ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ (KMD) ប្រកាសប្រារព្ធខួប ១ឆ្នាំនៃការបង្កើតចលនានេះលើទឹកដីសហរដ្ឋអាមេរិក នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ក្នុងទីក្រុងឡងប៊ិច (Long Beach) ដើម្បីបង្ហាញពីសមិទ្ធផលការងាររយៈពេល ១ឆ្នាំដែលខ្លួនសម្រេចបាន។
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ដែលហៅកាត់ថា KMD ចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ នេះថា ខ្លួននឹងប្រារព្ធពិធីខួប ១ឆ្នាំនៃការបង្កើត KMD នៅទីក្រុងឡងប៊ិច (Long Beach) ដើម្បីបង្ហាញពីសមិទ្ធផលការងាររយៈពេល ១ឆ្នាំដែលខ្លួនបានធ្វើសកម្មភាព និងសមិទ្ធផលដែលខ្លួនសម្រេចបាន រួមទាំងលើកឡើងនូវគម្រោងបន្តសម្រាប់ឆ្នាំថ្មីផងដែរ។
KMD បញ្ជាក់ថា ពិធីនេះនឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នៅវេលាម៉ោង ១២.៣០នាទីថ្ងៃត្រង់ដល់ម៉ោង ៤.០០នាទីរសៀល ដែលស្ថិតអាសយដ្ឋាន 5155 E. Pacific Cast HWY, Long Beach, CA 90804។
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ អំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់ទិសទី ចូលរួមពិធីនេះឱ្យបានច្រើនកុះករ ដើម្បីចូលស្តាប់ពីសមិទ្ធផលការងាររយៈពេល ១ឆ្នាំដែលខ្លួនបានធ្វើ និងចូលរួមតាមដាននូវផែនការការងារសម្រាប់ឆ្នាំថ្មីបន្តទៀត។
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ ត្រូវបានបង្កើតឡើងកាលពីចុងខែមីនា ឆ្នាំ២០២៤ ដោយពលរដ្ឋខ្មែរ និងតំណាងអង្គការស្ថាប័នបរទេសមួយចំនួននៅជុំវិញពិភពលោកដែលស្នេហាប្រជាធិបតេយ្យ និងស្នេហាយុត្តិធម៌ នៅទីក្រុងឡងប៊ិច លើទឹកដីសហរដ្ឋអាមេរិក ដែលមានអតីតអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ជាអ្នកដឹកនាំ។
ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ មានគោលដៅបង្រួមពលរដ្ឋខ្មែរគ្រប់និន្នាការ ទាំងក្នុងស្រុក និងក្រៅស្រុក ក្នុងបំណងបង្កើនចលនាអ្នកស្នេហាជាតិឆ្ពោះទៅបង្កើតគុណធម៌ប្រជាធិបតេយ្យមួយដែលអ្នកចូលរួមទាំងអស់ធ្វើការដោយតម្កល់ផលប្រយោជន៍ជាតិជាធំ និងលុបបំបាត់នូវការរើសអើងនយោបាយ ឬជម្លោះក្នុងទីលាននយោបាយខ្មែរដែលនាំទៅរកការបែកបាក់ជាតិ។
ក្នុងរយៈពេលមួយឆ្នាំមកនេះ ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ បានធ្វើសកម្មភាពកៀរគរប្រមូលអ្នកចូលរួមតាមរយៈនៃការធ្វើសមាជមហាជនតាមបណ្តាប្រទេសនានាលើសកលលោកប្រមាណជាជិត ១០លើករួចមកហើយ ដូចជានៅសហរដ្ឋអាមេរិក កាណាដា បារាំង អូស្ត្រាលី និងប្រទេសកូរ៉េខាងត្បូង ជាដើម។
ចលនានេះបានជោគជ័យខ្លាំងនូវការដឹកនាំពលរដ្ឋបាតុកម្មតវ៉ាឱ្យរដ្ឋាភិបាលកម្ពុជាដកខេត្តខ្មែរទាំង ៤ ចេញពីគម្រោងតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ហើយពេលនេះក៏កំពុងដឹកនាំពលរដ្ឋនៅទូទាំងពិភពលោកធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលប្តឹងថៃ ទៅតុលាការអន្តរជាតិ ជុំវិញបញ្ហាកោះគុតបន្តទៀតដែរ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
