38 C
Phnom Penh

កម្ពុជា​ថា​ចិន​ប្រកាស​ជំហរ​ប្រឆាំង​ដាច់ខាត​ចំពោះ​បរទេស​ដែល​ជ្រៀតជ្រែក​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាល​កម្ពុជា ប្រកាស​ថា រដ្ឋាភិបាល​កុម្មុយនីស្ត​ចិន ប្រកាស​ជំហរ​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​នោះ មហា​យក្ស​កុម្មុយនីស្ត​មួយ​នេះ​ក៏​បញ្ជាក់​បន្ថែម​ដែរ​ថា កម្ពុជា​និង​ចិន គឺ​នៅ​ជា​មិត្ត​ដែកថែប​ដែល​តែងតែ​នៅ​ក្បែរ​គ្នា និង​ជួយ​គ្នា​ក្នុង​គ្រា​លំបាក។

សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា-ចិន បាន​ផ្សព្វផ្សាយ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ស្ដីពី​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី ទៅ​កាន់​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា រដ្ឋាភិបាល​ចិន នៅតែ​បន្ត​គាំទ្រ​ចំពោះ​ជម្រើស​របស់​កម្ពុជា​លើ​មាគ៌ា​អភិវឌ្ឍន៍​ដែល​ស្រប​នឹង​លក្ខខណ្ឌ​ជាតិ គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ សន្តិសុខ និង​ផល​ប្រយោជន៍​នៃ​ការ​អភិវឌ្ឍ ព្រមទាំង​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ជ្រៀតជ្រែក​ពី​ផ្នែក​ខាងក្រៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ផង​ដែរ។

សេចក្តី​ប្រកាស​ព័ត៌មាន​ខាងលើ​អះអាង​ថា ក្រោម​ការ​ចង្អុល​បង្ហាញ​ជា​យុទ្ធសាស្ត្រ​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង និង​ថ្នាក់​ដឹកនាំ​របស់​កម្ពុជា ភាគី​ទាំង​ពីរ​នឹង​ខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន ប្រកប​ដោយ​ភាព​ស៊ីជម្រៅ និង​ជាក់ស្តែង ដើម្បី​នាំ​មក​នូវ​ផល​ប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ​ទៅ​ថ្ងៃ​មុខ ក្នុង​នោះ ចិន​នឹង​បញ្ជូន​អ្នក​វិនិយោគ​ឱ្យ​ទៅ​បណ្ដាក់ទុន​នៅ​ប្រទេស​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន​ថែម​ទៀត។

ប្រភព​ដដែល​បញ្ជាក់​ថា ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ក្នុង​ការ​លើកកម្ពស់​ការ​ចូលរួម​កម្រិត​ខ្ពស់ និង​ធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវ​ការ​ផ្លាស់ប្ដូរ​ការងារ​ស្ដីពី​អភិបាលកិច្ច ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ បន្ត​ធ្វើ​សមយុទ្ធ និង​ការ​ហ្វឹកហ្វឺន​រួម​គ្នា និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​នានា​បន្ថែម​ទៀត​ផង​ដែរ។

ការ​ប្រកាស​ជំហរ​របស់​រដ្ឋមន្ត្រី​ការបរទេស​ចិន បែប​នេះ ហាក់​ទំនង​សំដៅ​ទៅ​កាន់​រដ្ឋាភិបាល​កុម្មុយនីស្ត​វៀតណាម នៅ​ក្បែរ​ខាង​កម្ពុជា ដែល​បង្ហាញ​ជំហរ​ជំទាស់​នឹង​ការ​សាងសង់​ព្រែកជីក​ហ្វូណន​នៅ​ពេលនេះ។

វិទ្យាស្ថាន​អភិវឌ្ឍ​ការ​ស្រាវជ្រាវ​បូព៌ា (Oriental Research Development Institute) នៃ​ប្រទេស​វៀតណាម បាន​អះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​ដែល​ជា​គម្រោង​ខ្សែក្រវាត់ និង​ផ្លូវ​របស់​ចិន មិន​ត្រឹមតែ​ជា​គម្រោង​ដែល​បម្រើ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ព្រែកជីក​នេះ​ក៏​មាន​តម្លៃ​ចម្បង​ក្នុង​ការ​បម្រើ​វិស័យ​យោធា​របស់​ចិន​ដែរ។

ប្រភព​ដដែល​បញ្ជាក់​ថា គម្រោង​នេះ​នឹង​បង្ក​ផល​ប៉ះពាល់​ខ្លាំងក្លា​ដល់​ស្ថានភាព​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​នៃ​តំបន់​ទាំងមូល ស្រប​ពេល​ដែល​ចិន​កំពុង​អភិវឌ្ឍ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​នៅ​កម្ពុជា​ស្រាប់។

ជុំវិញ​បញ្ហា​នេះ មេដឹកនាំ​វៀតណាម​ជាច្រើន​នាក់ ដូចជា នាយករដ្ឋមន្ត្រី​វៀតណាម អគ្គលេខាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម និង​ប្រធាន​រដ្ឋ​វៀតណាម ជាដើម ក៏​ធ្លាប់​បាន​លើកឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ចំពោះ​លោក ហ៊ុន ម៉ាណែត ទៅ​កាន់​ប្រទេស​វៀតណាម កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០២៣ កន្លង​ទៅ​ដែរ​ថា ព្រែកជីក​ហ្វូណន​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន អេកូឡូស៊ី និង​ជម្រក​ធម្មជាតិ​សម្រាប់​ជីវចម្រុះ​ក្នុង​ទន្លេមេគង្គ​ទៅ​ថ្ងៃ​មុខ ប៉ុន្តែ​ត្រូវ​លោក ហ៊ុន ម៉ាណែត ច្រានចោល​ទាំងស្រុង។

ទាក់ទិន​នឹង​ទំនាក់ទំនង​កម្ពុជា-ចិន លោក ហ៊ុន សែន ធ្លាប់​លើកឡើង​រឿយៗ​ថា ចិន​បាន​ជួយ​កម្ពុជា​ច្រើន​ណាស់ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្លូវ​គមនាគមន៍ ដូច្នេះ​ទំនាក់ទំនង​កម្ពុជា និង​ចិន គ្មាន​អនុភាព​អាសិរពិស​ណា​អាច​បំបែក​បំបាក់​មិត្តភាព​ដែកថែប​នេះ​បាន​ឡើយ បន្ទាប់ពី​លោក​បាន​ខិតខំ​ប្រឹងប្រែង​ចង​មិត្តភាព​ជាមួយ​ចិន​ជាច្រើន​ឆ្នាំ​កន្លង​មក។

អតីត​អ្នកទោស​នយោបាយ លោក មាជ សុវណ្ណារ៉ា ធ្លាប់​បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily កាលពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​មិន​ត្រូវ​យក​ខ្លួនឯង​ទៅ​ចងភ្ជាប់​នឹង​មហា​អំណាច​មួយ​ណា​ឡើយ ព្រោះ​ថា​បើ​កម្ពុជា​ភ្ជាប់​ខ្លួន​ទៅ​នឹង​មហា​អំណាច​ណា​មួយ​នោះ នឹង​នាំ​ឱ្យ​ខ្លួន​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ប្រកាន់​និន្នាការ​ម្ខាងៗ​ប៉ុណ្ណោះ ដែល​ជា​ហេតុ​នាំ​ឱ្យ​មាន​ភាព​ល្អក់កករ​ជុំវិញ​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់។

លោក មាជ សុវណ្ណារ៉ា លើកឡើង​ថា អ្វី​ដែល​កម្ពុជា​គួរតែ​ប្រកាន់​យក គឺ​ត្រូវ​អនុវត្ត​នយោបាយ​ការទូត​របស់​ខ្លួន​ឱ្យ​ល្អ​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់ ទោះជា​កុម្មុយនីស្ត ឬ​ប្រទេស​លោក​សេរី​ក៏ដោយ ព្រោះ​ថា​មាន​តែ​ការ​ដឹកនាំ​នយោបាយ​បែប​នេះ​ទេ ទើប​ជួយ​ឱ្យ​កម្ពុជា​គេច​ផុត​ពី​នឹម​ត្រួតត្រា​របស់​បរទេស​ជិតខាង និង​រស់នៅ​ដោយ​ឯករាជ្យ ស្មើ​មុខ​ស្មើ​មាត់​នឹង​គេ​នៅ​លើ​ឆាក​អន្តរជាតិ។

អតីត​អ្នកទោស​នយោបាយ​រូប​នេះ បញ្ជាក់​ថា ការ​អះអាង​របស់​ចិន​ជា​បន្តបន្ទាប់​ពី​ការ​ធ្វើ​មិត្ត​ដែកថែប ឬ​មាន​ជោគវាសនា​រួម​គ្នា​ជាមួយ​កម្ពុជា មិនមែន​មាន​ន័យ​ថា ចិន​មិន​សម្លឹង​ឃើញ​ប្រយោជន៍​អ្វី​មួយ​ពី​កម្ពុជា​ទេ ប៉ុន្តែ​សំខាន់​គឺ​នៅ​ត្រង់​ថា កម្ពុជា​ខ្លួនឯង​អាច​កែប្រែ​ពី​ទំនាក់ទំនង​មាន​ភាព​ស្មុគស្មាញ​ដែល​គេ​សង្ស័យ​ថា​បង្កប់​ទៅ​ដោយ​និន្នាការ​បែប​កុម្មុយនីស្ត ទៅ​ជា​ទំនាក់ទំនង​បែប​ការទូត​ដោយ​ស្មោះត្រង់​បាន ឬ​ក៏​អត់​ប៉ុណ្ណោះ។

ក្រុម​អ្នក​សង្កេតការណ៍​លើកឡើង​ថា ៣​ភាគី​រវាង​វង្ស​ត្រកូល​ហ៊ុន វៀតណាម និង​ចិន ពួកគេ​ម្នាក់ៗ​កំពុង​យក​ប្រទេស​កម្ពុជា​ដាក់​លើ​ជ្រញ់​អង្កន់​យក​ផល​ប្រយោជន៍​រៀងៗ​ខ្លួន​ប៉ុណ្ណោះ ក្នុង​នោះ គ្រួសារ​លោក ហ៊ុន សែន គិតគូរ​តែ​ពី​ពង្រឹង​អំណាច ខណៈ​វៀតណាម គិតគូរ​តែ​ពី​ការ​ឈ្លានពាន​ចូល​ទឹកដី​ខ្មែរ ស្រប​ពេល​ដែល​ចិន គិតគូរ​តែ​ពី​ផល​ប្រយោជន៍​នៃ​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់ និង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ដែល​ពួកគេ​ត្រូវការ​កម្ពុជា​ជា​កូនអុក​ទៅ​ថ្ងៃ​មុខ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស