27.5 C
Phnom Penh

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​មេដឹកនាំ​ខ្មែរ​យក​គំរូ​តាម​មេដឹកនាំ​អ៊ុយក្រែន​សម្រាប់​ស្មារតី​ការពារ​ទឹកដី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី អំពាវនាវ​ឱ្យ​មេដឹកនាំ​ខ្មែរ​យក​គំរូ​តាម​មេដឹកនាំ​អ៊ុយក្រែន លោក Volodymyr Zelenskyy ចំពោះ​ស្មារតី​ការពារ​ទឹកដី​ជាតិ​របស់​ខ្លួន ព្រោះ​កម្ពុជា​មាន​កិច្ចសន្យា​ផ្លូវច្បាប់​ពេញលេញ​ក្នុង​ការ​ស្នើ​ឱ្យ​អន្តរជាតិ​ជួយ​អន្តរាគមន៍​នូវ​ការ​ឈ្លានពាន​របស់​បរទេស​ជិតខាង។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៤ មីនា នេះ​ថា ប្រទេស​កម្ពុជា​មាន​សត្រូវ​ឈ្លានពាន​ទាំង​ខាង​លិច និង​ខាង​កើត ព្រោះតែ​កម្ពុជា​មាន​មេដឹកនាំ​ខ្សោយ ប៉ុន្តែ​កម្ពុជា​មាន​ខែល​ការពារ គឺ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ខណៈ​ប្រទេស​ដែល​កំពុង​ឈ្លានពាន​កម្ពុជា​ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ដែរ។

លោក ស៊ឹង សែនករុណា លើកឡើង​ថា បញ្ហា​រំលោភ​ទឹកដី​នៅ​ព្រំដែន​ខ្មែរ​ភាគ​ខាង​កើត គ្មាន​ពលរដ្ឋ​ខ្មែរ​ណា​ហ៊ាន​រិះគន់​ទេ ព្រោះ​ថា​ឱ្យ​តែ​មាន​ការ​រិះគន់ មេដឹកនាំ​ខ្លួនឯង​តែង​ប្រើ​តុលាការ​ឱ្យ​ចេញ​ដីកា​ចាប់​ខ្លួន​ភ្លាមៗ ដោយ​ចោទប្រកាន់​ក្រោម​លេស​ផ្សេងៗ ទាំង​ដែល​ពលរដ្ឋ​គ្រប់​រូប​សុទ្ធតែ​ដឹង​ដែរ​ថា​ទឹកដី​របស់​ខ្លួន​កំពុង​ត្រូវ​បាន​ឈ្លានពាន​ទៅ​ហើយ​នោះ។

លោក​បន្ត​ថា ចំណែក​ព្រំដែន​ខាង​លិច​វិញ រដ្ឋាភិបាល​ហាក់​បង្ហាញ​កម្លាំង​កងទ័ព​ដើម្បី​ការពារ​ខ្លួន​ខ្លះ​ដែរ ប៉ុន្តែ​ជា​ចេតនា​ដើម្បី​កុហក​បោកប្រាស់​ពលរដ្ឋ​ខ្លួនឯង​ប៉ុណ្ណោះ ព្រោះ​ថា​បើ​មាន​សង្គ្រាម​មែន កម្លាំង​ទ័ព​របស់​កម្ពុជា​មិន​អាច​យក​ឈ្នះ​គេ​បាន​ទេ។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា បើ​មេដឹកនាំ​ខ្មែរ​ប្រើប្រាស់​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ប្តឹង​ទៅ​អង្គការ​សហប្រជាជាតិ នោះ​អន្តរជាតិ​នឹង​ចេញ​មុខ​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា​ជាក់​ជាមិនខាន ព្រោះ​បរទេស​ឈ្លានពាន​ទាំងនោះ​ក៏​បាន​ចុះហត្ថលេខា​បញ្ឈប់​ការ​ឈ្លានពាន​លើ​ទឹកដី​កម្ពុជា​ដែរ ដូច្នេះ​កម្ពុជា​អាច​យក​ឈ្នះ​បរទេស​ឈ្លានពាន​ទាំងនោះ​ដោយ​មិន​ចាំបាច់​ច្បាំង​អ្វី​ទាំងអស់។

ចំណែក​អ្នកវិភាគ​ចាស់​វស្សា​មួយ​រូប គឺ​បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​លើកឡើង​ថា កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដែល​ចុះហត្ថលេខា​ដោយ​ប្រទេស​ទាំង​១៩ លើ​ពិភពលោក បាន​ធានា​ការពារ​កុំ​ឲ្យ​មាន​ការ​ឈ្លានពាន និង​ធានា​ការពារ​កុំ​ឲ្យ​មាន​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​កិច្ចព្រមព្រៀង​នេះ​នៅតែ​មាន​សុពលភាព​ដោយ​ឥត​ប្រកែក​បាន​ឡើយ។

បណ្ឌិត ឡៅ ម៉ុងហៃ អះអាង​ថា​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស គឺជា​កិច្ចព្រមព្រៀង​មួយ​ដែល​ជា​ការ​ធានា​អះអាង​ក្នុង​កិច្ចការ​ការពារ​អធិបតេយ្យភាព​ជាតិ ឯករាជភាព បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន​នៃ​ដែនដី​អព្យាក្រឹត​របស់​កម្ពុជា ហើយ​ក៏​ជា​ការ​ធានា​របស់​អន្តរជាតិ​ចំពោះ​សេចក្តី​សុខ​សុភមង្គល​របស់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ដែរ។

កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ មិនមែន​ជា​កិច្ចព្រមព្រៀង​តែ​មួយ​នោះ​ទេ គឺ​មាន​កិច្ចព្រមព្រៀង​ពីរ និង​សេចក្តី​ថ្លែងការណ៍​មួយ ក្នុង​នោះ កិច្ចព្រមព្រៀង​ទី​១ គឺ​ស្តីអំពី​ការ​ដោះស្រាយ​ជម្លោះ​នៅ​កម្ពុជា ខណៈ​កិច្ចព្រមព្រៀង​ទី​២ គឺ​ស្តីអំពី​ការ​គោរព​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី និង​អព្យាក្រឹត្យ​របស់​កម្ពុជា ដោយឡែក​សេចក្តី​ថ្លែងការណ៍ គឺ​លើក​ឡើង​អំពី​ការ​កសាង​កម្ពុជា​ឡើងវិញ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស