30 C
Phnom Penh

រុស្ស៊ី​ហៅ​ជំនួយ​យោធា​ដ៏​សម្បើម​របស់​អាមេរិក​ឱ្យ​អ៊ុយក្រែន​ថា​បង្កើត​ជា​គំនុំ ខណៈ​ចិន​វាយប្រហារ​ការ​ផ្ដល់​ជំនួយ​យោធា​ឱ្យ​តៃវ៉ាន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ទីបំផុត របប​នៅ​ទីក្រុង​មូស្គូ អស់​សង្ឃឹម​ព្រោះ​តែ​មាន​ទំនុកចិត្ត​ថា​សមាជិក​សភា​មកពី​បក្ស​សាធារណរដ្ឋ​ដែល​លម្អៀង​ទៅ​បេក្ខជន​ប្រធានាធិបតី ដូណាល់ ត្រាំ អាច​រាំង​ខ្ទប់​គម្រោង​ជំនួយ​យោធា​របស់​រដ្ឋការ​លោក ចូ បៃដិន ទៅ​ឱ្យ​អ៊ុយក្រែន តែ​ពេល​នេះ អង្ករ​ក្លាយ​ទៅ​ជា​បាយ​ទៅ​ហើយ ព្រោះ​ទាំង​ព្រឹទ្ធសភា និង​រដ្ឋសភា បាន​អនុម័ត​ជំនួយ​យោធា​ដ៏​មហិមា​ទៅ​ឱ្យ​អ៊ុយក្រែន តាម​សំណើ​សេតវិមាន។

ចំណែក​ទីក្រុង​ប៉េកាំង ក៏​ប្រតិកម្ម​នឹង​សហរដ្ឋ​អាមេរិក​ខ្លាំង​ណាស់​ដែរ ព្រោះ​តែ​បន្ថែម​ជំនួយ​យោធា​ទៅ​ឱ្យ​កោះ​តៃវ៉ាន់ ដែល​ក្រុង​ប៉េកាំង មាន​ផែន​លើក​ទ័ព​លេប​ត្របាក់​ដែន​កោះ​ដ៏​តូច​មួយ​នេះ​ឱ្យ​មក​នៅ​ក្រោម​ដំបូល​រដ្ឋ​កុម្មុយនីស្ត។

កាលពី​ថ្ងៃ​អង្គារ ទី​២៣ មេសា ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក បាន​អនុម័ត​កញ្ចប់​ជំនួយ​យោធា​សរុប ៩៥​ពាន់​លាន​ដុល្លារ​សម្រាប់​សម្ព័ន្ធមិត្ត​របស់​ទីក្រុង​វ៉ាស៊ីនតោន រួម​មាន​ទាំង​អ៊ុយក្រែន ជិត ៦១​ពាន់​លាន​ដុល្លារ អ៊ីស្រាអែល ២៦​ពាន់​លាន​ដុល្លារ និង​កោះ​តៃវ៉ាន់ ជាង ៨​ពាន់​លាន​ដុល្លារ បន្ទាប់ពី​ត្រូវ​បាន​អនុម័ត​ដោយ​សភា​តំណាងរាស្ត្រ​កាលពី​ថ្ងៃទី​២០ ខែ​មេសា។

ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាន​ចេញ​មុខ​សម្ដែង​ការ​អរគុណ​ចំពោះ​ការ​អនុម័ត​កញ្ចប់​ជំនួយ​ដ៏​ធំ​នេះ ដែល​កន្លង​មក​លោក​បាន​លើកឡើង​ថា ប្រសិនបើ​គ្មាន​ជំនួយ​យោធា​ពី​សហរដ្ឋ​អាមេរិក​ទេ គឺ​ប្រទេស​របស់​លោក​នឹង​ចាញ់​សង្គ្រាម​មិន​ខាន។

មុន​ឈាន​ដល់​ការ​អនុម័ត​ដូចនេះ រដ្ឋសភា​សហរដ្ឋ​អាមេរិក​បាន​អូស​បន្លាយ​រាប់​ខែ​ដែល​ធ្វើ​ឱ្យ​ក្រុង​មូស្គូ ដាក់​ក្ដី​សង្ឃឹម​ថា កញ្ចប់​ជំនួយ​យោធា​របស់​សេតវិមាន​នៃ​រដ្ឋការ​លោក ចូ បៃដិន សម្រាប់​អ៊ុយក្រែន អាច​គ្មាន​ដំណើរការ​រស់​ឡើយ។

រឿង​នេះ​រហូត​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀ ពូទីន ដែល​ជា​កំពូល​ជន​ផ្ដាច់ការ​នៅ​លើ​ពិភពលោក បង្ហាញ​ការ​សប្បាយ​ចិត្ត​រួច​ទៅ​ហើយ តែ​ទីបំផុត ក្ដី​សង្ឃឹម​ត្រូវ​រលាយ។ ជាមួយ​នឹង​ការ​ខកចិត្ត​នេះ វិមាន​ក្រឹមឡាំង បាន​បញ្ចេញ​រដ្ឋមន្ត្រី​ការពារ​ជាតិ​របស់​ខ្លួន គឺ​លោក Sergei Shoigu ឱ្យ​ប្រតិកម្ម។

លោក Sergei Shoigu ថ្លែង​ថា ប្រទេស​រុស្ស៊ី នឹង​បង្កើន​ការ​វាយប្រហារ​ទៅ​លើ​មូលដ្ឋាន​ស្តុក​គ្រាប់ និង​សព្វាវុធ​របស់​អ៊ុយក្រែន ដែល​ជា​ឃ្លាំង​អាវុធ​ផ្គត់ផ្គង់​ដោយ​លោក​ខាងលិច និង​សហរដ្ឋ​អាមេរិក។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃទី​២៣ ខែ​មេសា នេះ។

លោក Shoigu និយាយ​ថា រុស្ស៊ី​បាន​លុប​បំបាត់​ចោល​នូវ​អំណាច​ឥទ្ធិពល​អំពី​ឧត្តមភាព​អាវុធ​របស់​លោក​ខាងលិច ដោយ​បាន​អះអាង​ថា កងកម្លាំង​របស់​រុស្ស៊ី បាន​ដណ្តើម​គ្រប់គ្រង​ស្ថានការណ៍​ទូទៅ​នៅ​តាម​បណ្តោយ​សមរភូមិ​ចម្ងាយ ១០០០​គីឡូម៉ែត្រ។

លោក​កត់សម្គាល់​ថា ជំនួយ​យោធា​សម្រាប់​អ៊ុយក្រែន តម្លៃ​សរុប​ជិត ៦១​ពាន់​លាន​ដុល្លារ នឹង​មិន​អាច​ធ្វើ​ឱ្យ​រុស្ស៊ី ថយ​ដៃ​វាយលុក​នោះ​ទេ ហើយ​ក៏​មិន​អាច​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​សង្គ្រាម​នាំ​ឱ្យ​អ៊ុយក្រែន ឈ្នះ​រុស្ស៊ី បាន​ឡើយ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​រុស្ស៊ី Sergei Shoigu ព្រមាន​ថា ជំនួយ​នេះ​នឹង​បង្ក​ឱ្យ​អ៊ុយក្រែន កាន់តែ​ឈឺចាប់ និង​វិនាសកម្ម​ដ៏​ខ្លោចផ្សា។

លោក Shoigu សង្កត់​ធ្ងន់​ថា ដើម្បី​ឆ្លើយតប​នឹង​ការ​គំរាមកំហែង​ដែល​បង្ក​ឡើង​ដោយ​សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត រុស្ស៊ី​នឹង​បន្ត​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមាសភាព និង​រចនាសម្ព័ន្ធ​នៃ​កងកម្លាំង​ប្រដាប់​អាវុធ និង​បង្កើន​ការ​ផលិត​អាវុធ​ដ៏​ទំនើប​បំផុត​ប្រឆាំង​នឹង​អាវុធ​របស់​លោក​ខាងលិច។ លោក​ព្រមាន​ថា រុស្ស៊ី​នឹង​បង្កើន​ការ​វាយប្រហារ​ទៅ​លើ​មជ្ឈមណ្ឌល​ដឹកជញ្ជូន​លោក​ខាងលិច និង​មូលដ្ឋាន​ផ្ទុក​អាវុធ​របស់​ពួកគេ​នៅ​លើ​ទឹកដី​អ៊ុយក្រែន។

ចំណែកឯ​ប្រទេស​ចិន វិញ ចេញ​សារ​ព្រមាន​ថា ការ​គាំទ្រ​ផ្នែក​យោធា​របស់​សហរដ្ឋ​អាមេរិក សម្រាប់​តៃវ៉ាន់ កំពុងតែ​បង្កើន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​ច្រក​សមុទ្រ​តៃវ៉ាន់។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Wang Wenbin បាន​លើកឡើង​ថា ការ​ដែល​សហរដ្ឋ​អាមេរិក និង​តៃវ៉ាន់ ប្រឹងប្រែង​ពង្រឹង​ចំណង​ទាក់ទង​ផ្នែក​យោធា វា​នឹង​មិន​នាំមក​នូវ​សន្តិសុខ​សម្រាប់​តៃវ៉ាន់ ឡើយ ហើយ​វា​មាន​តែ​បង្កើន​ភាព​តានតឹង​នៃ​ជម្លោះ​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ប៉ុណ្ណោះ ដែល​ប្រៀប​ដូចជា​សកម្មភាព​រុញ​ក្រុង​ប៉េកាំង ឱ្យ​ឆាប់​គិត​ពី​ផែនការ​វាយ​កោះ​តៃវ៉ាន់។

ចិន តែងតែ​ប្រាប់​ពិភពលោក​ថា តៃវ៉ាន់​គឺជា​អាណាខេត្ត​មួយ​របស់​ចិន គឺ​គ្មាន​សិទ្ធិ​ជា​រដ្ឋ​អធិបតេយ្យ​បាន​ដាច់ខាត ទោះ​មាន​សហរដ្ឋ​អាមេរិក​កាង​ពីក្រោយ​ក៏ដោយ។

តាម​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន ភាព​ជិតស្និទ្ធ​នៃ​ទំនាក់ទំនង​យោធា មិន​អាច​ជួយ​សង្គ្រោះ​ដែន​កោះ​មួយ​នេះ​បាន​ឡើយ បើ​ក្រុង​ប៉េកាំង សម្រេច​លើក​ទ័ព​វាយ​កាន់កាប់។ តែ​លោក​ទាមទារ​សហរដ្ឋ​អាមេរិក ឱ្យ​ឈប់​បំពាក់​អាវុធ​ឱ្យ​តៃវ៉ាន់ ឈប់​បង្កើត​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។

តែ​បែប​នេះ​ក្ដី អនាគត​មេដឹកនាំ​តៃវ៉ាន់​ថ្មី លោក Lai Ching-te បាន​និយាយ​ថា កញ្ចប់​ជំនួយ​នោះ​នឹង​ពង្រឹង​សមត្ថភាព​ការពារ​ជាតិ​ដែន​កោះ​របស់​លោក ហើយ​ជួយ​ការពារ​សន្តិភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល លោក Israel Katz បាន​អរគុណ​ដល់​ព្រឹទ្ធសភា និង​សមាជិក​សភា​សហរដ្ឋ​អាមេរិក។

លោក Israel Katz បាន​ថ្លែង​ថា ជំនួយ​យោធា​សម្រាប់​អ៊ីស្រាអែល ដែល​ឥឡូវ​នេះ​ទទួល​បាន​ការ​អនុម័ត​ពី​សភា​ទាំង​ពីរ គឺជា​សក្ខីភាព​យ៉ាង​ច្បាស់​ចំពោះ​ភាព​រឹងមាំ​នៃ​សម្ព័ន្ធភាព​នៃ​ប្រទេស​ទាំង​ពីរ សហរដ្ឋ​អាមេរិក-អ៊ីស្រាអែល។ លោក​ក៏​បាន​ផ្ញើ​សារ​ទៅ​កាន់​សត្រូវ​ទាំងអស់​ថា ភាព​រឹងមាំ​របស់​សហរដ្ឋ​អាមេរិក​មក​លើ​អ៊ីស្រាអែល តាមរយៈ​ជំនួយ​យោធា គឺជា​ការ​វាយ​សំពង​ក្រុម​មេដឹកនាំ​ជ្រុល​និយម និង​ផ្ដាច់ការ។

ចំណែក​លោក បៃដិន បាន​ថ្លែង​អរគុណ​សភា​សហរដ្ឋ​អាមេរិក​ទាំង​ពីរ​ថ្នាក់ ជាមួយ​នឹង​ការ​អះអាង​ថា លោក​នឹង​ចុះហត្ថលេខា​លើ​ច្បាប់​ថវិកា​នេះ​ឱ្យ​បាន​លឿន​រហ័ស​បំផុត ដើម្បី​អាច​ចាប់ផ្ដើម​បញ្ជូន​អាវុធ​ឱ្យ​អ៊ុយក្រែន ក្នុង​សប្ដាហ៍​នេះ​តែម្ដង។

លោក​ចាត់ទុក​កញ្ចប់​ជំនួយ​យោធា​សម្រាប់​អ៊ុយក្រែន សម្រាប់​អ៊ីស្រាអែល និង​កោះ​តៃវ៉ាន់ គឺជា​សារ​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​មិន​បាន​សម្រេច​បោះបង់​តួនាទី​ជា​អ្នក​ការពារ​សេរីភាព និង​យុត្តិធម៌​សម្រាប់​ប្រទេស​ទន់ខ្សោយ​ដែល​ត្រូវ​ពួក​ផ្ដាច់ការ​ឈ្លានពាន​នោះ​ទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស