គ្រោះធម្មជាតិខ្យល់កន្ត្រាក់លាយឡំនឹងភ្លៀងធំ បណ្តាលឲ្យមនុស្សម្នាក់រងរបួស និងផ្ទះ១០ខ្នងរងការខូចខាត។ ពលរដ្ឋដែលជួបគ្រោះថ្នាក់នេះបែកក្បាលជាទម្ងន់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
បាតុភូតនេះកើតឡើងកាលពីថ្ងៃទី២០ខែឧសភាឆ្នាំ២០១៩នៅស្រុកស្វាយជ្រុំ និងស្រុករមាសហែក ខេត្តស្វាយរៀង។
ខណៈរដូវវស្សានឹងចូលមកនាពេលដ៏ខ្លីខាងមុខនេះ ក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងជាបន្តបន្ទាប់អំពីបញ្ហាអាកាសធាតុ និងបាតុភូតធម្មជាតិ។
ក្រសួងធនធានទឹកនិងឧតុនិយមឲ្យដឹងថា ចាប់ពីថ្ងៃទី២១-២៥ខែឧសភា ជ្រលងសម្ពាធទាប និងខ្យល់មូសុងនិរតី ចាប់បង្កើនឥទ្ធិពលឡើងវិញដែលជាហេតុធ្វើឲ្យកម្រិតទឹកភ្លៀងមានភាពកើនឡើងជាលំដាប់ ក្នុងកម្រិតពីមធ្យមទៅបង្គួរ។
ក្រសួងធនធានទឹកនិងឧតុនិយមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតរន្ទះ និងខ្យល់កន្រ្តាក់ផងដែរ៕