កម្ពុជានឹងដាក់តាំងពិពណ៌រូបសត្វស្លាបក្នុងបុព្វហេតុការពារបរិស្ថាន ធម្មជាតិជាលើកដំបូង

0
120

ពិធីតាំងពិព័រណ៍សត្វស្លាបព្រមទាំងមានកម្មវិធីប្រកួតប្រជែងថតរូបសត្វស្លាបនឹងរៀបចំឡើងចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ មីនា នៅបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ កណ្តាលទីក្រុងភ្នំពេញ។

កម្មវិធីពិព័រណ៍អំពីសត្វស្លាបនៅកម្ពុជាលើកទី១ ធ្វើឡើងក្រោមប្រធានបទដែលមានឈ្មោះថា«សក្ដានុពលទេសចរណ៍ធម្មជាតិ និងសត្វស្លាបនៅកម្ពុជា»។

កម្មវិធីនេះក៏នឹងមានប្រកួតប្រជែងថតរូបសត្វស្លាប ក្នុងគោលបំណងជំរុញឲ្យពលរដ្ឋទូទៅនាំគ្នាស្រឡាញ់សត្វស្លាប ថែរក្សាធនធានធម្មជាតិ និងផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ធម្មជាតិនៅកម្ពុជាដល់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

កម្មវិធីនេះនឹងរៀបចំឡើងដោយអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថានដែលមានកិច្ចសហការជាមួយ អង្គការជីវិតសត្វស្លាបនៅកម្ពុជា អង្គការជីវិតធម្មជាតិនៅកម្ពុជា សមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា មជ្ឈមណ្ឌលសំវាសនាដើម្បីការអភិរក្សសត្វព្រៃ និងបណ្តាសមាគមចិននៅកម្ពុជាផងដែរ។

ពិធីពិព័រណ៍នេះ នឹងមានសត្វស្លាប ព្រមទាំងរូបថតសត្វស្លាបសំខាន់ៗ ប្រមាណ៣០ប្រភេទ ដែលនឹងត្រូវដាក់តាំងបង្ហាញសម្រាប់ទស្សនា៕