ចាងហ្វាងកាសែតខ្មែរថាមស៍លោកT. Mohan ដែលជាមនុស្សស្និទ្ធនឹងបក្សកាន់អំណាចបានច្រានចោលការចោទប្រកាន់ទាំងឡាយដែលថា លោកបានបៀតបៀនផ្លូវភេទទៅលើអតីតបុគ្គលស្រីជាជនជាតិហ្វីលីពីនម្នាក់។
លោក T. Mohanបានប្រាប់សារព័ត៌មានសំឡេងប្រជាធិបតេយ្យVOD តាមរយៈលិខិតសង្ខេបរបស់ខ្លួននៅថ្ងៃនេះថា លោកមិនបានបំពានឬ បៀតបៀនផ្លូវភេទទៅលើអតីតបុគ្គលិករបស់ខ្លួនដែលជាអ្នកសរសេរអត្ថបទព័ត៌មានជីវិតកម្សាន្ដ និងសង្គមគឺអ្នកស្រី April Reposarនោះឡើយ។ លោកថា ការចោទប្រកាន់ទាំងឡាយមកលើរូបលោកពីសំណាក់អតីតបុគ្គលិករូបនោះ ជារឿងប្រតិដ្ឋឡើងក្នុងគោលបំណងចង់បង្ខូចកិត្តិយសរបស់លោក និងស្ថាប័នកាសែតរបស់ខ្លួនតែប៉ុណ្ណោះ។
ចាងហ្វាងកាសែតខ្មែរថាមស៍រូបនេះថែមទាំងបានបរិហារអំពីចរិតបុគ្គលរបស់អ្នកស្រីApril Reposarជាច្រើនផ្សេងទៀត ប៉ុន្តែលោកមិនបានបង្ហាញភ័ស្តុតាងជាក់លាក់ណាមួយទៅកាន់អ្នកសារព័ត៌មានឱ្យបានលម្អិតទាក់ទងការចោទប្រកាន់របស់អតីតបុគ្គលិករបស់ខ្លួននោះឡើយ។
លោក T. Mohanលើកឡើងទៀតថា អតីតបុគ្គលិករូបនេះតែងតែខ្ចីលុយរបស់លោកជាញឹកញាប់ ប៉ុន្តែនៅរយៈពេលចុងក្រោយលោកមិនព្រមឲ្យខ្ចី ដែលនេះហេតុផលមួយធ្វើឲ្យនាងខឹងសម្បារនឹងលោក។
ទោះបីយ៉ាងណាក្នុងលិខិតចំហមួយកាលពីថ្ងៃទី១៥ខែមិថុនាដែលផ្ញើជូនទៅស្ថានទូតហ្វីលីពីនប្រចាំប្រទេសកម្ពុជា អតីតបុគ្គលិកកាសែតខ្មែរថាមស៍ ដែលជាអ្នកសរសេរអត្ថបទជីវិតកម្សាន្ដនិងសង្គម អ្នកនាងApril Reposarលាតត្រដាងថា ចាងហ្វាងកាសែតខ្មែរថាមស៍ លោកT. Mohanបានបៀតបៀនផ្លូវភេទលើរូបនាងដោយ សន្យាថា គេនឹងផ្តល់លុយចាយប្រចាំខែឲ្យតែនាងយល់ព្រមរួមដំណេកជាមួយថៅកែរូបនេះ។
លិខិតនេះបញ្ជាក់លម្អិតថា កាលពីអំឡុងខែឧសភាកន្លងទៅពោលគឺក្រោយពិធីជប់លៀងបញ្ចប់អាណត្តិអតីតឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាលោកGeorge Edgar ពេលនោះលោកT. Mohanបានបបួលនាងទៅញ៉ាំអាហារពេលល្ងាច ហើយបានសុំនាងរួមដំណេកជាមួយ ដោយសន្យាផ្ដល់ប្រាក់ចំនួន១ពាន់ដុល្លារ ព្រមទាំងផ្គត់ផ្គង់របស់របរផ្សេងៗទៀតដល់នាងប្រចាំខែ។
ប៉ុន្តែអ្នកនាងApril Reposarបានបដិសេធ និងព្យាយាមគេចវេសមិនទទួលយកសំណើលោកT. Mohanហើយចុងក្រោយនាងសម្រេចចិត្តដាក់ពាក្យលាឈប់ពីការងារកាលពីថ្ងៃទី២១ខែឧសភា។
អ្នកនាងApril Reposarរៀបរាប់ទៀតថា ក្រោយមកលោក T-Mohanដឹងរឿងនេះ ហើយបានហាមប្រាមនាងមិនឲ្យនិយាយរឿងនេះឲ្យអ្នកផ្សេងដឹងនោះទេនិងបង្គាប់ឲ្យនាងលុបសារឆ្លើយឆ្លងគ្នាទាំងអស់ចោល ដោយលើកហេតុផលថា ដើម្បីរក្សាកេរ្តិ៍ឈ្មោះស្ថាប័នកាសែតមួយនេះ។
អ្នកនាងបានចាត់ទុកថា ទង្វើរបស់លោកT. Mohanជាទង្វើ«គ្មានវិជ្ជាជីវៈ» និងមិនអាចទទួលយកបាន។ អ្នកនាងApril Reposarឲ្យដឹងផងដែរថា មូលហេតុដែលអ្នកនាងទម្លាយរឿងនេះដោយសារអ្នកនាងបានទៅដល់ប្រទេសហ្វីលីពីនវិញ៕