រដ្ឋមន្ត្រីក្រសួងព័ត៌មានលោកខៀវ កាញារីទ្ធព្រមានបង្ហាញមុខមន្ត្រីថ្នាក់ក្រោមរូបណាអត់ទៅធ្វើការ ប៉ុន្តែចាំបើកប្រាក់ខែ។
លោកខៀវ កាញារីទ្ធបានសរសេរលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២១ឧសភាថា«ក្រោយពីមានការរអ៊ូរទាំរបស់មន្ត្រីក្រសួងព័ត៌មានក្រសួងព័ត៌មានសុំឲ្យគ្រប់អគ្គនាយកដ្ឋានបញ្ជូនឈ្មោះនិងរូបថតមន្ត្រីណាខ្លះដែលមានតែឈ្មោះមិនមកធ្វើការតែបើកប្រាក់ខែ ដើម្បីរួមចំណែកអភិបាលកិច្ចល្អរបស់រាជរដ្ឋាភិបាលដើម្បីខ្ញុំបង្ហោះរូបអ្នកដែលស៊ីលើកម្លាំងមន្ត្រីក្រសួង»។
ទោះជាយ៉ាងណាក៏ដោយ លោកខៀវ កាញារីទ្ធនៅមិនទាន់បញ្ជាក់ថា នៅក្នុងក្រសួងរបស់លោកមានមន្រ្តីបែបនេះ ប៉ុន្មាននាក់ឬប៉ុន្មានភាគរយនោះទេ។
អ្នកនាំពាក្យក្រសួងព័ត៌មានលោកផុស សុវណ្ណបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ករណីមន្ត្រីមានតែឈ្មោះតែបើកប្រាក់ខែប្រហែលមិនច្រើនទេ។ លោកថ្លែងការពារមន្រ្តីមួយចំនួនដែលកំពុងបំពេញការងារ ប៉ុន្តែមិនបានបង្ហាញវត្តមាននៅក្រសួង។លោកនិយាយថា ក្រសួងព័ត៌មានខុសពីកន្លែងធ្វើការឯកជនឬក្រសួងផ្សេងទៀត ដែលតម្រូវឲ្យបុគ្គលិកចាំបាច់ត្រូវមានវត្តមាននៅកន្លែងធ្វើការ។ លោកបន្តថា មន្ត្រីខ្លះធ្វើការច្រើនកន្លែងដូច្នេះពួកគាត់ធ្វើការពីចម្ងាយដោយមិនបានមកក្រសួងរៀងរាល់ថ្ងៃ ប៉ុន្តែពួកគេបានជួយការងារច្រើនដែរ។
សារព្រមានរបស់លោកលោកខៀវ កាញារីទ្ធនៅពេលនេះទទួលបានការស្វាគមន៍ពីសង្គមស៊ីវិល និងអ្នកឃ្លាំមើលសង្គម ប៉ុន្តែពួកគេគ្មានរំពឹងថា លោកខៀវ កាញារីទ្ធអាចកែលម្អបញ្ហានេះបានទេព្រោះពួកគេយល់ថា បញ្ហានេះគឺក្លាយទៅជាទម្លាប់របស់មន្រ្តីនៃរដ្ឋាភិបាល លោកហ៊ុន សែនសព្វថ្ងៃនេះជាយូរមកហើយ៕