តំណាងរាស្រ្តសហរដ្ឋអាមេរិកសម្តែងក្តីសង្ឃឹមថា សេចក្តីព្រាងច្បាប់ស្តីពីប្រជាធិបតេយ្យនៅកម្ពុជាលេខHR.526នឹងត្រូវបានអនុម័តក្លាយទៅជាច្បាប់ដើម្បីដាក់ទណ្ឌកម្មលើរដ្ឋាភិបាលលោកហ៊ុន សែនដែលបានបំផ្លាញប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា។
ប្រធានអនុគណៈកម្មាធិការកិច្ចការបរទេសទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក និងជាតំណាងរាស្រ្តសហព័ន្ធរបស់អាមេរិកពីខាងគណបក្សសាធារណរដ្ឋលោកTed Yohoបានប្រាប់សារព័ត៌មាន The Cambodia Dailyកាលពីរសៀលថ្ងៃអង្គារថា ច្បាប់លេខHR.526 នឹងត្រូវអនុម័តឲ្យខាងតែបានដើម្បីដាក់ទណ្ឌកម្មជាបុគ្គល និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់រដ្ឋាភិបាលលោកហ៊ុន សែន ដោយសាររដ្ឋាភិបាលមួយនេះបានបំផ្លាញប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងមានការគំរាមកំហែងផ្នែកនយោបាយចាប់តាំងពីការបោះឆ្នោតមុនៗមកម៉្លេះ។
លោកTed Yohoបន្តថា ទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកកំពុងមានភាពល្វីងជូរចត់ដោយសារកម្ពុជាបានរំលោភលទ្ធិប្រជាធិបតេយ្យធ្ងន់ធ្ងរនិងរៀបចំដំណើរការបោះឆ្នោតក្លែងក្លាយដោយផាត់ចេញ គណបក្សសង្គ្រោះជាតិ ហើយចាប់ខ្លួនមេដឹកនាំបក្សនេះដាក់ពន្ធនាគារថែមទៀត ពីព្រោះលោកហ៊ុន សែនខ្លាចគណបក្សប្រឆាំងដ៏ធំមួយនេះអាចដណ្តើមអំណាចពីខ្លួននោះ។
លោកបន្តថា រដ្ឋាភិបាលលោកហ៊ុន សែន បានចំណាយលុយខ្ជះខ្ជាយ ក្នុងការជួលក្រុមអ្នកបញ្ចុះបញ្ចូលដើម្បីស្វែងរកការបន្ធូរបន្ថយសម្ពាធពីសហរដ្ឋអាមេរិកដោយសាររដ្ឋាភិបាលលោកហ៊ុន សែនកំពុងមានការភ័យស្លន់ស្លោរជាខ្លាំង។
សារព័ត៌មានThe Cambodia Dailyបានព្យាយាមសុំប្រតិកម្មពីមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាប៉ុន្តែមិនមានមន្រ្តីណាមួយលើកទូរស័ព្ទនោះឡើយ។ សារព័ត៌មានOpen Secret របស់អាមេរិកកាលពីចុងខែឧសភាកន្លងទៅនេះបានរាយការណ៍ថា រដ្ឋាភិបាលលោកហ៊ុន សែនបានចំណាយលុយជាង៧សែន២ម៉ឺន ដុល្លារសហរដ្ឋអាមេរិកក្នុងការជួលក្រុមហ៊ុន Brownstein Hyatt Farber Schreckដើម្បីទប់ទល់នឹងសម្ពាធអាមេរិករហូតដល់ថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២០។
ប្រភពដដែលឲ្យដឹងទៀតថា កាលពីដើមឆ្នាំ២០១៩កន្លងទៅរដ្ឋាភិបាលលោកហ៊ុន សែនក៏បានជួលក្រុមហ៊ុន PacRimBridgesតម្លៃ៥សែនដុល្លារសហរដ្ឋអាមេរិកដើម្បីជួយទប់ទល់នឹងការដាក់សម្ពាធរបស់អាមេរិកដែរ។
ទោះជាយ៉ាងណាក៏ដោយ លោកTed Yohoអះអាងថា លោកហ៊ុន សែនមិនបាច់ខំចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់ដូច្នេះនោះទេ ប៉ុន្តែលោកហ៊ុន សែនគ្រាន់តែដោះលែងលោកកឹម សុខាស្តារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សទៅ នោះរដ្ឋាភិបាលលោកហ៊ុន សែននឹងរួចផុតពីសម្ពាធរបស់អន្តរជាតិយ៉ាងងាយស្រួល៕