អតីតមន្ត្រីគណបក្សសង្រ្គោះជាតិខេត្តបាត់ដំបង ដែលមានឈ្មោះក្នុងការចូលបំភ្លឺនៅសាលាដំបូងនៅថ្ងៃស្អែកមួយចំនួននឹងចូលបំភ្លឺតាមការគ្រោងទុក ស្របពេលដែលសមត្ថកិច្ចខេត្តនេះបានបញ្ជាក់ថា ពួកគេត្រៀមកម្លាំងទប់ទល់នៅខាងមុខសាលាដំបូងរួចទៅហើយ។
សារព័ត៌មានដែលស្និតនឹងលោកហ៊ុន សែនFresh Newsនៅថ្ងៃនេះបានដកស្រង់សម្តីរបស់ស្នងការនគរបាលខេត្តបាត់ដំបងលោកអ៊ុច សុខុនចុះផ្សាយថា កម្លាំងសមត្ថកិច្ចរបស់លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការការពារសន្តិសុខ នៅមុខសាលាដំបូងខេត្តបាត់ដំបង នៅពេលតុលាការបើកការសាកសួរអតីតតំណាងរាស្រ្ត និងសកម្មជនគណបក្សសង្រ្គោះជាតិ។
លោកអះអាងថា ការត្រៀមកម្លាំងការពារនេះធ្វើឡើងតាមបទបញ្ជារបស់អគ្គស្នងការនគរបាលជាតិ និងជាក្មួយប្រសាររបស់លោកហ៊ុន សែនគឺ លោកនេត សាវឿន និងតាមបញ្ជាផ្ទាល់របស់អភិបាលខេត្តបាត់ដំបង លោកងួន រតនៈ។ ប្រភពដដែលក៏បានបញ្ជាក់ថា ការត្រៀមកម្លាំងនោះធ្វើឡើងក្រោយពេលសមត្ថកិច្ចបានទទួលព័ត៌មានសម្ងាត់ថា ក្រុមអ្នកគាំទ្រអតីតគណបក្សសង្រ្គោះជាតិមួយចំនួន គ្រោងលើកគ្នាតវ៉ាប្រឆាំងនឹងការកោះហៅនេះ។
អតីតសកម្មជនគណបក្សសង្រ្គោះជាតិនៅខេត្តបាត់ដំបងដែលមានឈ្មោះក្នុងដីកាកោះរបស់តុលាការលោកស៊ីម ឡៅមានប្រសាសន៍ថា លោកនឹងចូលបំភ្លឺតាមការកំណត់របស់តុលាការ ដោយថា លោកមិនតក់ស្លុតឡើយ។
ចំណែកអតីតចៅសង្កាត់អូរចារកញ្ញាស៊ិន ចាន់ពៅរ៉ូហ្សិត បានលើកឡើងនៅលើគណនីហ្វេសប៊ុករបស់កញ្ញាកាលពីថ្ងៃទី៥ខែឧសភាថា កញ្ញានៅតែមិនអស់ចិត្តចំពោះការចេញដីកាកោះហៅឱ្យកញ្ញាចូលខ្លួនឆ្លើយបំភ្លឺនៅថ្ងៃទី៩ ខែឧសភានេះ។ កញ្ញាបញ្ជាក់ថា តុលាការកំពូលបានរំលាយបក្សរបស់កញ្ញាហើយ នឹងបានដកតួនាទីដែលពលរដ្ឋសង្កាត់អូរចារផ្តល់ឲ្យ ព្រមទាំងធ្វើទុក្ខបុកម្នេញ និងគំរាមកំហែងមកលើកញ្ញាស្ទើរគ្រប់បែបយ៉ាង ហើយចុងក្រោយតុលាការក៏ចេញដីកាកោះហៅកញ្ញាឲ្យចូលខ្លួនឆើ្លយបំភ្លឺថែមទៀត។ ប៉ុន្តែកញ្ញាអះអាងថា នឹងចូលខ្លួនឆ្លើយបំភ្លឺតាមការចង់បានរបស់តុលាការ ដោយមិនរួញរាហើយនៅតែតស៊ូបន្តទៀតដើម្បីសង្គម និងប្រទេសជាតិមួយនេះ។
កាលពីចុងខែមេសាតំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកគឺ ប៊ុណ្ណារ៉ាបានចេញដីកាកោះហៅអតីតមន្ត្រីនិងសកម្មជនគណបក្សសង្រ្គោះជាតិជាបន្តបន្ទាប់ឱ្យចូលបំភ្លឺចាប់ពីថ្ងៃ៨ឧសភាតទៅពាក់ព័ន្ធសំណុំរឿងបំពានសាលដីកាតុលាការកំពូល ដែលចេញកាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០១៧។
មកដល់ពេលនេះ មានអតីតមន្ត្រីជាប់ឆ្នោត និងសកម្មជនបក្សប្រឆាំងនៅខេត្តនេះចំនួន២៦នាក់ហើយត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺជុំវិញសំណុំរឿងតែមួយនេះ៕