The Cambodia Daily Khmer

គ្រោះ​ថ្នាក់​ចរាចរណ៍​រយៈ​ពេល​៤​ថ្ងៃ​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​បណ្តាល​ឱ្យ​ពលរដ្ឋ​ស្លាប់​ជាង​៥០​នាក់​

នៅក្នុង​អំឡុង​ពេល​ពិធី​បុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​រយៈ​ពេល​ ៤​ ថ្ងៃ​ពីថ្ងៃ​ទី​១៣​ដល់​ថ្ងៃ​ទី​១៦​ខែ​មេសា​ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​បាន​កើត​ឡើង​ជាង​១​រយ​លើក​(១០៩)​ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​៥២​នាក់​ របួស​ធ្ងន់​ស្រាល​ជិត​២​រយ​នាក់​(១៨៣)​និង​បណ្តាល​ខូច​ម៉ូតូ ​ព្រម​ទាំង​រថយន្ត​តូច​ធំ​ជិត​២​រយ​គ្រឿង។ ​ នេះ​បើ​យោង​តាម​របាយ​ការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​ សណ្តាប់​ធ្នាប់​សាធារណៈ​នៃ​ក្រសួង​មហា​ផ្ទៃ។​

របាយ​ការណ៍​ដដែល​បញ្ជាក់​ថា​ ចំនួន​នេះ​មាន​ការ​កើន​ឡើង​៣៩​លើក​ ហើយ​មាន​មនុស្ស​ស្លាប់​កើន​ឡើង​២០​នាក់​ព្រម​ទាំង​របួស​ធ្ងន់​ស្រាល​កើន​ឡើង​៧៥​នាក់ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​អំឡុង​ពេល​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​កាល​ពី​ឆ្នាំ​២០១៨។​

របាយ​ការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​ សណ្តាប់​ធ្នាប់​សាធារណៈ​នៃ​ក្រសួង​មហា​ផ្ទៃ​ដដែល​ឱ្យ​ដឹង​ថា​ ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​រយៈ​ពេល​៣​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៦​មេសា​កាលពី​ឆ្នាំ​មុន​នោះ ​ ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​៥៥​ករណី​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២៦​នាក់​និង​របួស​ស្រាល​និង​ធ្ងន់​ជាង​៨០​នាក់​(៨១)។​

ក្រុម​សមត្ថកិច្ច​និយាយ​ថា​ មាន​ការ​កើន​ឡើង​នៃ​គ្រោះ​ថ្នាក់​ចរាចរ​ឆ្នាំ​នេះ ​ដោយ​សារ​អ្នក​បើក​បរ​ជិះ​លឿន​ ប្រើ​ប្រាស់​គ្រឿង​ស្រវឹង​ បើក​ប្រជែង​គ្នា ​មិន​ប្រកាន់​ស្ដាំ ​មិន​គោរព​សិទ្ធិ​គ្នា​ក្នុង​ពេល​បើកបរ​ និង​ដោយ​សារ​កត្តា​ផ្សេងៗ​ជា​ច្រើន​ទៀត៕​

Exit mobile version