លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្រ្គោះជាតិប្រកាសពីប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះថា លោកនៅតែមានសង្ឃឹមថា លោកនឹងសម្រេចបាននូវផែនការរំដោះប្រទេសចេញពីការត្រួតត្រារបស់លោកហ៊ុន សែនដើម្បីនាំយកយុត្តិធម៌ សេរីភាពនិងការរីកចម្រើនជូនពលរដ្ឋ។
ការប្រកាសរបស់លោកសមរង្ស៊ីធ្វើឡើងនៅក្នុងសន្នីសិទស្តីពីសន្តិភាព និងសិទ្ធិមនុស្សនៅអាស៊ីដែលរៀបចំដោយអង្គការវេទិកាសិទ្ធិមនុស្សនិងសន្តិភាពអាស៊ីក្នុងប្រទេសកូរ៉េខាងត្បូងAsia Human Rights Peace Forum(AHPF)ក្នុងទីក្រុងក្វាងជូកាលពីល្ងាចថ្ងៃសុក្រ ខណៈមានក្រុមអ្នកវិភាគនិងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនមកពីកម្ពុជាក៏បានចូលរួមផងដែរ។
អ្នកវិភាគនយោបាយលោកគឹម សុខដែលកំពុងរស់នៅនីរទេសក្នុងប្រទេសហ្វាំងឡង់បានអះអាងថា មានតែពលរដ្ឋខ្មែរប៉ុណ្ណោះដែលអាចនឹងស្តារប្រជាធិបតេយ្យនៅក្នុងប្រទេសឡើងវិញបាន ហើយក្រុមអ្នកនយោបាយត្រូវ រួមដៃគ្នាដើម្បីឲ្យមានសម្លេងខ្លាំងដើម្បីសង្គ្រោះប្រទេសឲ្យមានប្រជាធិបតេយ្យឡើងវិញ។
រីឯប្រធានអង្គការតម្លាភាពកម្ពុជាលោកព្រាប កុលបានប្រាប់សារព័ត៌មានThe Cambodia Dailyនៅមុនការផ្សាយនេះបន្តិចថា សន្និសីទរៀបចំដោយអង្គការសិទ្ធិមនុស្សនៅកូរ៉េខាងត្បូងនេះជាការជជែកគ្នាដែលចំហ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកអំពីការតស៊ូរបស់ប្រទេសកូរ៉េខាងត្បូងនិងការតស៊ូនៅកម្ពុជាដើម្បីសន្តិភាពនិងសេរីភាពរបស់ប្រទេសរៀងៗខ្លួន។
នៅថ្ងៃស្អែកនេះក្រុមអ្នកនយោបាយរបស់គណបក្សសង្គ្រោះជាតិដែលភាគច្រើនគាំទ្រលោកសមរង្ស៊ី អ្នកវិភាគ និងក្រុមសង្គមស៊ីវិល នឹងនាំគ្នាធ្វើសមាជអ្នកប្រជាធិបតេយ្យហើយបន្ទាប់មកពួកគេនឹងនាំគ្នាធ្វើបាតុកម្មភ្លើងទៀន ទាមទារឲ្យមានការស្តារប្រជាធិបតេយ្យនៅកម្ពុជានិងដោះលែងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិវិញ៕