លោកសម រង្ស៊ីបន្តចាញ់ក្តីនៅតុលាការក្រុងភ្នំពេញចំនួនពីសំណុំរឿងទៀតនៅថ្ងៃទី២ ខែឧសភានេះ។ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោករស់ ពិសិដ្ឋបានប្រកាសសាលក្រមផ្តន្ទាទោសលោកសម រង្ស៊ីដាក់ពន្ធនាគារ៨ឆ្នាំនិងពិន័យជាប្រាក់២០លានរៀលចូលជាថវិកាជាតិ ក្នុងសំណុំរឿងញុះញង់ឲ្យកងទ័ពកុំស្តាប់បទបញ្ជានិងប្រមាថព្រះមហាក្សត្រ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោកអ៊ី រិនឲ្យដឹងថា នៅក្នុងសវនាការនៅថ្ងៃនេះ មានចៅក្រមជំនុំជម្រះលោករស់ ពិសិដ្ឋ តំណាងអយ្យការលោកប្លង់ សុផល លោកសំ សុគង់ជាមេធាវីរបស់លោកសម រង្ស៊ីនិងមេធាវី តំណាងរបស់អគ្គបញ្ជាការកងទ័ពគឺមេធាវីលោកវង្ស ភក្តីដែលតំណាងឱ្យដើមបណ្តឹងផងដែរ។
កងយោធពលខេមរភូមិន្ទបានដាក់ពាក្យប្តឹងលោកសម រង្ស៊ីទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់រដ្ឋាភិបាលលោកហ៊ុន សែន ធ្វើឲ្យខូចទឹកចិត្តកងទ័ពនិងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី៧ខែធ្នូឆ្នាំ២០១៧កន្លងទៅ។
រីឯករណីប្រមាថព្រះមហាក្សត្រ លោកសម រង្ស៊ីក៏ត្រូវបានរដ្ឋអំណាចនៃរដ្ឋាភិបាលក្រុងភ្នំពេញប្តឹងទៅតុលាការកាលពីអំឡុងខែមិថុនាឆ្នាំ២០១៨ក្រោយពេលលោកចាត់ទុកថា ព្រះរាជសាររបស់ព្រះមហាក្សត្រដែលអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមក្នុងការបោះឆ្នោតថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨កន្លងទៅជាលិខិតក្លែងក្លាយ ឬក៏ជាលិខិតធ្វើឡើងក្រោមការសម្លុត និងគាបសង្កត់។
កាលពីថ្ងៃទី៥ធ្នូឆ្នាំ២០១៧ អតីតប្រធានគណបក្សប្រឆាំងលោកសម រង្ស៊ី អំពាវនាវឲ្យកងទ័ពបង្វែកាណុងកាំភ្លើងទៅកាន់រាជរដ្ឋាភិបាល ដោយបង្គាប់ឲ្យកងទ័ព ឈប់គាំទ្រលោកហ៊ុន សែននៅលើទំព័រហ្វេសប៊ុករបស់លោក។ ក្រោយមកនៅថ្ងៃទី៧ខែធ្នូឆ្នាំ២០១៧ កងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងអតីតប្រធានបក្សប្រឆាំងរូបនេះទៅកាន់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងករណី ញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់រាជរដ្ឋាភិបាលស្របច្បាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។ ពាក្យបណ្តឹងនោះបានចាត់ទុកការអំពាវនាវរបស់លោកសម រង្ស៊ីធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរដ្ឋ។
ការសម្រេចរបស់តុលាការលោកហ៊ុន សែននេះ គេមិនទាន់ឃើញមានប្រតិកម្មពីលោកសម រង្ស៊ីនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅឡើយ រហូតមកទល់ពេលនេះ។
យ៉ាងនេះក្តីនៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៩មេសា លោកសម រង្ស៊ីនៅតែបន្តអំពាវនាវឲ្យកងទ័ពពិសេសមេទ័ពស្នេហាជាតិទាំងអស់ ទោះជាពាក់ផ្កាយប៉ុន្មានលើស្មាក៏ដោយ ព្រមទាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេងផងដែរ ត្រូវរួមគ្នាជាធ្លុងមួយដើម្បីកម្ចាត់លោកហ៊ុន សែនឲ្យខាងតែបានក្នុងឆ្នាំ២០១៩នេះ។
លោកសម រង្ស៊ីអះអាងថា គណបក្សសង្គ្រោះជាតិដែលតំណាងឲ្យឆន្ទៈប្រជាពលរដ្ឋខ្មែរជាងពាក់កណ្តាលនគរត្រៀមខ្លួនគាំទ្រពេញទំហឹងចំពោះចលនាកងកម្លាំងប្រដាប់អាវុធស្នេហាជាតិ ដែលកំពុងតែរៀបចំគម្រោងស្រោចស្រង់ជាតិ។
សារព័ត៌មានThe Cambodia Dailyបានព្យាយាមសុំការបំភ្លឺពីលោកសមរង្ស៊ីដែរ ប៉ុន្តែទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។ ទោះជាយ៉ាងណាក៏ដោយ កន្លងមកលោកសមរង្ស៊ីតែងអះអាងថា លោកមិនចាប់អារម្មណ៍នឹងចំណាត់ការបស់តុលាការនៅកម្ពុជានោះឡើយ ដោយលោកចាត់ទុកថា តុលាការមួយនេះជាតុលាការដែលស្ថិតក្រោមបញ្ជាផ្ទាល់ពីលោកហ៊ុន សែនឬជាតុលាការតេឡេប៉ុណ្ណោះ៕