ប្រធានអង្គការក្រៅរដ្ឋាភិបាលដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី អំពាវនាវឱ្យមេដឹកនាំខ្មែរយកគំរូតាមមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskyy ចំពោះស្មារតីការពារទឹកដីជាតិរបស់ខ្លួន ព្រោះកម្ពុជាមានកិច្ចសន្យាផ្លូវច្បាប់ពេញលេញក្នុងការស្នើឱ្យអន្តរជាតិជួយអន្តរាគមន៍នូវការឈ្លានពានរបស់បរទេសជិតខាង។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៤ មីនា នេះថា ប្រទេសកម្ពុជាមានសត្រូវឈ្លានពានទាំងខាងលិច និងខាងកើត ព្រោះតែកម្ពុជាមានមេដឹកនាំខ្សោយ ប៉ុន្តែកម្ពុជាមានខែលការពារ គឺកិច្ចព្រមព្រៀងទីក្រុងប៉ារីស ខណៈប្រទេសដែលកំពុងឈ្លានពានកម្ពុជាក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះដែរ។
លោក ស៊ឹង សែនករុណា លើកឡើងថា បញ្ហារំលោភទឹកដីនៅព្រំដែនខ្មែរភាគខាងកើត គ្មានពលរដ្ឋខ្មែរណាហ៊ានរិះគន់ទេ ព្រោះថាឱ្យតែមានការរិះគន់ មេដឹកនាំខ្លួនឯងតែងប្រើតុលាការឱ្យចេញដីកាចាប់ខ្លួនភ្លាមៗ ដោយចោទប្រកាន់ក្រោមលេសផ្សេងៗ ទាំងដែលពលរដ្ឋគ្រប់រូបសុទ្ធតែដឹងដែរថាទឹកដីរបស់ខ្លួនកំពុងត្រូវបានឈ្លានពានទៅហើយនោះ។
លោកបន្តថា ចំណែកព្រំដែនខាងលិចវិញ រដ្ឋាភិបាលហាក់បង្ហាញកម្លាំងកងទ័ពដើម្បីការពារខ្លួនខ្លះដែរ ប៉ុន្តែជាចេតនាដើម្បីកុហកបោកប្រាស់ពលរដ្ឋខ្លួនឯងប៉ុណ្ណោះ ព្រោះថាបើមានសង្គ្រាមមែន កម្លាំងទ័ពរបស់កម្ពុជាមិនអាចយកឈ្នះគេបានទេ។
មន្ត្រីសង្គមស៊ីវិលរូបនេះបញ្ជាក់ថា បើមេដឹកនាំខ្មែរប្រើប្រាស់កិច្ចព្រមព្រៀងក្រុងប៉ារីស ប្តឹងទៅអង្គការសហប្រជាជាតិ នោះអន្តរជាតិនឹងចេញមុខការពារបូរណភាពទឹកដីរបស់កម្ពុជាជាក់ជាមិនខាន ព្រោះបរទេសឈ្លានពានទាំងនោះក៏បានចុះហត្ថលេខាបញ្ឈប់ការឈ្លានពានលើទឹកដីកម្ពុជាដែរ ដូច្នេះកម្ពុជាអាចយកឈ្នះបរទេសឈ្លានពានទាំងនោះដោយមិនចាំបាច់ច្បាំងអ្វីទាំងអស់។
ចំណែកអ្នកវិភាគចាស់វស្សាមួយរូប គឺបណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់បានលើកឡើងថា កិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១ ដែលចុះហត្ថលេខាដោយប្រទេសទាំង១៩ លើពិភពលោក បានធានាការពារកុំឲ្យមានការឈ្លានពាន និងធានាការពារកុំឲ្យមានការរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា ហើយកិច្ចព្រមព្រៀងនេះនៅតែមានសុពលភាពដោយឥតប្រកែកបានឡើយ។
បណ្ឌិត ឡៅ ម៉ុងហៃ អះអាងថាកិច្ចព្រមព្រៀងក្រុងប៉ារីស គឺជាកិច្ចព្រមព្រៀងមួយដែលជាការធានាអះអាងក្នុងកិច្ចការការពារអធិបតេយ្យភាពជាតិ ឯករាជភាព បូរណភាព និងភាពមិនអាចរំលោភបាននៃដែនដីអព្យាក្រឹតរបស់កម្ពុជា ហើយក៏ជាការធានារបស់អន្តរជាតិចំពោះសេចក្តីសុខសុភមង្គលរបស់ប្រជាជាតិខ្មែរទាំងមូលដែរ។
កិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១ មិនមែនជាកិច្ចព្រមព្រៀងតែមួយនោះទេ គឺមានកិច្ចព្រមព្រៀងពីរ និងសេចក្តីថ្លែងការណ៍មួយ ក្នុងនោះ កិច្ចព្រមព្រៀងទី១ គឺស្តីអំពីការដោះស្រាយជម្លោះនៅកម្ពុជា ខណៈកិច្ចព្រមព្រៀងទី២ គឺស្តីអំពីការគោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងអព្យាក្រឹត្យរបស់កម្ពុជា ដោយឡែកសេចក្តីថ្លែងការណ៍ គឺលើកឡើងអំពីការកសាងកម្ពុជាឡើងវិញ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.
