សកម្មជនបរិស្ថានទាមទារឱ្យលោកជា សុផារ៉ាលាងលែងពីតំណែងប្រធានក្រុមការងារគ្រប់គ្រងតំបន់ឆ្នេរ ព្រោះមន្រ្តីជាន់ខ្ពស់រូបនេះ គ្មានសមត្ថកិច្ចទប់ស្កាត់ការបង្ហូរទឹកកខ្វក់ចូលសមុទ្រនៅខេត្តព្រះសីហនុ។
សកម្មជនអង្គការមាតាធម្មជាតិលោកថុន រដ្ឋាបានលើកឡើងក្នុង វីដេអូរយៈពេលជិត២នាទីដែលបង្ហាញថា ការបង្ហូរទឹកស្អុយចូលសមុទ្រនៅខេត្តទេសចរណ៍មួយនេះនៅតែបន្តកើតមានដដែល។
លោកបន្តថា ក្រុមរបស់លោកបានផ្ដិតរូបភាពទីតាំងមួយចំនួនដូចជា ឆ្នេរអូរឈើទាល ឆ្នេរឯករាជ្យ ឆ្នេរលំហែកាយ និងឆ្នេរកោះរ៉ុងជាដើម នៅតែមានការបង្ហូរទឹកស្អុយចូលសមុទ្រច្រើនជាងពេលមុនៗទៀត។ សកម្មជនមាតាធម្មជាតិអះអាងថា ស្របពេលដែលទឹកស្អុយ នៅតែបន្តហូរចូលសមុទ្របែបនេះ គេមិនដែលឃើញមានអន្តរាគមន៍ណាមួយពីលោកជា សុផារ៉ាដែលជាអ្នកទទួលខុសត្រូវម្តងណានោះឡើយ។
យុវជនដដែលចោទសួរទៅលោកជា សុផារ៉ាថា តើពេលលោកសម្រេចចិត្តពិចារណាលាឈប់ពីតំណែង ដើម្បីផ្ដល់ឱកាសឱ្យមន្ត្រីថ្មីដែលមានសមត្ថភាពអាចជួយសង្គ្រោះសមុទ្រ ឬឆ្នេរសមុទ្រដ៏ល្បីល្បាញរបស់ខ្មែរឱ្យបានទាន់ពេលវេលានោះ?
ឆ្លើយតបនឹងការរិះគន់នេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជាលោកជា សុផារ៉ាប្រាប់សារព័ត៌មានក្នុងស្រុក វីអូឌីថា លោកមិនមិនធ្វើអត្ថាធិប្បាយអ្វីចំពោះការលើកឡើងនេះទេ៕