Wednesday, September 18, 2019
Home Authors Posts by Samoeurth Seavmeng

Samoeurth Seavmeng

2 POSTS 0 COMMENTS

រូបភាព​​​រន្ធត់​​​ៗនៅ​​​លើ​​​កញ្ចប់​​​បារី​​​ភាគ​​​ច្រើន​​​នៅ​​​មិន​​​ទាន់​​​មាន​​​នៅ​​ឡើយ

ប៉ុន្មានថ្ងៃបន្ទាប់ពីច្បាប់បានចូលជាធរមានដោយតម្រូវឲ្យកញ្ចប់បារីទាំងអស់ដែលលក់ក្នុងប្រទេសកម្ពុជាត្រូវបិទរូបភាពស្តីពីផលប៉ះពាល់សុខភាពដោយសារការជក់បារី គឺរូបភាពសួតឡើងខ្មៅ និងក្មេងមានបញ្ហាផ្លូវដង្ហើមនោះ គេឃើញមានកញ្ចប់បារីថ្មីតែបន្តិចបន្តួចប៉ុណ្ណោះនៅក្នុងរាជធានី។ គិតត្រឹមថ្ងៃសុក្រ កញ្ចប់បារីចាស់ៗទាំងអស់ត្រូវមានស្ទីកគ័រ ហើយកញ្ចប់បារីថ្មីទាំងអស់ត្រូវបោះពុម្ពដោយមានរូបភាពដ៏រន្ធត់នៅក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការជក់បារីនៅក្នុងប្រទេសកម្ពុជាដែលពលរដ្ឋប្រមាណ១០.០០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺពាក់ព័ន្ធនឹងថ្នាំជក់។ ក្រុមហ៊ុនថ្នាំជក់ដែលបញ្ចេញលក់ផលិតផលសម្រេចរបស់ខ្លួនរួចហើយត្រូវបានតម្រូវឲ្យផ្តល់ស្ទីកគ័រមានរូបភាពព្រមានពីផលប៉ះពាល់សុខភាពដែលអាចបិទជាប់នឹងកញ្ចប់បារីបាន នេះបើយោងតាមលោកស្រី ឈៀ ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាពនៅ ក្រសួងសុខាភិបាល។ លោកស្រីបានមានប្រសាសន៍ថា "ប៉ុន្តែកញ្ចប់បារីថ្មី ដាច់ខាតត្រូវតែមានរូបភាពព្រមានពីផលប៉ះពាល់សុខភាព។ ពួកគេត្រូវតែធ្វើការផ្លាស់ប្តូរ"។ ក្រុមហ៊ុនថ្នាំជក់ប្រឈមការផាកពិន័យ៤លានរៀលបើមិនបានអនុវត្តតាមលក្ខខណ្ឌតម្រូវឲ្យកញ្ចប់បារីជាង៥០ភាគរយត្រូវមានរូបភាពព្រមានពីផលប៉ះពាល់សុខភាពរីឯអ្នកលក់វិញអាចត្រូវផាកពិន័យ១០.០០០រៀលក្នុងមួយករណី។ លក្ខខណ្ឌតម្រូវនេះត្រូវបានដាក់បញ្ចូលក្នុងអនុក្រឹត្យចុះកាលបរិច្ឆេទកាលពីខែតុលាឆ្នាំ២០១៥ ដែលទុកពេល៩ខែឲ្យក្រុមហ៊ុននីមួយៗរៀបចំកញ្ចប់បារីថ្មីរបស់ខ្លួន។ លោកស្រី ឈៀ ឆដាភា បានលើកឡើងកាលពីម្សិលមិញថា មន្ត្រីរដ្ឋាភិបាលបានចាប់ផ្តើមចុះត្រួតពិនិត្យកញ្ចប់បារីរួចហើយ ហើយមានមួយក្រុមបានចុះបំពេញការងារទូទាំងរាជធានីដើម្បីរកអ្នកមិនគោរពតាមលក្ខខណ្ឌតម្រូវ តាមផ្សារធំៗ និងតាមកន្លែងលក់រាយនានា។ ការសិក្សាស្ទាបស្ទង់មិនផ្លូវការមួយបានរកឃើញថា អ្នកលក់បារីជាច្រើននៅក្នុងរាជធានីភ្នំពេញនៅមិនទាន់ទទួលបានកញ្ចប់បារីថ្មី ឬស្ទីកគ័រដែលសម្រាប់បិទលើកកញ្ចប់បារីចាស់នៅឡើយទេ។ អ្នកស្រី អាង សុខហ៊ាង អាយុ៥៤ឆ្នាំដែលជាម្ចាស់ហាងលក់ទំនិញឡាយ សុខហ៊ាង នៅក្នុងខណ្ឌ៧មករា បាននិយាយកាលពីថ្ងៃច័ន្ទថា "មានតែក្រុមហ៊ុនបារីតែមួយទេដែលប្រាប់ខ្ញុំថា ពួកគេនឹងផ្តល់ស្ទីកគ័រដែលមានរូបភាពព្រមានពីផលប៉ះពាល់សុខភាពដើម្បីបិទលើកញ្ចប់បារីចាស់ប៉ុន្តែខ្ញុំនៅមិនទាន់ទទួលបាននៅឡើយទេ"។ អ្នកស្រីបានបន្ថែមថា "ខ្ញុំមិនទាន់ឃើញកញ្ចប់បារីដែលមានរូបភាពរន្ធត់នៅឡើយទេនៅក្នុងរាជធានីភ្នំពេញ សូម្បីតែមួយកញ្ចប់"។ បុគ្គលិក និងអ្នកគ្រប់គ្រងនៅតាមហាងមានទីតាំងត្រង់កាច់ជ្រុង ហាងលក់ទំនិញផ្សេងៗ និងហាងលក់គ្រឿងទេសជាច្រើនបានលើកឡើងថា មានកញ្ចប់បារីថ្មីតែបន្តិចបន្តួចប៉ុណ្ណោះបានមកដល់។ ក្នុងចំណោមបារីរាប់រយកញ្ចប់ដែលលក់នៅហាងតាមចិញ្ចើមផ្លូវរបស់អ្នកស្រី សោ ហឹម ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានតែកញ្ចប់បារីម៉ាក Mevius...

ក្រសួង​អប់រំ​និង​ក្រុមហ៊ុន​ទូរស័ព្ទ​មិត្តហ្វូន​សន្យាផ្តល់​អីុនធឺណិត​ប្រើប្រាស់​សម្រាប់​សាលា​រៀន​សាធារណៈ​

កាលពីម្សិលមិញ ក្រសួងអប់រំបានប្រកាសអំពីផែនការរយៈពេល៥ឆ្នាំ ជាមួយក្រុមហ៊ុន មិត្តហ្វូនក្នុងការផ្តល់អីុនធឺណិតប្រើប្រាស់ដល់គ្រឹះស្ថានអប់រំសាធារណៈចំនួន៥.០០០កន្លែងទូទាំងប្រទេស។ ប៉ុន្តែ មន្ត្រីក្រសួងម្នាក់ និងក្រុមអ្នកជំនាញបានលើកឡើងថា សាលាជាច្រើនមិនអាចទទួលបានអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះក្នុងពេលឆាប់ៗនេះបានទេ ដោយសារនៅខ្វះសេវាគ្របដណ្តប់ អគ្គិសនី និងសម្ភារប្រើប្រាស់។ អនុស្សរណៈនៃការយោគយល់រវាងក្រសួង និងក្រុមហ៊ុនទូរស័ព្ទនេះផ្តោតគោលដៅលើសាលារៀនសាធារណៈ គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ សាកលវិទ្យាល័យរដ្ឋ និងការិយាល័យរដ្ឋបាលក្រសួង។ លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំបានមានប្រសាសន៍ថា សាលារៀនរាប់ពាន់កន្លែងស្ថិតនៅក្នុងតំបន់ដែលមានការតភ្ជាប់ចរន្តអគ្គិសនី និងទូរគមនាគមន៍នឹងអនុញ្ញាតឲ្យតភ្ជាប់បណ្តាញអីុនធឺណិតបាន។ លោកបានថ្លែងថា "ជាការពិត មានសាលារៀនជាង៥.០០០កន្លែងក្នុងប្រទេសកម្ពុជាដែលអាចតភ្ជាប់ប្រព័ន្ធអីុនធឺណិតបាន ប៉ុន្តែ យើងបានជ្រើសរើសសាលារៀន៣៦០កន្លែងដើម្បីធ្វើមុនគេនៅខែកក្កដានេះ"។ លោកបានបន្ថែមថា សាលារៀនត្រូវបានជ្រើសរើសដែលនឹងទទួលបានអត្ថប្រយោជន៍ពីការចាប់ផ្តើមដំបូងនេះស្ថិតក្នុងរាជធានីភ្នំពេញ និងតំបន់ក្រុងផ្សេងៗទៀត។ លោក សុខ ថា ប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានដែលក្រសួងទើបបង្កើតឡើងថ្មីៗបានមានប្រសាសន៍ថា ដោយសារតែខ្វះខាតកុំព្យូទ័រនៅតាមសាលារៀនជាច្រើននោះ អីុនធឺណិតនឹងប្រើប្រាស់តាមរយៈទូរស័ព្ទស្មាតហ្វូនផ្ទាល់ខ្លួន។ លោកបានមានប្រសាសន៍ថា "បើទោះជាពួកគេមិនមានកុំព្យូទ័រក៏ដោយ ក៏ពួកគេ... អាចប្រើប្រាស់អីុនធឺណិតតាមរយៈទូរស័ព្ទស្មាតហ្វូនរបស់ខ្លួនបានដែរ។ គ្រូនិងសិស្សភាគច្រើនមានទូរស័ព្ទស្មាតហ្វូន មិនថាអ៊ីចឹង?”។ លោកបានបន្ថែមថា សាលាមធ្យមសិក្សាភាគច្រើនយ៉ាងហោចណាស់ក៏មានកុំព្យូទ័រមួយគ្រឿងដែរសម្រាប់បម្រើការរដ្ឋបាល។ យោងតាមលោក Javier Sola ប្រធានកម្មវិធីនៅវិទ្យាស្ថានបើកទូលាយ ជាអង្គការមិនមែនរដ្ឋាភិបាលដែលបង្កើតបច្ចេកវិទ្យាដើម្បីលើកកម្ពស់ការអប់រំបានឲ្យដឹងថា ឧបសគ្គចម្បងបំផុតដែលរាំងស្ទះដល់ការប្រើប្រាស់អីុនធឺណិតនៅតាមសាលារៀន គឺកង្វះអគ្គិសនីហ្នឹងឯង។ លោកបានថ្លែងថា "មួយភាគធំនៃប្រទេសកម្ពុជាមិនមានអគ្គិសនីប្រើប្រាស់ទេ ជាពិសេសនៅតាមសាលាបឋមសិក្សា។ការពង្រីកមិនអាចធ្វើលឿនបានទេ ពីព្រោះអគ្គិសនីនៅតែជាបញ្ហានៅឡើយ"។ ទោះជាយ៉ាងណា ប្រធានកម្មវិធីរូបនេះបានថ្លែងថា ផែនការរបស់ក្រសួងគឺជាជំហានមួយក្នុងទិសដៅត្រូវ។ លោកបានមានប្រសាសន៍ថា "គ្រូបង្រៀនកាន់តែច្រើនឡើងៗមានទូរស័ព្ទស្មាតហ្វូនដែលអាចប្រើប្រាស់អីុនធឺណិតបាន។ ដូច្នេះខ្ញុំគិតថា វានឹងមានអត្ថប្រយោជន៍បំផុតចំពោះប្រព័ន្ធអប់រំទូទៅ" ៕សារុន