មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ឱ្យពលរដ្ឋខ្មែរដែលឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃ មកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃ លើដីខ្មែរតទៅទៀត ដើម្បីពង្រឹងឯករាជភាពខាងរូបិយវត្ថុរបស់ជាតិ។
ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៦ តុលា នេះថា នៅពេលខាងមុខ ពលរដ្ឋខ្មែររស់នៅជិតព្រំដែនថៃ អាចនឹងខាតបង់ធ្ងន់ធ្ងរ ដោយសារតែថៃ នឹងប្រើជម្លោះជាមួយខ្មែរភ្ជាប់នឹងរូបិយវត្ថុធ្វើជាចំណុចខ្សោយមកគំរាមកម្ពុជា ដូចជា ករណីអគ្គិសនី អ៊ីនធឺណិត និងប្រេងឥន្ធនៈ ដែលថៃ បានធ្វើកន្លងមក។
មេដឹកនាំបក្សកាន់អំណាចរូបនេះ អះអាងថា ជនជាតិថៃ មួយចំនួន រាប់ទាំងអ្នកដឹកនាំថៃ ខ្លះផង កំពុងវាយតម្លៃខុសពីសេដ្ឋកិច្ចកម្ពុជា ថាកំពុងជួបការលំបាកដោយខ្វះទំនិញប្រើប្រាស់ ក្រោយពីថៃ បិទព្រំដែន ប៉ុន្តែសម្ដីបែបនេះ គឺប្រៀបដូចការវាយក្បាលអ្នកដទៃ បែរជាត្រូវក្បាលខ្លួនឯងដូច្នោះដែរ។
លោកបន្តថា កម្ពុជាមិនដែលទៅសុំទំនិញថៃ មកលក់ក្នុងទីផ្សាររបស់ខ្លួនទេ គឺយកលុយទៅទិញ ដូច្នេះអ្នកដឹកនាំថៃ កុំយល់ច្រឡំ និងប្រមាថកម្ពុជាបន្តទៀត។
លោកថា ពិតមែនតែពួកគេអ្នកជាអ្នកមានជាងកម្ពុជា តែត្រូវដឹងថា ក៏ដោយសារកម្ពុជាបានយកលុយទៅទិញទំនិញថៃ ដែរ ដែលក្នុងមួយឆ្នាំៗមិនតិចជាង ៥ពាន់លានដុល្លារទេ ទើបធ្វើឱ្យប្រជាជនថៃ មានទីផ្សាររកប្រាក់ចំណូលបាននោះ។
មេដឹកនាំបក្សកាន់អំណាចរូបនេះ អំពាវនាវដល់ប្រជាជនថៃ ដែលធ្លាប់លក់ទំនិញមកកម្ពុជា កុំខឹងកម្ពុជា ដែលជាអតិថិជនដ៏ធំត្រូវបាត់បង់ ព្រោះនេះមិនមែនជាកំហុសរបស់កម្ពុជានោះទេ។
លោក ហ៊ុន សែន បញ្ជាក់ថា ចំណែកពលរដ្ឋខ្មែរវិញ ប្រសិនបើឈឺចាប់ជាមួយថៃ មិនចូលចិត្តថៃ សូមកុំទិញទំនិញថៃ មកប្រើប្រាស់ និងឈប់ប្រើប្រាស់ប្រាក់បាតថៃ លើដីខ្មែរតទៅទៀត ដើម្បីពង្រឹងឯករាជភាពខាងរូបិយវត្ថុរបស់ជាតិខ្មែរ ប៉ុន្តែកុំយកព្រះឆាយាល័ក្ខណ៍ព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃ ណាមួយ មកធ្វើមិនគប្បីឱ្យសោះ។ ជាងនេះទៀត ក៏មិនគួរធ្វើសកម្មភាពណាមួយប៉ះពាល់ដល់ក្រុមហ៊ុនថៃ និងប្រជាជនថៃ ដែលកំពុងរស់នៅធ្វើការរកស៊ីនៅកម្ពុជា ផងដែរ ព្រោះលោកជឿថា ប្រជាជនថៃ ភាគច្រើន មិនចង់ធ្វើសត្រូវជាមួយប្រជាជនកម្ពុជា នោះទេ ខណៈជនជាតិថៃ ខ្លះ ដែលយករូបលោកមកដាក់តាំងសម្រាប់បាញ់យករង្វាន់នោះ គឺមិនមែនជាទង្វើរបស់មនុស្សទេ ព្រោះជាទង្វើដែលអន់ជាងសត្វទៅទៀត។
កាលពីថ្ងៃទី៥ ខែតុលា មានវីដេអូឃ្លីបមួយប្រវែង ៣១វិនាទី ត្រូវបានអ្នកលេងបណ្ដាញសង្គមចែកចាយព្រោងព្រាត ដែលប៉ូលិសថៃ បានចូលរួមបាញ់រូបយករង្វាន់ក្នុងរបររកស៊ីលេងល្បែងភ្នាល់មួយ ប៉ុន្តែរូបដែលពួកគេដាក់តាំងនោះ គឺសុទ្ធតែជារូបប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន និងរូបអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា អ្នកស្រី ម៉ាលី សុជាតា ទាំងអស់។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី១៨ ខែមិថុនា លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងគណបក្សប្រជាជនកម្ពុជា បានអះអាងថា គ្មានសម័យកាលណាដែលថៃ កោតខ្លាចញញើតខ្មែរ ជាងសម័យតេជោធិបតីនោះទេ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

