34 C
Phnom Penh

សកម្មជន​បរិស្ថាន៖ ការ​អភិវឌ្ឍ​ដោយ​ចាក់​ដី​និង​ថ្ម​លុប​បឹង​ទន្លេ ផ្ដល់​ប្រយោជន៍​តែ​ក្រុម​អ្នក​មាន​លុយ​និង​មាន​អំណាច

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បើ​ទោះបីជា​កន្លងមក ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ធ្លាប់​ព្រមាន​ពី​គ្រោះ​មហន្តរាយ​ដោយសារ​ការ​ចាក់​ដី​លុប​បិទ​ផ្លូវទឹក ការរំលោភ​ច្រាំងទន្លេ អូរ ប្រឡាយ និង​បឹង​ធម្មជាតិ​ក្ដី ប៉ុន្តែ​លិខិត​ព្រមាន​ក្រសួង​នេះ​មិន​មាន​ប្រសិទ្ធភាព​ឡើយ។ ជាក់ស្ដែង​នា​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​ឧកញ៉ា​មួយ​កំពុង​ចាក់​ដី​លុប​ចូល​ទន្លេ និង​បឹង ក្រោយ​ពី​លោក ហ៊ុន សែន ផ្ដល់​សិទ្ធិ​ឱ្យ​អភិវឌ្ឍ។

សកម្មជន​បរិស្ថាន​លើកឡើង​ថា ការ​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ធ្វើ​ការ​អភិវឌ្ឍ​ដោយ​ចាក់​ដី និង​ថ្ម​លុប​ចូល​បឹង​ទន្លេ​នោះ វា​ផ្ដល់​ប្រយោជន៍​តែ​ក្រុម​អ្នក​មាន​លុយ និង​មាន​អំណាច​ប៉ុណ្ណោះ ហើយ​ក៏​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ដល់​ចរន្ត​ទឹកហូរ និង​បរិស្ថាន រួម​ទាំង​ប្រជាពលរដ្ឋ​ផង​ដែរ។

ការ​លើកឡើង​របស់​សកម្មជន​បរិស្ថាន​នេះ គឺ​បន្ទាប់ពី​លោក ហ៊ុន សែន បាន​ជួល​ដី​ចំនួន ៣​កន្លែង​ដែល​មាន​ទំហំ​ជិត ១៦០០​ហិកតារ​ឱ្យ​ទៅ​ក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍ ហើយ​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​កំពុង​ធ្វើ​សកម្មភាព​ចាក់​ខ្សាច់ និង​ថ្ម​ចូល​ទន្លេ ស្ថិតនៅ​ត្រើយ​អរិយក្សត្រ​នៃ​ភូមិសាស្ត្រ​ស្រុក​ល្វាឯម ខេត្ត​កណ្តាល។

មន្ត្រី​គម្រោង​តស៊ូ​មតិ​នៃ​គម្រោង​អ្នក​ការពារ​ព្រៃឈើ នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក សាន់ ម៉ាឡា លើកឡើង​ថា ការ​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ធ្វើ​ការ​អភិវឌ្ឍ​ដោយ​ចាក់​ថ្ម និង​ដី​លុប​បឹង​ទន្លេ​នេះ បាន​ផ្ដល់​ផលប្រយោជន៍​ដល់​តែ​ក្រុម​អ្នក​មាន​លុយ និង​មាន​អំណាច​តែប៉ុណ្ណោះ ក្រៅពី​នេះ គឺ​មិន​បាន​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ឡើយ។

លោក​ថា ការ​អភិវឌ្ឍ​នេះ​ក៏​បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​បរិស្ថាន និង​សង្គម​ជាតិ។ ជាក់ស្ដែង គឺ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ ទីក្រុង​ភ្នំពេញ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ខណៈ​បឹង​ធំៗ​នៅ​រាជធានី​ភ្នំពេញ ត្រូវ​បាន​ចាក់​ដី​លុប​អស់ ហើយ​បច្ចុប្បន្ន រដ្ឋាភិបាល​ក៏​បាន​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ចាក់​ថ្ម​លុប​ចូល​ទន្លេ​បន្ថែម​ទៀត។

សកម្មជន​បរិស្ថាន​ម្នាក់​ទៀត លោក ឆឺយ ឧត្ដមរស្មី ជំរុញ​ឱ្យ​រដ្ឋាភិបាល​សិក្សា​ឱ្យ​បាន​ច្បាស់លាស់​អំពី​ផល​ប៉ះពាល់ ដោយ​ថា​ការ​អភិវឌ្ឍ​ដោយ​ចាក់​ថ្ម និង​ដី​លុប​ចូល​ទន្លេ​នេះ បាន​បង្ក​ផល​ប៉ះពាល់​ចរន្ត​ទឹកហូរ មច្ឆជាតិ និង​ប្រជាពលរដ្ឋ​ខ្លាំង។

លោក​បន្ត​ថា ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ន​រស់នៅ​អាស្រ័យ​លើ​ប្រភព​ទឹក​នៅ​ទន្លេ​ចតុមុខ ប៉ុន្តែ​ប្រសិន​ទន្លេ​នេះ​ត្រូវ​បាន​បង្ហូរ​ទឹក​ស្អុយ​ចូល និង​ចាក់​ដី ឬ​ថ្ម​លុប​ជាបន្តបន្ទាប់​នោះ វា​នឹង​កាន់តែ​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ។

ករណី​នេះ លោក​ថា​ក្រសួង​បរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ គួរតែ​សិក្សា​ឱ្យ​ច្បាស់លាស់​ដើម្បី​ដាក់​សារ​មួយ​ទៅ​លោក ហ៊ុន សែន ឱ្យ​ពិចារណា​ក្នុង​ការ​ផ្ដល់​សិទ្ធិ​ឱ្យ​ក្រុមហ៊ុន ឃុន សៀ ធ្វើ​ការ​អភិវឌ្ឍ​ដោយ​ចាក់​ថ្ម ឬ​ដី​លុប​ចូល​ទន្លេ​បែប​នេះ។

កាលពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២១ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក លឹម គានហោ បាន​ប្រាប់​សារព័ត៌មាន វីអូឌី (VOD) ថា លោក​មាន​ក្តី​បារម្ភ​ចំពោះ​ករណី​ចាក់​ថ្ម​លុប​ចូល​ទន្លេ ប៉ុន្តែ​ករណី​នេះ​លោក​ថា​មិនមែន​ជា​សមត្ថកិច្ច​របស់​លោក​តែ​ម្នាក់​នោះ​ទេ។

កាលពី​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២០ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​ដោយ​សម្រេច​ជួល​ផ្ទៃដី​ទំហំ​ជាង ១១៦១​ហិកតារ ដែល​ជា​ដី​បឹង​វាល​សំណាប ស្ថិតនៅ​ឃុំ​ព្រែកលួង ឃុំ​ព្រែកតាកូវ ឃុំ​ស្វាយជ្រុំ ស្ថិតនៅ​ក្នុង​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល ឱ្យ​ទៅ​ក្រុមហ៊ុន ឃុន សៀ Import Export។

ជាង​នេះ​ទៅទៀត នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២០ លោក ហ៊ុន សែន ក៏​បាន​ចេញ​អនុក្រឹត្យ​មួយ​ទៀត​ដោយ​ជួល​ដី​កោះ​មាស​ជាង ៣៤០​ហិកតារ ស្ថិត​ក្នុង​ស្រុក​ល្វាឯម និង​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ឱ្យ​ទៅ​ក្រុមហ៊ុន ឃុន សៀ Import Export ដើម្បី​អភិវឌ្ឍ​ក្នុង​រយៈពេល ៥០​ឆ្នាំ ខណៈ​ដី ៧០​ហិកតារ​ទៀត ក៏​ត្រូវ​បាន​ជួល​ឱ្យ​ក្រុមហ៊ុន​នេះ​សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​ជា​តំបន់​សេដ្ឋកិច្ច​តាម​ដងទន្លេ​ផង​ដែរ។

ក្រៅពី​បាន​ដី​ចំនួន ៣​កន្លែង​ខាងលើ កាលពី​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០២០ ក្រុមហ៊ុន ឃុន សៀ Import Export របស់​ឧកញ៉ា ឃុន សៀ ក៏​ទទួល​បាន​សិទ្ធិ​បូម​ខ្សាច់​តាម​ដងទន្លេ​ក្រោម ស្ថិតនៅ​ក្នុង​ភូមិ​ចំនួន​២ នៃ​ឃុំ​អរិយក្សត្រ ឃុំ​សារិកាកែវ ឃុំ​ឧកញ៉ាអុង ស្រុក​ល្វាឯម ខេត្ត​កណ្ដាល លើ​ផ្ទៃដី ៩៥,៧៦​ហិកតារ។

ការអនុញ្ញាត​នេះ ដើម្បី​ឱ្យ​ក្រុមហ៊ុន​យក​ខ្សាច់​ទៅ​ចាក់​បំពេញ​តំបន់​អភិវឌ្ឍន៍​លើ​ដី​ដុះ​តាម​ឆ្នេរ​ទន្លេ​មេគង្គ ចាប់ពី​កំពង់ដ​អរិយក្សត្រ ដល់​មណ្ឌល​សុខភាព​ភូមិ​ខ្សាច់ ក្នុង​ភូមិ​ចំនួន​២ នៃ​ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។

ក្រុមហ៊ុន ឃុន សៀ ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​បន្តបន្ទាប់​ពី​រដ្ឋាភិបាល​នេះ ក្រោយ​ពី​ឧកញ៉ា ឃុន សៀ បាន​បរិច្ចាគ​ថវិកា​ចំនួន ២​សែន​ដុល្លារ​ដល់​លោក ហ៊ុន សែន សម្រាប់​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ Covid-19 ខណៈ​ទឹកប្រាក់ ៥០​ម៉ឺន​ដុល្លារ​ទៀត ត្រូវ​បាន​បរិច្ចាគ​ឱ្យ​លោក ហ៊ុន សែន ទិញ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ Covid-19។

ក្រៅពី​បរិច្ចាគ​ចំនួន ៧​សែន​ដុល្លារ​ខាងលើ​ហើយ ឧកញ៉ា ឃុន សៀ ដែល​មាន​ប្រវត្តិ​ក្ដី​ក្ដាំ​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​ពលរដ្ឋ​នៅ​បឹងកក់ និង​ពលរដ្ឋ​ស្ថិតនៅ​ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្តាល គឺ​នៅ​ខែ​មីនា ឆ្នាំ​២០២១ ឧកញ៉ា ឃុន សៀ ក៏​បាន​បរិច្ចាគ​ថវិកា ៥០​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត​ឱ្យ​លោក ហ៊ុន សែន ទិញ​មន្ទីរពេទ្យ «នគរ​ទេព» ផង​ដែរ។

ទាក់ទង​នឹង​ការ​ចាក់​ដី​លុប​បឹង លុប​ទន្លេ​នេះ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក លោក លឹម គានហោ កាលពី​ខែ​ឧសភា ឆ្នាំ​២០២០ បាន​ចេញ​លិខិត​មួយ​ដោយ​ព្រមាន​អំពី​គ្រោះ​មហន្តរាយ​ដោយសារ​ទឹកជំនន់ ក្រោយ​ពី​ក្រសួង​មើលឃើញ​ថា មាន​ការ​ចាក់​ដី​លុប និង​ការ​សាងសង់​បិទ​ផ្លូវទឹក​នានា​ជាបន្តបន្ទាប់។

បញ្ហា​នេះ លោក​ក៏​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​រាជធានី-ខេត្ត​ទាំងអស់​ត្រូវ​ជួយ​ទប់ស្កាត់ ដើម្បី​កុំ​ឱ្យ​មាន​ការ​ចាក់​ដី​លុប​រំលោភ​ចំណី​មាត់​ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក និង​បឹងបួ​បន្ត​ទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស