មន្ត្រីយោធានិងជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកល្បីម្នាក់គឺលោកផែង វណ្ណៈ ត្រូវបានកងកម្លាំងរាជអាវុធហត្ថលើផ្ទៃប្រទេសចាប់ខ្លួននិងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិវិធីសាកសួរកាលពីរសៀលថ្ងៃនេះ។
មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកអេង ហ៊ីបានប្រាប់សារព័ត៌មានក្នុងស្រុកថា កម្លាំងសមត្ថកិច្ចពិតជាបានចាប់ខ្លួនលោកផែង វណ្ណៈប្រាកដមែន ដោយថា ការចាប់ខ្លួននោះធ្វើឡើងតាមដីកាបង្គាប់របស់តុលាការឱ្យលោកផែងវណ្ណៈចូលខ្លួនទៅបំភ្លឺនៅតុលាការ។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ គឺលោកអ៊ុំ សុភក្តិបានចេញដីកាបញ្ជាឱ្យលោកផែង វណ្ណៈចូលខ្លួនឆ្លើយបំភ្លឺចំពោះមុខសាលាដំបូងក្រុងភ្នំពេញឱ្យបានមុនថ្ងៃទី៣០ខែមេសាជុំវិញករណី ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ ដែលប្រព្រឹត្តនៅលើទំព័រហ្វេសប៊ុកឈ្មោះPheng Vannak Newsកាលពីថ្ងៃទី២៩មីនា។
ក្នុងពាក្យបណ្តឹងរបស់មេធាវីលោកហ៊ុន សែនគឺលោកគី តិចបានសម្រេចប្តឹងឈ្មោះផែង វណ្ណៈដែលបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនក្នុងបំណងបរិហារកេរ្តិ៍ជាសាធារណៈទៅលើលោកហ៊ុន សែននិងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
ប្រភពដដែលឲ្យដឹងទៀតថា សំណេររបស់លោកផែង វណ្ណៈពិតជាមានផែនការច្បាស់លាស់និងចេតនាទុច្ចរិតប្រាកដមែន ដោយបានធ្វើការប្រៀបធៀបក្នុងគោលបំណងចោទប្រកាន់ និងទម្លាក់កំហុសទៅលើលោកហ៊ុន សែនថា ជាឃាតករសម្លាប់លោកបណ្ឌិតកែម ឡី។
ពាក្យបណ្តឹងរបស់លោកគី តិចបានទាមទារឱ្យតុលាការធ្វើការពិនិត្យចោទប្រកាន់ និងផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរលើឈ្មោះផែង វណ្ណៈទៅតាមផ្លូវច្បាប់។ មេធាវីរូបនេះក៏បានស្នើឱ្យចាប់ខ្លួននិងឃុំខ្លួនលោកផែង វណ្ណៈជាបន្ទាន់ដើម្បីទប់ស្កាត់ការប្រព្រឹត្តអំពើល្មើសបន្តទៀត ដែលនាំឱ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
កាលពីថ្ងៃទី២៩ខែមីនា ទំព័រហ្វេសប៊ុកឈ្មោះPheng Vannak Newsបានសរសេរដោយភ្ជាប់រូបថតពីរសន្លឹក ដោយប្រៀបធៀបសកម្មភាពរបស់លោកផែង វណ្ណៈជាចាងហ្វាងការផ្សាយ និងជានិពន្ធនាយករបស់គេហទំព័រ Pheng Vannak Newsតំណាងឲ្យម្ចាស់រថយន្តដែលបើកបុកនិស្សិតស្រីម្នាក់យកថវិកា៥ពាន់ដុល្លារទៅចូលបុណ្យដល់ក្រុមគ្រួសារសពនិស្សិតឌុំ រីដា ប៉ុន្តែត្រូវបានលោកទេសរដ្ឋមន្ត្រីពេជ្រ ស្រស់ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ។
ចំណែកសកម្មភាពរបស់លោកលឹម ជាវុត្ថា អគ្គនាយកអង្គភាព Fresh Newsតំណាងឱ្យថ្នាក់ ដឹកនាំបានយកថវិកាចំនួន៥ម៉ឺនដុល្លារ ទៅចូលបុណ្យដល់ក្រុមគ្រួសារលោកបណ្ឌិតកែម ឡីដើម្បីធ្វើចេតិយ ប៉ុន្តែលោកទេសរដ្ឋមន្ត្រីពេជ្រ ស្រស់មិនប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយទេ។
ទំព័រហ្វេសប៊ុកដដែលក៏បានចោទជាសំណួរថា តើខុសគ្នាដូចម្តេចខ្លះបើកាន់លុយជាតំណាងទៅចូលបុណ្យដូចគ្នា?
កាលពីឆ្នាំ២០១៣ ទំព័រហ្វេសប៊ុកឈ្មោះ ផែង វណ្ណៈក៏ធ្លាប់បានបង្ហោះរូបកាំភ្លើងអមដោយគ្រាប់ចំនួន៧តាមហ្វេសប៊ុក ហើយសរសេរព្រមានបាញ់សម្លាប់ប្រធានគណបក្សសង្គ្រោះជាតិគឺលោកកឹម សុខា ប៉ុន្តែករណីគំរាមនេះមិនមានចំណាត់ការផ្លូវច្បាប់ណាមួយមកលើរូបលោកនោះទេ។ លោកផែង វណ្ណៈគឺជាមន្ត្រីយោធាស័ក្តិ៤កន្លះ ក្រោយពេលលោកបានផ្ទេរក្របខណ្ឌជាមន្ត្រីនគរបាលនៃក្រសួងមហាផ្ទៃកាលពីឆ្នាំ២០១៨៕