មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាលោកអ៊ឹម ឈុនលឹមជាប់ឆ្នោតជាប្រធានឧត្តមប្រឹក្សាធម្មនុញ្ញដដែលសម្រាប់អាណត្តិ៩ឆ្នាំ២០១៩-២០២៨។
នេះបើតាមលទ្ធផលបោះឆ្នោតជ្រើសរើសប្រធានស្ថាប័នកំពូលរបស់ជាតិមួយនេះ នៅថ្ងៃទី២១ខែមិថុនា ដែលធ្វើឡើងនៅទីស្ដីការក្រុមប្រឹក្សាធម្មនុញ្ញក្នុងវិមានរដ្ឋចំការមនក្រុងភ្នំពេញដោយក្រុមប្រឹក្សាធម្មនុញ្ញបោះឆ្នោតជាសម្ងាត់ជ្រើសតាំងប្រធានដោយ៩ សំឡេងលើ៩សំឡេង។
ក្រៅពីការជ្រើសរើសប្រធានស្ថាប័ននេះក៏មានការបោះឆ្នោតជ្រើសតាំងសមាជិកបីរូប ដែលក្នុងនោះរួមមាន៖ លោកហ៊ី សោភាដែលត្រូវបានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបោះឆ្នោតជ្រើសតាំងជាថ្មីជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ៩ឆ្នាំទី២លោកស្រីលី វួចឡេង ដែលត្រូវរដ្ឋសភាជាតិបោះឆ្នោតជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ៩ឆ្នាំ(២០១៩-២០២៨)និងទី៣លោកកែវ ពុធរស្មីដែលបានតែងតាំងដោយអង្គព្រះមហាក្សត្រ ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ៩ឆ្នាំ(២០១៩-២០២៨)។
លោកកែវ ពុធរស្មីជាបុត្រសុណិសារបស់ព្រះបាទនរោត្តមសីហនុ។ បក្សប្រឆាំង និងអ្នកឃ្លាំមើលសង្គមថា ស្ថាប័នកំពូលរបស់ជាតិមួយនេះនឹងនៅបន្តស្ថិតក្រោមឥទ្ធិពលរបស់គណបក្សកាន់អំណាច និងមេដឹកនាំរបបក្រុងភ្នំពេញលោកហ៊ុន សែនដដែល ខណៈប្រធានស្ថាប័ននៅតែជាមន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាដដែលនោះ៕