននរណាចាប់នោះទេ។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានមួយនៅរាជធានីភ្នំពេញនៅព្រឹកនេះលោកហ៊ុន សែនបានប្រាប់ឱ្យលោកលឺ ឡាយស្រេងវិលត្រឡប់ចូលមកស្រុកវិញដោយលោកអះអាងថា គ្មាននរណាយកទោសឬចាប់ខ្លួននោះទេ។
ជាងនេះទៅទៀត លោកហ៊ុន សែនក៏បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកអង្គ វង្សវឌ្ឍនាពិនិត្យមើលករណីលោកលឺ ឡាយស្រេងប្រសិនបើមានការផ្តន្ទាទោសណាមួយគឺត្រូវធ្វើការដោះស្រាយដើម្បីឱ្យអតីតមន្រ្តីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចរូបនេះអាចវិលចូលមកស្រុកវិញដោយគ្មានការភ័យខ្លាច។
អតីតឧបនាយករដ្ឋមន្ត្រីនិងជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទលោកលឺ ឡាយស្រេងកាលពីថ្ងៃទី២៥ខែមករាឆ្នាំ២០១៨ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឱ្យសងជំងឺចិត្ត៥០០លានរៀលឬស្មើនឹង១២ម៉ឺនដុល្លារ និង៨លានរៀល ទៀតចូលថវិការដ្ឋករណីប្រមាថព្រះចេស្តាព្រះមហាក្សត្រនិងបរិហារកេរ្តិ៍ជាសាធារណៈ ដែលប្តឹងដោយលោកគី តិច មេធាវីរបស់លោកហ៊ុន សែន។ ការប្តឹងនេះធ្វើឡើងបន្ទាប់ពីបែកធ្លាយសំឡេងសន្ទនាឯកជនរបស់លោកជាមួយអ្នកស្រីគី លំអងត្រូវបានទម្លាយនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
ក្រោយពេលមានការប្តឹងជុំវិញករណីនេះ លោកលឺ ឡាយស្រេងបានភៀសខ្លួនទៅរស់នៅក្រៅប្រទេសរហូតមកទល់សព្វថ្ងៃនេះ។
កាលពីថ្ងៃចុងខែមីនាឆ្នាំ២០១៩ លោកលឺ ឡាយស្រេង បានបង្ហោះវីដេអូមួយដោយអះអាងថា លោកនឹកស្រុក ហើយចង់វិលមកវិញដើម្បីជួបជុំក្រុមគ្រួសារក្នុងពេលឆាប់ៗនេះប្រសិនបើលោកហ៊ុន សែន អភ័យទោសឲ្យលោក៕