The Cambodia Daily Khmer

បុរស​ខ្លាំង​កម្ពុជា​ប្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​ឈឺចាប់​នឹង​ថៃ សូម​កុំ​ទិញ​ទំនិញ​ថៃ និង​ឈប់​ប្រើ​លុយ​បាត​លើ​ទឹកដី​កម្ពុជា

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ឈឺចាប់​ជាមួយ​ថៃ មិន​ចូលចិត្ត​ថៃ សូម​កុំ​ទិញ​ទំនិញ​ថៃ មក​ប្រើប្រាស់ និង​ឈប់​ប្រើប្រាស់​ប្រាក់​បាត​ថៃ លើ​ដី​ខ្មែរ​តទៅទៀត ដើម្បី​ពង្រឹង​ឯករាជភាព​ខាង​រូបិយវត្ថុ​របស់​ជាតិ។

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៦ តុលា នេះ​ថា នៅ​ពេល​ខាងមុខ ពលរដ្ឋ​ខ្មែរ​រស់នៅ​ជិត​ព្រំដែន​ថៃ អាច​នឹង​ខាតបង់​ធ្ងន់ធ្ងរ ដោយសារតែ​ថៃ នឹង​ប្រើ​ជម្លោះ​ជាមួយ​ខ្មែរ​ភ្ជាប់​នឹង​រូបិយវត្ថុ​ធ្វើ​ជា​ចំណុច​ខ្សោយ​មក​គំរាម​កម្ពុជា ដូចជា ករណី​អគ្គិសនី អ៊ីនធឺណិត និង​ប្រេងឥន្ធនៈ ដែល​ថៃ បាន​ធ្វើ​កន្លង​មក។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ អះអាង​ថា ជនជាតិ​ថៃ មួយ​ចំនួន រាប់​ទាំង​អ្នក​ដឹកនាំ​ថៃ ខ្លះ​ផង កំពុង​វាយតម្លៃ​ខុសពី​សេដ្ឋកិច្ច​កម្ពុជា ថា​កំពុង​ជួប​ការ​លំបាក​ដោយ​ខ្វះ​ទំនិញ​ប្រើប្រាស់ ក្រោយពី​ថៃ បិទ​ព្រំដែន ប៉ុន្តែ​សម្ដី​បែប​នេះ គឺ​ប្រៀប​ដូច​ការ​វាយ​ក្បាល​អ្នកដទៃ បែរជា​ត្រូវ​ក្បាល​ខ្លួនឯង​ដូច្នោះ​ដែរ។

លោក​បន្ត​ថា កម្ពុជា​មិន​ដែល​ទៅ​សុំ​ទំនិញ​ថៃ មក​លក់​ក្នុង​ទីផ្សារ​របស់​ខ្លួន​ទេ គឺ​យក​លុយ​ទៅ​ទិញ ដូច្នេះ​អ្នក​ដឹកនាំ​ថៃ កុំ​យល់​ច្រឡំ និង​ប្រមាថ​កម្ពុជា​បន្ត​ទៀត។

លោក​ថា ពិត​មែន​តែ​ពួកគេ​អ្នក​ជា​អ្នកមាន​ជាង​កម្ពុជា តែ​ត្រូវ​ដឹង​ថា ក៏​ដោយសារ​កម្ពុជា​បាន​យក​លុយ​ទៅ​ទិញ​ទំនិញ​ថៃ ដែរ ដែល​ក្នុង​មួយ​ឆ្នាំៗ​មិន​តិច​ជាង ៥​ពាន់​លាន​ដុល្លារ​ទេ ទើប​ធ្វើ​ឱ្យ​ប្រជាជន​ថៃ មាន​ទីផ្សារ​រក​ប្រាក់​ចំណូល​បាន​នោះ។

មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ អំពាវនាវ​ដល់​ប្រជាជន​ថៃ ដែល​ធ្លាប់​លក់​ទំនិញ​មក​កម្ពុជា កុំ​ខឹង​កម្ពុជា ដែល​ជា​អតិថិជន​ដ៏​ធំ​ត្រូវ​បាត់បង់ ព្រោះ​នេះ​មិនមែន​ជា​កំហុស​របស់​កម្ពុជា​នោះ​ទេ។

លោក ហ៊ុន សែន បញ្ជាក់​ថា ចំណែក​ពលរដ្ឋ​ខ្មែរ​វិញ ប្រសិនបើ​ឈឺចាប់​ជាមួយ​ថៃ មិន​ចូលចិត្ត​ថៃ សូម​កុំ​ទិញ​ទំនិញ​ថៃ មក​ប្រើប្រាស់ និង​ឈប់​ប្រើប្រាស់​ប្រាក់​បាត​ថៃ លើ​ដី​ខ្មែរ​តទៅទៀត ដើម្បី​ពង្រឹង​ឯករាជភាព​ខាង​រូបិយវត្ថុ​របស់​ជាតិ​ខ្មែរ ប៉ុន្តែ​កុំ​យក​ព្រះឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ​ថៃ ឬ​រូបថត​មេដឹកនាំ​ថៃ ណា​មួយ មក​ធ្វើ​មិន​គប្បី​ឱ្យ​សោះ។ ជាង​នេះ​ទៀត ក៏​មិន​គួរ​ធ្វើ​សកម្មភាព​ណា​មួយ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ថៃ និង​ប្រជាជន​ថៃ ដែល​កំពុង​រស់នៅ​ធ្វើការ​រកស៊ី​នៅ​កម្ពុជា ផង​ដែរ ព្រោះ​លោក​ជឿ​ថា ប្រជាជន​ថៃ ភាគច្រើន មិន​ចង់​ធ្វើ​សត្រូវ​ជាមួយ​ប្រជាជន​កម្ពុជា នោះ​ទេ ខណៈ​ជនជាតិ​ថៃ ខ្លះ ដែល​យក​រូបលោក​មក​ដាក់​តាំង​សម្រាប់​បាញ់​យក​រង្វាន់​នោះ គឺ​មិនមែន​ជា​ទង្វើ​របស់​មនុស្ស​ទេ ព្រោះ​ជា​ទង្វើ​ដែល​អន់​ជាង​សត្វ​ទៅ​ទៀត។

កាលពី​ថ្ងៃទី​៥ ខែ​តុលា មាន​វីដេអូ​ឃ្លីប​មួយ​ប្រវែង ៣១​វិនាទី ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ចែកចាយ​ព្រោងព្រាត ដែល​ប៉ូលិស​ថៃ បាន​ចូលរួម​បាញ់​រូប​យក​រង្វាន់​ក្នុង​របរ​រកស៊ី​លេង​ល្បែង​ភ្នាល់​មួយ ប៉ុន្តែ​រូប​ដែល​ពួកគេ​ដាក់​តាំង​នោះ គឺ​សុទ្ធតែ​ជា​រូប​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន និង​រូប​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា អ្នកស្រី ម៉ាលី សុជាតា ទាំងអស់។

ទាក់ទិន​នឹង​បញ្ហា​នេះ កាលពី​ថ្ងៃទី​១៨ ខែ​មិថុនា លោក ជា ធីរិទ្ធ អ្នក​នាំពាក្យ​ព្រឹទ្ធសភា និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា គ្មាន​សម័យកាល​ណា​ដែល​ថៃ កោត​ខ្លាច​ញញើត​ខ្មែរ ជាង​សម័យ​តេជោ​ធិបតី​នោះ​ទេ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

Exit mobile version