ភ្នាក់ងាររបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (UN) ចាត់ទុកដំណើរការរបស់តុលាការកម្ពុជាប្រឆាំងនឹងសកម្មជនការពារព្រៃឈើ លោក ឆន ផល្លា គឺជាការសងសឹករបស់អាជ្ញាធរតាមប្រព័ន្ធច្បាប់ដោយរំលោភបំពានលើសិទ្ធិជនជាតិដើមភាគតិច។
ឧត្ដមក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៤ កក្កដា បានអះអាងថា អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់ព័ត៌មានលម្អិតប្រកបដោយការពិត និងមូលដ្ឋានច្បាប់ក្នុងការឃុំខ្លួនលោក ឆន ផល្លា រួមទាំងការចាប់ខ្លួនលោកដោយគ្មានដីការបស់តុលាការកាលពីពេលកន្លងទៅ។
ឧត្ដមក្រុមប្រឹក្សាសិទ្ធិមនុស្សមួយនេះទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ផ្តល់ហេតុផលនៃការឃុំខ្លួនបណ្ដោះអាសន្នលោក ឆន ផល្លា និងពន្យល់ថាតើវិធានការអ្វីខ្លះដែលត្រូវបានធ្វើឡើងដើម្បីធានាថា លោក ឆន ផល្លា អាចអនុវត្តសិទ្ធិរបស់លោកបាន ជាពិសេសសិទ្ធិទទួលបានសវនាការដោយយុត្តិធម៌ ដោយឯករាជ្យ និងមិនលម្អៀង ជាដើម។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសកម្មជនការពារព្រៃឈើ លោក ឆន ផល្លា ត្រូវសមត្ថកិច្ចខេត្តរតនគិរី ចាប់ឃុំខ្លួនកាលពីពេលកន្លងទៅទាំងដែលគ្មានដីកាតុលាការឱ្យនាំខ្លួនផងនោះ។
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ បានចេញលិខិតរបស់ខ្លួនកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ គាំទ្រលើរបាយការណ៍របស់ក្រសួងយុត្តិធម៌កម្ពុជាទាំងស្រុង ដែលថាទង្វើរបស់លោក ឆន ផល្លា បានបំពានសណ្ដាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់ធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ ដែលបានហ៊ុមព័ទ្ធដីព្រៃដើម្បីកាន់កាប់ជាកម្មសិទ្ធិផ្ទាល់ខ្លួននៅភូមិសាមុតក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី កាលពីអំឡុងឆ្នាំ២០១៩ កន្លងទៅ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ កក្កដា នេះថា លោកពិតជាមានការសោកស្តាយយ៉ាងខ្លាំងដែលតុលាការបានចោទប្រកាន់លោក ឆន ផល្លា រហូតឈានដល់ការចាប់ឃុំខ្លួន និងកាត់ទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ទាំងដែលគ្មានភស្តុតាងគ្រប់គ្រាន់ ដែលជារូបភាពមួយបំបាក់ស្មារតីសកម្មជនព្រៃឈើដែលមានឧត្តមគតិការពារធនធានធម្មជាតិកម្ពុជាដទៃទៀត និងជាទង្វើដ៏អយុត្តិធម៌យ៉ាងធ្ងន់ធ្ងរសម្រាប់លោក ឆន ផល្លា ដែលជាប់ឃុំទាំងអយុត្តិធម៌នៅពេលនេះ។
លោក ស៊ឹង សែនករុណា អះអាងថា កន្លងមកក្រុមសង្គមស៊ីវិលធ្លាប់ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទចោទប្រកាន់លើករណីលោក ឆន ផល្លា ព្រមទាំងចាត់វិធានការទៅលើជនដៃដល់ដែលបានវាយដំលើសកម្មជនព្រៃឈើរូបនេះ ក្រោយពេលលោកបានប្តឹងមន្ត្រីមូលដ្ឋានកន្លងមកទាក់ទិននឹងការកាប់បំផ្លាញព្រៃឈើនៅក្នុងខេត្តរតនគិរី នោះ។ បន្ថែមពីនេះ អង្គការសង្គមស៊ីវិលក៏បានជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការច្បាប់លើជនដែលបំផ្លិចបំផ្លាញព្រៃឈើ រំលោភយកដីកប់សពរបស់ជនជាតិដើមភាគតិច មកទទួលទោសថែមទៀត ប៉ុន្តែរដ្ឋាភិបាលកម្ពុជាមិនបានអនុវត្តនោះឡើយរហូតមកទល់នឹងពេលនេះ។
លោក ឆន ផល្លា បានចូលរួមការពារព្រៃឈើតាំងពីឆ្នាំ២០១៦ មកម្ល៉េះ ហើយនៅអំឡុងឆ្នាំ២០១៧ លោកបានដាក់ពាក្យបណ្តឹងចំនួន ៨ករណីទៅតុលាការប្រឆាំងនឹងមន្ត្រីមូលដ្ឋានដែលពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និងការទន្ទ្រានដីសហគមន៍ ប៉ុន្តែគ្មានបណ្ដឹងណាមួយរបស់លោកត្រូវបានចាត់ការនោះឡើយ។
បណ្តឹងរបស់លោក ឆន ផល្លា ជុំវិញបទល្មើសព្រៃឈើនេះ មិនត្រូវបានអាជ្ញាធរឆ្លើយតប និងដោះស្រាយនោះទេ ប៉ុន្តែលោក ឆន ផល្លា ត្រូវបានសាលាដំបូងខេត្តរតនគិរី ចោទប្រកាន់ពីបទ កាប់រានព្រៃហ៊ុមព័ទ្ធកាន់កាប់ជាកម្មសិទ្ធិ ស្ថិតនៅភូមិសាមុតក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី អំឡុងឆ្នាំ២០១៩ តាមមាត្រា៩៧ នៃច្បាប់ស្ដីពីព្រៃឈើទៅវិញ ដែលលោកត្រូវបានឃុំខ្លួនរហូតដល់សព្វថ្ងៃនេះ៕